ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ការទូត​កម្ពុជា​៖ ហ្វ្រ​ង់​កូ​ហ្វូ​នីប្រៀប​ដូច​ជា​ទន្លេ​បួន​មុខ ដែល​បាន​ប្រមូលផ្តុំ​ប្រជាជន វប្បធម៌ និង​ទ្វីប​នានា​ឱ្យមក​ជួបជុំ​គ្នា

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ​បាន​បញ្ជាក់​ថា ​ភ្នំពេញ​គឺជា​ទីក្រុង​ប្រសព្វ​មុខទឹកដែល​ជា​កន្លែង​ទន្លេមេគង្គ ទន្លេបាសាក់ និង​ទន្លេសាប ហូរ​មក​ជួប​គ្នា​ ។

ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ​បាន​លើកឡើង​ថា ​ក្នុង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​៤៨នៃអង្គការ​ហ្វ្រ​ង់​កូ​ហ្វូ​នី នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​ថា​ បុព្វបុរស​របស់​យើង​បាន​ដាក់​ឈ្មោះ​ឱ្យ​ទី​នេះ​ថា «​ចតុមុខ» ដែល​មាន​ន័យ​ថា មុខ​ទាំង​បួន ហើយ​បើ​ប្រៀប​ដូច​ជា​ទន្លេ​ទាំងនេះ​ដែរ គឺ​ហ្វ្រ​ង់​កូ​ហ្វូ​នី​បាន​ប្រមូលផ្តុំ​ប្រជាជន វប្ប​ធម៌ និង​ទ្វីប​នានា ឱ្យមក​ជួបជុំ​គ្នា​ជុំវិញ​ភាសា និង​គុណ​តម្លៃ​រួម​តែ​មួយ​ ។ 

ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុ​ខុន បាន​គូសបញ្ជាក់​ថា នេះ​គឺជា​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​សម្រាប់​ប្រទេស​កម្ពុជា ដែល​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​៤៨ នេះ នៅ​មុន​ថ្ងៃ​នៃ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០ បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​នៅ​ទីក្រុង​ហាណូយ ជិត​៣០​ឆ្នាំ​ហើយ ដែល​កិច្ចប្រជុំ​កំពូល​នេះ ​បាន​វិល​ត្រឡប់​មក​កាន់​ទ្វីបអាស៊ី​សា​ជា​ថ្មី​ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី​បាន​រំលេច​ផង​ដែរ​ថា សម្រាប់​ប្រទេស​កម្ពុជា​នេះ​ គឺជា​មោទនភាព​​ដ៏​ធំធេង ហើយ​នេះ​ក៏​ជា​ឱកាស​ដើម្បី​សម្តែង​នូវ​ការ​គោរព​ដឹង​គុ​ណ​ចំពោះ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហ​នុ ព្រះ​មហា​វីរក្សត្រ «​ព្រះ​បរម​រតន​កោដ្ឋ» ដែល​ព្រះ​អង្គ​ គឺជា​បិតា​ស្ថាបនិក​មួយ​រូប​នៃ​អង្គការ​របស់​យើង រួម​ជាមួយនឹង​លោក​ប្រធានាធិបតី Léopold Sédar Senghor លោក Habib Bourg​uiba និង​លោក Hamani Diori​។

ឯកឧត្ដម​ឧបនាយករដ្ឋមន្ដ្រី​បាន​បញ្ជាក់​បន្ថែម​ថា​ «ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​នេះ​នៅ​កម្ពុជា គឺជា​ការ​ផ្តល់​កិត្តិយស​ដល់​ចក្ខុវិស័យ​របស់​ព្រះ​អង្គ និង​ជា​ការ​បន្ត​ការ​ប្តេជ្ញា​ចិត្ត​របស់​ព្រះ​អង្គ​ចំពោះ​ចលនា​ហ្វ្រ​ង់​កូ​ហ្វូ​នី»​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី​បាន​ឆ្លៀត​យក​ឱកាស​នេះ​ ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​បារាំង ចំពោះ​ការ​ដឹកនាំ​ធ្វើ​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​១៩ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង Villers-Cotterêts និង​ទី​ក្រុងប៉ារីស ចំពោះ​លោក​ជំទាវ​អគ្គ​លេខា​ធិ​ការ ក្រុមការងារ​នៃ​អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី (OIF) និង​គណៈប្រតិភូ​ទាំងអស់ ចំពោះ​ការ​រួមចំណែក​ដ៏​មាន​តម្លៃ​ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​នេះ និង​សូម​ថ្លែងអំណរគុណ​ចំពោះ​អស់លោក លោកស្រី​ទាំងអស់​នៅ​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​អស់​រយៈពេល​ជា​ច្រើន​ខែ​មកនេះ ដើម្បី​ទទួល​ស្វាគមន៍​លោក​អ្នក​ក្នុង​លក្ខខណ្ឌ​ដ៏​ល្អ​ប្រសើរ​បំផុត​ ។

ក្នុង​ឱកាស​នោះ ឯកឧត្តម​​ឧបនាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃស្អែក គឺ​នៅ​ថ្ង​ទី​១៥ ខែ​វិ​ចិ្ឆ​កា ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​របស់​យើង នឹង​ជួប​ប្រជុំ​គ្នា​ក្រោម​មូលបទ​មួយ​ដែល​កម្ពុជា​លើក​ឡើង​ប្រកបដោយ​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ គឺ​«​វិនិយោគ​ឡើង​វិញ​លើ​សន្តិភាព ដើម្បី​វិបុលភាព​រួម និង​ស្ថិរភាព​យូរអង្វែង» ៕