ខេត្តស្វាយរៀង៖ អំណោយសម្តេចតេជោហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដល់គ្រួសារកុមារកំព្រានៅភូមិឫស្សីព្រៃ ឃុំចម្លង ស្រុកស្វាយជ្រំ បានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី១៥ សីហា វេលាម៉ោង៩ព្រឹក តាមរយៈលោកសរ វណ្ណា នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បាននាំអំណោយដ៏ថ្លៃថ្លាជាទឹកប្រាក់ចំនួន៥លានរៀល និងកង់១គ្រឿងទៅឱ្យកុមារកំព្រា៣នាក់ និងជីតាពិការជរា ដែលរស់នៅក្រោមគុម្ពឫស្សី គ្មានផ្ទះសម្បែង រកស៊ីប៉ះកង់ដើម្បីចិញ្ចឹមជីវិត។
លោកសរ វណ្ណា បានមានប្រសាសន៍ថា ដោយបានឃើញតាមទំព័រកាសែតកោះសន្តិភាពចុះផ្សាយ សម្តេចតេជោហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដែលលោកទាំង២តែងមានការសណ្តោសប្រោសប្រណី អាណិតអាសូរបានផ្តល់ថវិកា ចំនួន៥លានរៀល និងកង់១គ្រឿង តាមរយៈលោកជំទាវនាង សេដ្ឋា ជៀង អំ ដើម្បីឧបត្ថម្ភដល់លោកតាម៉ៅ វង្ស អាយុ៦១ឆ្នាំ ជនពិការជើងទាំង២ និងចៅ៣នាក់ ១-ឈ្មោះវង្ស កាណេត អាយុ១៧ឆ្នាំ ជាកម្មករនៅហាងទឹកត្រី ក្រុងស្វាយរៀង ២-ឈ្មោះវង្ស កាណាត អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៣ និង៣-ឈ្មោះវង្ស ឃុន អាយុ៨ឆ្នាំ រៀនថ្នាក់ទី១ ដើម្បីផ្គត់ផ្គង់ជីវភាព ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១២ សីហា តុលាការបានចេញដីកាឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារទៅលើចៅលោកតាវង្ស ឈ្មោះវង្ស កាណេត អាយុ១៧ឆ្នាំ ពីបទលួចកង់គេនៅភូមិក្បាលស្ពាន សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង កាលពីថ្ងៃទី៩ សីហា ២០១១ ។ ការលួចកង់កញ្ចាស់នេះ ដើម្បីជិះទៅមក ហើយត្រូវម្ចាស់កង់ឃើញក៏ប្តឹងសមត្ថកិច្ចប៉ូលិសក្រុងស្វាយរៀង ចាប់បាននៅថ្ងៃទី១០ សីហា វេលាម៉ោង៣និង២០នាទីរសៀល រួចកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តបញ្ជូនទៅសាលាដំបូងខេត្ត ហើយលោកចៅក្រមចេញដីកាឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្ត ។
ដោយសារវង្ស កាណេត ជាកុមារកំព្រា មានជីវភាពក្រីក្រគ្មានកង់ជិះមកធ្វើការ ព្រោះធ្វើដំណើរថ្មើរជើងជាង១០គីឡូម៉ែត្រទាំងព្រឹកទាំងល្ងាច ក៏ដាច់ចិត្តលួចកង់គេដើម្បីជិះមកធ្វើការនិងរកកម្រៃចិញ្ចឹមជីតាពិការជរា និងប្អូនប្រុសទាំង២នាក់ ។ ទទួលដំណឹងជាក់ស្តែងបែបនេះ ទើបមានអន្តរាគមន៍ពីលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សុំឱ្យដោះលែងកុមារាឈ្មោះវង្ស កាណេត ដើម្បីមករកស៊ីចិញ្ចឹមជីតាជរាពិការនិងប្អូនៗ។ តុលាការខេត្តស្វាយរៀងក៏បានដោះលែងកុមារាវង្ស កាណេតវិញ នៅថ្ងៃទី១៤ សីហា ២០១១ វេលាម៉ោង៥ល្ងាច រួចបានឱ្យប៉ូលិសដឹកតាមម៉ូតូជូនមកដល់កន្លែងស្នាក់នៅ ក្រោមដើមឫស្សី បានជួបជុំជីតានិងប្អូនៗ។
លោកតាម៉ៅ វង្សនិងប្អូនៗមានការសប្បាយរីករាយក្រៃលែង ពេលឃើញចៅនិងបងរួចពីពន្ធនាគារនិងបានថ្លែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការសណ្តោសប្រណីរបស់សម្តេចតេជោ និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ព្រោះថា បើគ្មានលោកទាំង២ទេ ចៅប្រុសរបស់គាត់មិនបានរួចទោសទេ ។ លោកតារៀបរាប់ថា សម្តេចតេជោ និងលោកជំទាវពិតជាទេវតារស់មែន។
នៅថ្ងៃទី១៥ សីហា ក្នុងពិធីប្រគល់ថវិកាសម្តេចតេជោ និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ក៏មានការចូលរួមពីលោកអភិបាលរងស្រុក មេឃុំ មេភូមិ ប៉ូលិសប៉ុស្តិ៍ មន្ត្រីកាកបាទក្រហមខេត្ត ព្រមទាំងប្រជាពលរដ្ឋដែលមកអបអរសាទរយ៉ាងច្រើនកុះករ ។
លោកតាម៉ៅ វង្ស ព្រមទាំងចៅៗទាំង៣នាក់មានចិត្តរំភើបរីករាយក្រៃលែងពេលបានទទួលអំណោយដ៏ថ្លៃថ្លា ថវិកា៥លានរៀលសម្រាប់ផ្គត់ផ្គង់ជីវភាពនិងកង់១គ្រឿងសម្រាប់វង្ស កាណេត ជិះទៅធ្វើការ។ លោកតារៀបរាប់ថា ទឹកចិត្តដ៏ថ្លៃថ្លានេះមិនអាចកាត់ថ្លៃបានឡើយ គឺមានតែម្រាមដៃដប់ លើកប្រណម្យសំពះអស់ទេវតាឥន្ទ្រព្រហ្ម និងវត្ថុស័ក្តិសិទ្ធិក្នុងលោកជួយបីបាច់ថែរក្សាសម្តេចតេជោនិងលោកជំទាវ សូមឱ្យមានជន្មាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាវៀងវៃ ដើម្បីជាម្លប់ប្រជាជនក្រីក្រ និងដឹកនាំសង្គមជាតិ ឱ្យមានសុខសន្តិភាព កុំបីអាក់ខានឡើយ ។
សូមបញ្ជាក់ថា ថវិកា៤លានរៀល លោកមេឃុំជួយសម្រួលផ្ញើនៅធនាគារ និងប្រាក់១លានរៀលសម្រាប់ទិញចាន ឆ្នាំង ស្លាបព្រា និងសម្ភារជួួសជុលរកស៊ីប៉ះកង់ ហើយអាជ្ញាធរភូមិ-ឃុំបានផ្តល់ដីទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ សម្រាប់ធ្វើផ្ទះ ។ រដ្ឋអំណាចឃុំក៏បានអំពាវនាវសប្បុរសជននានាមេត្តាជួយឧបត្ថម្ភដើម្បីលោកតាបានកន្លែងស្នាក់នៅ ពីព្រោះខែវស្សានេះភ្លៀងផ្គរគ្មានផ្ទះជ្រកទេ ព្រោះពួកគេរស់នៅក្រោមដើមឫស្សី ។ លោកតាគ្មានសៀវភៅគ្រួសារ ចៅក៏គ្មានអត្តសញ្ញាណប័ណ្ណ ត្រូវលោកស្នងការនគរបាលខេត្តឱ្យប៉ូលិសប៉ុស្តិ៍រដ្ឋបាលជួយសម្រួលធ្វើសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណឱ្យវង្ស កាណេត ដើម្បីងាយស្រួលយកប្រាក់ទៅផ្ញើនៅធនាគារ ។
កោះសន្តិភាពសូមថ្លែងនូវការគោរពចំពោះព្រហ្មវិហារធម៌គ្មានពីរនៃសម្តេចតេជោហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងបានជួយសង្គ្រោះឬផ្តល់កំណើតដល់ប្រជាពលរដ្ឋខ្សត់ខ្សោយតូចទាប ដែលជួបផលលំបាកដូចជាក្មេងប្រុសជំទង់រូបនេះជាដើម ។ ជាមួយគ្នានេះ កោះសន្តិភាពសូមអំពាវនាវដល់សប្បុរសជននៅគ្រប់ទិសទីសូមមេត្តាជួយឧបត្ថម្ភ សម្រាប់ការសាងសង់លំនៅឋានមួយដល់គ្រួសារដែលក្រីក្រតោកយ៉ាកនេះបានរស់នៅផង ដែលសប្បុរសជនអាចយកទៅប្រគល់ដោយផ្ទាល់ឬតាមរយៈកោះសន្តិភាពក៏បានដែរ ៕
ចែករំលែកព័តមាននេះ