ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាក្លាយជាច្រកទ្វារតភ្ជាប់ពាណិជ្ជកម្ម និងនវានុវត្តន៍រវាងសហគមន៍ហ្វ្រង់កូហ្វូនី និងអាស៊ាន តាមរយៈវេទិកា FrancoTech 2026

5 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ វេទិ​កា​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​កម្រិត​ខ្ពស់ នៃ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី ដែល​រៀបចំ​ដោយ​ព្រះរាជាណាចក្រ​កម្ពុជា ហ្វ្រ​ង់​កូ​តិច ឆ្នាំ​ ២០២៦ គឺជា​ព្រឹត្តិការណ៍​អម​ដ៏​សំខាន់​បំផុត​ផ្នែក​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​នៃ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី ​២០ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅរាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​ ១៤ នេះដល់​ថ្ងៃ​ទី ​១៦ ខែវិច្ឆិកា ឆ្នាំ ​២០២៦ ​។

តាម​រយៈ​ភាព​ជោគជ័យ​នៃ​ព្រឹត្តិការណ៍​ហ្វ្រ​ង់​កូ​តិច ឆ្នាំ ​២០២៤ នៅ​ប្រទេស​បារាំង ការ​រៀបចំ​ឡើងជា​លើក​ទី​ពីរ​នេះ​នឹង​ប្រមូលផ្ដុំ​រដ្ឋាភិបាល ក្រុមហ៊ុន វិនិយោគិន ធុរកិច្ច​ថ្មី និង​អ្នកដឹកនាំ​ផ្នែក​នវានុវត្តន៍​មក​ពី​ទូ​ទាំង​សហគមន៍​ហ្វ្រ​ង់​កូ​ហ្វូ​នី ដើម្បីជំរុញ​ឱកាស​ធុរកិច្ច ការ​ផ្លាស់​ប្តូរ​បច្ចេកវិទ្យា និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​សេដ្ឋកិច្ច​ឌី​ជី​ថ​លកំ​ពុងរីក​ចម្រើន​យ៉ាងឆាប់រហ័ស និង​ជា​ច្រក​ទ្វារ​ទៅ​កាន់​ទីផ្សារ​ដ៏​មាន​សក្តានុពល​របស់​តំបន់​អាស៊ាន ​។

ក្រោម​មូលបទ «​សហគមន៍​ហ្វ្រ​ង់​កូ​ហ្វូ​នី​តែ​មួយ អនាគត​ឌី​ជី​ថ​ល​តែ​មួយ​» ហ្វ្រ​ង់​កូ​តិច ឆ្នាំ ​២០២៦ ឆ្លុះ​បញ្ចាំង​ពី​ចក្ខុវិស័យ​រួម​គ្នា​ក្នុង​ការ​បង្រួបបង្រួម​សហគមន៍​ហ្វ្រ​ង់​កូ​ហ្វូ​នី តាម​រយៈ​បច្ចេកវិទ្យា និង​កិច្ច​សហប្រតិបត្តិការ​ដែល​ត្រៀម​រួច​ជា​ស្រេច​សម្រាប់​ថ្ងៃ​អនាគត តាម​រយៈ​ការ​ជំរុញ​អធិបតេយ្យភាព​ឌី​ជី​ថ​ល កំណើន​ប្រកបដោយ​បរិ​យា​បន្ន កិច្ច​សហប្រតិបត្តិការ​ដោយ​សន្តិភាព និង​ភាព​ជា​ដៃគូ​ឆ្លង​ប្រទេស​ដែល​មាន​ភាព​វិជ្ជមាន នៅ​ទូ​ទាំង​សហគមន៍​ហ្វ្រ​ង់​កូ​ហ្វូ​នី និង​បណ្តា​ប្រទេស​ដទៃ​ទៀត​ ។

ព្រឹត្តិការណ៍​ហ្វ្រ​ង់​កូ​តិច ​នឹង​បង្កើត​ជា​វេទិកា​ថ្មី​មួយ​សម្រាប់​ត​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នក​ដែល​មាន​សិទ្ធិ​ធ្វើការ​សម្រេចចិត្ត​ស្វែងរក​ឱកាស​វិនិយោគ ​និង​បង្ហាញ​ពី​បច្ចេកវិទ្យា​ក៏​ដូច​ជា​ដំណោះស្រាយ​ដែល​កំពុង​មាន​ភាព​រីក​ចម្រើន​ទៅ​កាន់​សហគមន៍​ហ្វ្រ​ង់​កូ​ហ្វូ​នី ​ព្រមទាំង​កសាង​ភាព​ជា​ដៃគូ​ និង​ពង្រឹង​កេរ្តិ៍ឈ្មោះ​ឱ្យ​កាន់តែ​ទូលំទូលាយ ​។ តាម​រយៈ​ការ​រៀបចំ​ពិព័រណ៍​នវានុវត្តន៍​ឌី​ជី​ថ​ល វេទិកា​វិនិយោគ ការ​ផ្គូរ​ផ្គង​ធុរកិច្ច (B2B Matchmaking) និង​វេទិកា​ពិភាក្សា ព្រឹត្តិការណ៍​នេះ​នឹង​ជំរុញ​ឱ្យ​មាន​កិច្ច​សន្ទនា​ប្រកបដោយ​អត្ថន័យ និង​នាំ​មក​នូវ​លទ្ធផល​ធុរកិច្ច​ពិតប្រាកដ ​។

ចូលរួម​ព្រឹត្តិការណ៍​ហ្វ្រ​ង់​កូ​តិច ឆ្នាំ​ ២០២៦ ដែល​ជា​ពិព័រណ៍​បច្ចេកវិទ្យា​ហ្វ្រ​ង់​កូ​ហ្វូ​នី​ដ៏​ធំ​បំផុត ចាប់ពី​ថ្ងៃ​ទី​ ១៤ ដល់​ថ្ងៃទី ១៦ ខែវិច្ឆិកាឆ្នាំ ២០២៦ នៅ​មជ្ឈមណ្ឌល​សន្និបាត ​និង​ពិព័រណ៍​កោះ​ពេជ្រ​ រាជធានី​ភ្នំពេញ​ ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ជាង ​២០០ ​ក្រុមហ៊ុន​ដែល​នឹងមកតាំងពិព័រណ៍ គណៈប្រតិភូរដ្ឋាភិបាល​មក​ពី ៩០​ប្រទេស អ្នកដឹកនាំ​ផ្នែក​នវានុវត្តន៍​មក​ពី​ជុំវិញ​ពិភពលោក និង​អ្នកចូលរួម​ជាង ៥០០០​នាក់​ ។

ព្រឹត្តិការណ៍​ហ្វ្រ​ង់​កូ​តិច ឆ្នាំ​ ២០២៦ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង ទាញ​យក​អត្ថប្រយោជន៍​ពី​កម្លាំង​រួមនៃ​សហគមន៍ ប្រទេស​និយាយ​ភាសា​បារាំង ដើម្បី​ជំរុញ​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច លើកកម្ពស់​វឌ្ឍនភាព​បច្ចេកវិទ្យា និង​បង្ហាញ​ពី​ឧត្តមភាពសហគ្រិន​ក្នុង​សហគមន៍​ហ្វ្រ​ង់​កូ​ហ្វូ​នី ​។ ស្រប​នឹង​បរិបទ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល សង្គម និង​សេដ្ឋកិច្ច​ស៊ីជម្រៅ ព្រឹត្តិការណ៍​ហ្វ្រ​ង់​កូ​តិច ឆ្នាំ​ ២០២៦ រំលេច​គោលបំណង​គន្លឹះ​ចំនួន​ ៤ ដូច​ខាងក្រោម​ ៖

ការទូត​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា ៖ ប្រែក្លាយ​សន្ទុះ នៃ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី ឱ្យទៅ​ជា​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​ និង​បង្ហាញ​ពី​សក្តានុពល​របស់​កម្ពុជា​ដែល​ជា​តួអង្គ​មួយ​នៅ​ក្នុង​សហគមន៍​ហ្វ្រ​ង់​កូ​ហ្វូ​នី ក្នុង​ការ​បំពេញ​មុខងារ​ជា​មជ្ឈមណ្ឌល​ត​ភ្ជាប់​ពាណិជ្ជកម្ម និង​នវានុវត្តន៍ រវាង​សហគមន៍​ហ្វ្រ​ង់​កូ​ហ្វូ​នី និង​សហគមន៍​អាស៊ាន ​។

ការ​ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស ៖ វត្តមាន​ជា​ពិសេស​នៃ​បណ្តា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ និង​គណៈ​ប្រតិភូជាន់ខ្ពស់​ពី​ ៩០​ប្រទេស​បង្កើត​ជា​ឱកាស​ក្នុង​ការ​ជំរុញ​អាជីវកម្ម​សម្រេចចិត្ត​លើជ​ម្រើ​ស​វិនិយោគ និង​ការ​ចាប់​ដៃគូ​ប្រតិបត្តិការ​ក្នុង​តំបន់​អាស៊ាន​ ។

បរិវត្ត​កម្ម​ឌី​ជី​ថ​ល ៖ បង្ហាញ​អំពី​មូលធន​មនុស្ស និង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ឌី​ជី​ថ​ល ដែល​ជា​មូលដ្ឋាន​នាំ​យក​ផល​ដល់​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​ស៊ីជម្រៅ និង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម ​៤.០ ក្នុង​សហគមន៍​ហ្វ្រ​ង់​កូ​ហ្វូ​នី ​។ ជា​ឧទាហរណ៍ នៅ​កម្ពុជា ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ឌី​ជី​ថ​ល​មួយ​ចំនួន​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់ ជា​អាទិ៍ Verify.gov.kh, ប្រព័ន្ធ​ទូទាត់​ប្រាក់ បាគង (Bakong), ថ្នាលផ្លាស់ប្តូរ​ទិន្នន័យ CamDX, និង Digital ID ជាដើម ​។

អធិបតេយ្យភាព​ឌី​ជី​ថ​ល ៖ ការ​ជំរុញ​អភិបាលកិច្ច​បច្ចេកវិទ្យា​ដែល​ផ្ដោត​លើ​ក្រមសីលធម៌​បរិស្ថាន និង​ភាព​ចម្រុះ នៃ​វប្បធម៌​សម្រាប់​ការ​អភិវឌ្ឍ និង​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សប្ប​និម្មិត​ ។

ការ​រំពឹង​ទុក​អំពី​ព្រឹត្តិការណ៍​ហ្វ្រ​ង់​កូ​តិច ឆ្នាំ ​២០២៦ ៖ ឱកាស​បង្ហាញ​វត្តមាននៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ អម​ជាមួយ​កិច្ចប្រជុំ​កំពូល​នៃ​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង លើក​ទី​ ២០ ដែល​មាន​អ្នកចូលរួម​ជាង ៥០០០​នាក់ និង​ការ​តាំងពិព័រណ៍​បច្ចេកវិទ្យា​ជាង ១១០​ស្តង់ ​។ ​ឱកាស​ចូល​ទៅ​កាន់​ទីផ្សារ​ដ៏​មាន​សក្តានុពល​របស់​ប្រទេស​កម្ពុជា និង​តំបន់​អាស៊ី​អាគ្នេយ៍ តាម​រយៈ​ការ​ជួប​ពិភាក្សា​ជាមួយ ម្ចាស់​សហគ្រាស និង​អាជីវកម្ម​ក្នុងស្រុក​ ។ ​ភ្ជាប់​ទំនាក់ទំនងជាមួយ​ថ្នាក់ដឹកនាំ ធុរកិច្ច​ថ្មី​ឌី​ជី​ថ​ល (Digital Startups) និង​ដៃគូ​ពី​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង តាម​រយៈ​ជំនួប​ធុរកិច្ច (B2B meetings) វេទិកា​អំពី​ការ​វិនិយោគ និង​កម្មវិធី​ជា​ច្រើន​ផ្សេង​ទៀត ​។ ​ចូលរួម​ក្នុង​វេទិកា​ពិភាក្សារយៈពេល​ពីរ​ថ្ងៃ ស្តី​ពី​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ដោយ​មាន​វាគ្មិន​ជំនាញ​ល្បី​ៗ​មក​ពី​បណ្តា​ប្រទេស​នានា​ចែករំលែក​បទ​ពិសោធន៍ និង​ទស្សនវិស័យ​កម្រិត​សកល​ ។

ព្រឹត្តិការណ៍​ហ្វ្រ​ង់​កូ​តិច ឆ្នាំ​ ២០២៦ នឹង​ប្រមូលផ្តុំ​តំណាង​មក​ពី​ប្រទេស​និយាយ​ភាសា​បារាំង​ចំនួន ៩០​ប្រទេស រួម​មាន​ស្ថាប័ន​រដ្ឋាភិបាល ធុរកិច្ច​ថ្មី​ឌី​ជី​ថ​ល (Startups) វិនិយោគិន ក្រុមហ៊ុន​បច្ចេកវិទ្យា និង​ថ្នាក់ដឹកនាំ​ផ្នែក​នវានុវត្តន៍ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ ភាព​ជា​ដៃគូ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ។

រដ្ឋាភិបាល ក្រសួង​ស្ថាប័ន ក្រុមហ៊ុន​បច្ចេកវិទ្យា ធនាគារ ដៃគូ​អភិវឌ្ឍន៍ សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​អប់រំ រួម​ទាំង​អង្គការ​អន្តរជាតិ និង​គណៈប្រតិភូ​មក​ពី​បណ្តា​ប្រទេស​នានា នឹង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​ពិភាក្សា​លើ​ប្រធានបទ​ទាំង ៧ នៃ​ព្រឹត្តិការណ៍​។ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ រួម​មាន​នាយក​ប្រតិបត្តិ (C-level executives) នាយកមន្ត្រី​ទទួល​បន្ទុក​ផ្នែក​នវានុវត្តន៍ និង​អ្នកជំនាញ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​សហគមន៍​នៃ​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង​ ។ សហគ្រិន​វ័យក្មេង​និយាយ​ភាសា​បារាំង និង​ក្រុមហ៊ុន​បង្កើត​ថ្មី (Startups) នៃ​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង ដែល​កំពុង​អនុវត្ត​គម្រោង​នវានុវត្តន៍ ដើម្បី​រួមចំណែក​ជំរុញ​ការ​អភិវឌ្ឍ និង​បង្កើត​សន្ទុះ​ថ្មី​សម្រាប់​សហគមន៍​នៃ​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង ៕