កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន៣
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ដោយកិច្ចប្រជុំនឹងអនុម័តលទ្ធផលចំនួន៣ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបទេស ។

ប្រភពបានលើកឡើងថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជា ដោយនេះជាលើកដំបូង ដែលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីត្រូវបានរៀបចំឡើង នៅកម្ពុជា និងជាលើកទីពីរនៅក្នុងទ្វីបអាស៊ី ។ កិច្ចប្រជុំកំពូលនេះ គឺជាការជួបជុំប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់មកពីរដ្ឋ និងរដ្ឋាភិបាលសមាជិកទាំង៩០ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) រួមទាំងស្ថាប័នដៃគូជាច្រើន ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអន្ត រជាតិ ពហុភាគីនិយម ការអភិវឌ្ឍប្រកបដោយ ចីរភាព និងបញ្ហាផ្សេងៗទៀតដែលជាផលប្រយោជន៍រួម។

កិច្ចប្រជុំនេះក៏នឹងផ្តល់ឱកាសដ៏សំខាន់ក្នុងការពង្រឹងចំណងទាក់ទងរវាងសមាជិកនៃអង្គការOIF បញ្ជាក់ជាថ្មីនូវគុណតម្លៃរួមនៃសាមគ្គីភាព ភាពបើកចំហ ការសន្ទនា ភាពចម្រុះនៃវប្បធម៌ និងកិច្ចសហប្រតិបត្តិការ ព្រមទាំងបង្ហាញពីតួនាទីកាន់តែសកម្មរបស់កម្ពុជានៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី ។
ព្រឹត្តិការណ៍អមសំខាន់ៗចំនួនបួន ត្រូវបានរៀបចំឡើងក្នុងអំឡុងពេល ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ រួមមានភូមិហ្វ្រង់កូហ្វូនី (Francophonie Village) ហ្វ្រង់កូតិច (FrancoTech) ជំនួបសហគ្រិន ហ្វ្រង់កូហ្វូនលើកទី៦ និងវដ្តវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនអាស៊ី-ប៉ាស៊ីហ្វិក (CSFAP)។ ព្រឹត្តិការណ៍អមទាំងនេះនឹងផ្តល់ឱកាសយ៉ាងទូលំទូលាយសម្រាប់ការផ្លាស់ប្តូរវប្បធម៌ អប់រំ នវានុវត្តន៍ បណ្តាញទំនាក់ទំនងធុរកិច្ច និងការកសាងភាពជាដៃគូនៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី ។

ជាមួយគ្នានេះក៏នឹងមានជំនួបទ្វេភាគីជាច្រើន និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីមួយចំនួន ផងដែរ ។ កិច្ចប្រជុំកំពូលនេះ នឹងអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួនបី ដែលឆ្លុះបញ្ចាំងពីការបេជ្ញាចិត្ត និងអាទិភាពរួមរបស់សហគមន៍ហ្វ្រង់កូហ្វូនី ដូចជា ៖ ១ .សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដែលលើកពីការប្តេជ្ញា ចិត្តផ្នែកនយោបាយក្នុងការលើកកម្ពស់គោលការណ៍ហ្វ្រង់កូហ្វូនី ស្តីពីសន្តិសហវិជ្ជមាន កិច្ចនជាប្រតិបតិការ ផ្នែកសង្គម វប្បធម៌ និងសេដ្ឋកិច្ច ព្រមទាំងការអភិវឌ្ឍសហគមន៍ហ្វ្រង់កូហ្វូនី។
២ .សេចក្តីសម្រេច សីពីស្ថានភាពវិបត្តិ ការស្តារឡើងវិញក្រោយវិបត្តិ និងការកសាងសន្តិភាពនៅក្នុងតំបន់ហ្វ្រង់កូហ្វូនី និង៣.សេចក្តីអំពាវនាវ ទីក្រុងភ្នំពេញ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌ ។
ព្រះរាជាណាចក្រកម្ពុជារង់ចាំស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូមកពីគ្រប់តំបន់នៃសហគមន៍ ហ្វ្រង់កូហ្វូនី ព្រមទាំងសម្របសម្រួលការសន្ទនាប្រកបដោយស្ថាបនា សំដៅរួមគ្នាបន្តកសាងសន្តិភាព ជំរុញ វិបុលភាពរួម និងលើកកម្ពស់ស្ថិរភាពយូរអង្វែង៕
ចែករំលែកព័តមាននេះ