សម្តេចធិបតី៖ការរៀបចំភូមិហ្វ្រង់កូហ្វូនីនៅចំណ្តាលបេះដូងនៃរាជធានីភ្នំពេញដើម្បីបង្ហាញពីកម្ពុជាជាទីប្រសព្វនៃវប្បធម៌ជូនអន្តរជាតិ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា ការរៀបចំភូមិហ្វ្រង់កូហ្វូនី ស្ថិតនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ នៅជិតតំបន់ចតុមុខ ដែលជាទីប្រសព្វរវាងទន្លេសាប និងទន្លេមេគង្គ ព្រោះតាំងពីដើមរៀងមក រាជធានីភ្នំពេញ តែងតែជាទីកន្លែងនៃការជួបជុំគ្នា ខណៈដែលទឹកទន្លេបានហូរមកប្រសព្វគ្នានៅទីនេះ ហើយប្រជាជនរបស់យើង ក៏បានមកជួបជុំគ្នានៅទីនេះដូចគ្នាដែរ ។

ការថ្លែងបែបនេះ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការ «ភូមិហ្វ្រង់កូហ្វូនី» ស្ថិតនៅលើទីធ្លាសួនច្បារវត្តបទុមវតី ទំហំប្រមាណ១ម៉ឺនម៉ែត្រក្រឡានៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា កម្ពុជា និងហ្វ្រង់កូហ្វូនី មានប្រវត្តិរួមគ្នាយូរលង់ណាស់មកហើយ ។ ប្រទេសកម្ពុជាបានចូលជាសមាជិកសង្កេតការណ៍នៃអង្គការហ្វ្រង់កូហ្វូនីក្នុងឆ្នាំ១៩៩១ មុននឹងក្លាយជាសមាជិកពេញសិទ្ធិក្នុងឆ្នាំ១៩៩៣ ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ភាសាបារាំង គឺជាភាសានៃការចងចាំ ជាភាសាសម្រាប់ការសិក្សា ចំណេះដឹង និងជាភាសាសម្រាប់មិត្តភាព។កម្ពុជាយល់យ៉ាងច្បាស់អំពីតម្លៃនៃសន្តិភាព ។
ពួកយើងដឹងថា សន្តិភាពត្រូវបានកសាងឡើងដោយភាពអត់ធ្មត់ជារៀងរាល់ថ្ងៃ ។ ហេតុដូច្នេះហើយ បានជាមូលបទនៃកិច្ចប្រជុំកំពូលនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតចំពោះពួកយើងគឺ៖«រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ចំណែកឯប្រធានបទនៃភូមិហ្វ្រង់កូហ្វូនីរបស់យើង ក៏បានបង្ហាញពីស្មារតីនេះ ក្រោមពាក្យស្លោក៖ «ស្នាមញញឹមខ្មែរ នឹងក្លាយជាស្នាមញញឹមហ្វ្រង់កូហ្វូនី» ។ នៅកម្ពុជាស្នាមញញឹមមានអត្ថន័យ លើសពីការស្វាគមន៍គ្នាទៅវិញទៅមក ។ ស្នាមញញឹម តំណាងឱ្យភាពកក់ក្ដៅ, សន្តិភាព និងក្តីសង្ឃឹមហើយនាថ្ងៃនេះ ស្នាមញញឹមរបស់យើងខ្ញុំកំពុងរួមបញ្ចូលគ្នាជាមួយស្នាមញញឹមហ្វ្រង់កូហ្វូនីទាំងមូល។

សូមបញ្ជាក់ថា «ភូមិហ្វ្រង់កូហ្វូនី-village de la Francophonie» ជាព្រឹត្តិការណ៍អមដែលតែងតែរៀបចំ ភ្ជាប់ជាមួយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់វប្បធម៌ ទេសចរណ៍ អប់រំ កិច្ចសហប្រតិបត្តិការ ការផ្សាភ្ជាប់រវាងមនុស្ស និងមនុស្ស (People-to-People Connectivity) និងភាពចម្រុះនៃបណ្ដាប្រទេសជាសមាជិកទាំងអស់ ។

ព្រឹត្តិការណ៍នេះ គឺផ្សារភ្ជាប់នឹងក្របខណ្ឌយុទ្ធសាស្ត្រហ្វ្រង់កូហ្វូនី ឆ្នាំ២០២៣–២០៣០ និងក្របខណ្ឌកម្មវិធីអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៤–២០២៧ ដោយផ្តោតលើ«ប្រជាជន» ដោយដាក់បុគ្គល និងសហគមន៍ជាស្នូលនៅចំកណ្តាលសកម្មភាព ព្រមទាំងធានាការចូលរួមងាយស្រួលបរិយាបន្ន និងមានអត្ថន័យ សម្រាប់យុវជន ស្ត្រី និងសាធារណជនទូលំទូលាយ។

សម្រាប់ឆ្នាំ២០២៦នេះ ក្រសួងកិច្ចការនារី និងក្រសួងទេសចរណ៍ ជាសហប្រធានក្នុងការរៀបចំព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូនី» ដែលនឹងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី- Le sourire khmer, le sourire de la Francophonie» ដែលបង្ហាញលើវប្បធម៌ ទេសចរណ៍ ការអប់រំ ៕




ចែករំលែកព័តមាននេះ