អាជ្ញាធរខេត្តស្ទឹងត្រែងដាក់វិធានការអប់រំលើក្រុមក្មេ.ង.ទំ.នើ.ង៦នាក់ និងបន្តស្រាវជ្រាវរកទីតាំងកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូ
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ ក្រុមក្មេងទំនើងចំនួន៦នាក់ ដែលមានទីលំនៅក្នុងតំបន់ជនបទនៃខេត្តស្ទឹងត្រែង ត្រូវបានអាជ្ញាធរខេត្តចាត់វិធានការរដ្ឋបាល និងអប់រំ ដោយតម្រូវឱ្យចូលរួមរើសសំរាមនៅតាមទីសាធារណៈ ដើម្បីកែប្រែឥរិយាបថ និងដាស់តឿនឱ្យមានការយល់ដឹងពីផលប៉ះពាល់ដល់សង្គម បន្ទាប់ពីពួកគេត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូឱ្យបញ្ចេញសំឡេងខ្លាំងៗ ។

លោក លី មីណា អភិបាលក្រុងស្ទឹងត្រែង បានឱ្យដឹងថា នៅយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងស្ទឹងត្រែង បានចុះអន្តរាគមន៍ឃាត់ខ្លួនយុវជនទាំង៦នាក់ក្រោយរកឃើញថា ពួកគេបានជិះម៉ូតូជាក្រុម និងបង្កសំឡេងរំខានយ៉ាងខ្លាំងនៅតាមដងផ្លូវក្នុងក្រុង ដែលប៉ះពាល់ដល់ការរស់នៅ និងសេចក្តីសុខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
តាមការបញ្ជាក់របស់លោកអភិបាលក្រុង យុវជនទាំង៦នាក់ខាងលើ មានលំនៅឋាននៅភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។ ក្រោយបញ្ចប់ការអនុវត្តវិធានការរដ្ឋបាល ពួកគេនឹងត្រូវអនុញ្ញាតឱ្យវិលត្រឡប់ទៅកាន់លំនៅឋានវិញ ដោយមានលក្ខខណ្ឌ ត្រូវដោះបំពង់ស៊ីម៉ាំងដែលបានកែច្នៃចេញ និងប្តូរមកប្រើបំពង់ស៊ីម៉ាំងដើមតាមលក្ខណៈបច្ចេកទេសវិញ ព្រមទាំងតម្រូវឱ្យអាណាព្យាបាលមកធានា និងទទួលខុសត្រូវលើការអប់រំកូនៗផងដែរ ។
ជាមួយគ្នានេះ អាជ្ញាធរនឹងបន្តចាត់វិធានការស្រាវជ្រាវ ដើម្បីកំណត់អត្តសញ្ញាណ និងស្វែងរកទីតាំងជាងដែលទទួលកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខាងលើ ដើម្បីចាត់វិធានការតាមនីតិវិធី ។ វិធានការនេះ មានគោលបំណងទប់ស្កាត់ការបង្កសំឡេងរំខាន និងរក្សាសណ្តាប់ធ្នាប់សាធារណៈក្នុងក្រុងស្ទឹងត្រែង ៕

ចែករំលែកព័តមាននេះ