ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គ​ប្រតិភូ​ នៃ​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​ បញ្ជាក់​ថា AIMF​ ស្ថិត​នៅ​ខាង​ជន​រង​គ្រោះជា​និច្ច ចំពោះ​សង្គ្រាម​ឈ្លានពាន​របស់​យោធា​ថៃ​ មក​លើ​បូរណៈភាព​ទឹកដី​កម្ពុជា

3 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ ចំពោះ​សង្គ្រាម​ឈ្លានពាន​របស់​យោធា​ថៃ​ មក​លើ​បូរណៈភាព​ទឹកដី​កម្ពុជា លោក Mr.Frederic Vallier អគ្គ​ប្រតិភូ​នៃ​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF) បញ្ជាក់​ថា AIMF ​ស្ថិត​នៅ​ខាង​ជន​រង​គ្រោះជា​និច្ច​។ ក្នុង​នាម​សមាគម AIMF លោក​សូម​ចូលរួម​រំលែក​ការ​លំបាក និង​ការ​សោកស្ដាយ​ចំពោះ​ហេតុការណ៍​ នៃ​សង្គ្រាម​នេះ ​ដែល​បាន​បន្សល់​នូវ​ប្រជាពលរដ្ឋ​កម្ពុជា​ជា​ជនភៀសសឹក​ជា​ច្រើន​គ្រួសារ​។ ទន្ទឹម​នឹង​នេះ លោក​ក៏​បាន​មើលឃើញ​ជាក់ស្តែង​នូវ​សកម្មភាព​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​ដឹក​ជញ្ជូន​សម្ភារ និង​ស្បៀងអាហារ ទៅ​ចែក​ជូន​បងប្អូន​ជនភៀសសឹក​ជា​បន្តបន្ទាប់ ​។

លោក Mr.Frederic Vallier បញ្ជាក់​បែប​នេះ កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា​ ឆ្នាំ២០២៦​នេះ ខណៈ​លោក​ដឹកនាំ​គណៈប្រតិភូ​សមាគម AIMF និង​ដៃគូ​សហការ ចូល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ​។

លោក Mr.Frederic Vallie បន្ត​ថា ​ស្រប​ជាមួយ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី ​លើក​ទី​២០ នៅ​កម្ពុ​ជានា​ពេល​នេះ សមាគម AIMF នឹង​រៀបចំ​កម្មវិធី​អម​មួយ​ចំនួន​ ដោយ​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ រួម​មាន​៖ ការ​រៀបចំ​ស​ន្និ​សិទ្ធ​កម្រិត​អភិបាល និង​តំណាង​រដ្ឋបាល​មូលដ្ឋាន ស្តី​ពី “​ទំនាក់ទំនង​ការទូត​ទីក្រុង ដើម្បី​សន្តិភាព និង​ការ​អភិវឌ្ឍ​មូលដ្ឋាន​” ដែល​ជាស​ន្និ​សិទ្ធ​ថ្នាក់​តំបន់​របស់​សមាគម AIMF និង​បាន​សមាជិក​ចូលរួម​ពី​បណ្តា​ទីក្រុង​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សាធារណរដ្ឋ​ប្រជាមានិត​ឡាវ រដ្ឋបាល​ខេត្តកំពង់ធំ បាត់ដំបង សៀមរាប កំពត និង​ខេត្ត​ព្រះ​សីហ​នុ ព្រមទាំង​អង្គការ​សមាគម​ដៃគូ​មួយ​ចំនួន​ទៀត​។ ក្រៅពី​នេះ ក៏​នូវ​មានកម្ម​វិធី​សម្ពោធ​ពិ​ព័រ​ណ៌​សមិទ្ធិ​ផល “​សកម្មភាព​ហ្វ្រ​ង់​កូ​ហ្វូ​នី​នៅ​ថ្នាក់​មូលដ្ឋាន​” នៅ​មជ្ឈមណ្ឌល​ទីក្រុង​ឆ្លាត​វៃ​រាជធានី​ភ្នំពេញ​ខាងលើ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ​ ។

លោក​បាន​សម្តែង​ នូវ​ការ​ថ្លែងអំណរគុណ​ជូន​ចំពោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ដែល​បាន​ចូលរួម​សហការ​ក្នុង​ការ​រៀបចំ​ព្រឹ​ត្ត​ការណ៍​អម​នេះ ព្រមទាំង​ទទួល​ស្វាគមន៍​គណៈប្រតិភូ និង​ក្រុមការងា​របស់​សមាគម​យ៉ាង​រាក់ទាក់ និង​កក់ក្តៅ​នា​ពេល​នេះ ហើយ​នៅ​ខែ​ក្រោយ​នេះ សមាគម AIMF នឹង​រៀបចំ​មហាសន្និបាត​លើក​ទី​៤៦ និង​កិច្ចប្រជុំ​ការិយាល័យ​អចិន្ត្រៃយ៍​លើក​ទី១០៨ នៅ​ទីក្រុង​កា​សា​ប្លង់​កា ប្រទេស​ម៉ា​រ៉ុ​ក ដែល​នៅ​ទីនោះ​សមាគម AIMF នឹង​ឧទ្ទេសនាម​លោក​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ជា​បេក្ខភាព​អនុប្រធាន​សមាគម AIMF បន្ត​ទៀត ហើយ​រូប​លោក​ផ្ទាល់​នឹង​រង់ចាំ​ស្វាគមន៍​លោក ឃួ​ង ស្រេង រួម​ទាំង​គណៈប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​នៅ​ទីនោះ​ផង​ដែរ ​។

ជា​កិច្ច​ឆ្លើយ​តប លោក ឃួ​ង ស្រេង បាន​លើក​ឡើង​ថា​៖ ពាក់ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​របស់​យោធា​យោធា​ថៃ​ មក​លើ​បូរណភាព​ទឹកដី​កម្ពុជា មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ក្លាយជា​ជនភៀសសឹក​រាប់​ម៉ឺន​គ្រួសារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​បំផ្លិចបំផ្លាញ​តួ​ប្រាសាទបុរាណ​របស់​ខ្មែរ​ជា​ច្រើន​ថែម​ទៀត​ដូច​ជា​៖ ប្រាសាទតាមាន់តូច តា​មាន់​ធំ តា​ក្របី និង​ប្រាសាទព្រះវិហារ​ជាដើម​។ ប្រាសាទ​ទាំងនេះ ជា​បេតិកភណ្ឌ​មនុស្សជាតិ​របស់​ពិភពលោក​ ។

លោក​អភិបាល​ បាន​បន្ត​ទៀត​ថា ​ការ​បំផ្លិចបំផ្លាញ ទាំងនោះ​មិន​ត្រឹមតែ​បង្កើត​ការ​ឈឺចាប់​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ជា​ការ​ឈឺចាប់​សម្រាប់​ប្រជាពលរដ្ឋ​លើ​ពិភពលោក ដែល​មក​ដល់​ស​វត្សរ៍​ទី​២១ ទៅ​ហើយ មិន​គួរ​ណា​មាន​ប្រទេស​មួយ មក​រំលោភ​បំពាន​ឈ្លានពាន​ប្រទេស​មួយទៀត រហូត​បំផ្លិចបំផ្លាញ​បេតិកភណ្ឌ​ពិភពលោក​បែប​នេះ​ទៀត​នោះ​ទេ​។ ជុំវិញ​នឹង​ការ​រំលោភ​បំពាន​ពី​ទាហាន​ថៃ​នេះ រាជរដ្ឋាភិបាល​ក៏​បាន​អំពាវនាវ​ឱ្យ​អន្តរជាតិ​ជួយ​កម្ពុជា​ផង​ដែរ ក្នុង​នោះ​ក៏​មាន​ប្រទេស​បារាំង ពិសេស​គឺ​ប្រធានាធិបតី​បារាំង​ ក៏​បាន​យល់ព្រម​ប្រគល់​ផែនទី ជូន​ប្រទេស​កម្ពុជា ដើម្បី​យក​មក​ប្រើប្រាស់​ក្នុង​កិច្ចការ​យុត្តាធិការ​តវ៉ា​នេះ​ ។

ពាក់ព័ន្ធ​នឹង​ការ​ស្នើ​បេក្ខភាព​របស់​លោក​ឱ្យ​បន្ត​ជា​អនុប្រធាន​សមាគម AIMF លោក​អភិបាល​រាជធានី​ភ្នំពេញ​ បាន​ឯកភាព​យល់ព្រម​ទទួល ដោយ​លោក​គ្រោង​នឹង​ដឹកនាំ​គណៈប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ទៅ​បំពេញ​ទស្សនកិច្ច និង​ចូលរួម​មហាសន្និបាត​របស់​សមាគម​AIMF នៅ​ប្រទេស​ម៉ា​រ៉ុ​ក​នៅ​ដើមខែ​ក្រោយ​នេះ​។ ភ្ជាប់​ជាមួយ​គ្នា​នេះ​ដែរ លោក​អភិបាល​ក៏​បាន​សម្តែង​នូវ​អំណរ​គុណ​ដល់​សមាគម​ដែល​តែងតែ​ផ្តល់​កិច្ច​សហប្រតិបត្តិការ​ល្អ និង​ជួយ​ជ្រោមជ្រែង​ដល់​ដំណើរការ​អភិវឌ្ឍ​របស់​រាជធានី​ភ្នំពេញ​ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ព្រមទាំង​បេ្ត​ជ្ញា​បន្ត​សហការ និង​ធ្វើការ​រួម​គ្នា​ជាមួយ​សមា​គ​មួយ​នេះ​ក្នុង​ការ​អនុវត្ត​គម្រោង​នានា​ឱ្យ​កាន់​ល្អ​ប្រសើរ​ថែម​ទៀត​ក្នុង​ពេល​អនាគត​ ៕