ហ៊ានណាស់លោកចោរ! ជិះម៉ូតូចាស់មកលួចម៉ូតូថ្មី ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចម៉ូតូពលរដ្ឋទាំងថ្ងៃបានសម្រេច
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ម៉ូតូស៊េរីទំនើបរបស់ប្រជាពលរដ្ឋមួយគ្រឿង ត្រូវបានជនសង្ស័យធ្វើសកម្ម ភាពលួចយកទៅបានសម្រេច មិនរំខានដល់សមត្ថកិច្ចឡើយ ជិះគេចខ្លួនបាត់ស្រមោលខណៈដែលម្ចាស់ចតទុកមុខផ្ទះនៅក្នុងបុរីមួយកន្លែង ស្ថិតនៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បន្សល់ទុកម៉ូតូស៊េរីចាស់របស់លោកចោរមួយគ្រឿង ។

ហេតុការណ៍ជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋ កើតឡើងកាលពីវេលាម៉ោង២ និង២៨នាទីរសៀលថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅក្នុងបុរីសៀងហុង ក្នុងភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពលួចជិះកិច្ចខ្លួនបាត់ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1LW-8632 ។ មិនទាន់ស្គាល់អត្តសញ្ញាណម្ចាស់ម៉ូតូនៅឡើយនោះទេ ។
បើយោងតាមកាមេរ៉ាសុវត្ថិភាព នៅមុនពេលកើតហេតុ ម្ចាស់ម៉ូតូបានចតម៉ូតូទុកនៅមុខផ្ទះក្នុងបុរីសៀងហុង ហើយម្ចាស់ចូលទៅក្នុងផ្ទះ ។ ស្រាប់តែលោកចោរបានជិះម៉ូតូស៊េរីចាស់ ម៉ាកហុងដាគុបជ្រុងមួយគ្រឿងមកឈប់ ហើយក៏ចុះពីលើម៉ូតូមកអើតមើលក្នុងផ្ទះក្បែរម៉ូតូជនរងគ្រោះ ដោយឃើញឱកាសល្អ ក៏បានធ្វើសកម្មភាពលួចយកម៉ូតូជិះគេចខ្លួនបាត់ទៅ។ បន្សល់ទុកម៉ូតូម៉ាកហុងដាគុបជ្រុងមួយគ្រឿងនៅកន្លែងកើតហេតុ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋលើកឡើងថា ករណីចោរលួចម៉ូតូ និងលួចសម្ភារៈនៅក្នុងទឹកដីស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កើតមានជាញឹកញាប់ខ្លាំងណាស់ ។ មិនដែលឃើញសមត្ថកិច្ចស្រុកសំរោងទងឃាត់ខ្លួនជនសង្ស័យបានឡើយ ។
ជនរងគ្រោះជាម្ចាស់ម៉ូតូ និងប្រជាពលរដ្ឋរស់នៅក្នុងស្រុកសំរោងទងសង្ឃឹមថា សមត្ថកិច្ចស្រុកសំរោងទងខេត្តកំពង់ស្ពឺ ជាពិសេសលោក ឃុត សុផល អធិការនគរបាលស្រុក និងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យដែលធ្វើសកម្មភាពលួចម៉ូតូរបស់ពលរដ្ឋ មានភិនភាគដូចនៅក្នុងកាមេរ៉ាសុវត្ថិភាព ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ។




ចែករំលែកព័តមាននេះ