ចាប់បានហើយ! មុខសញ្ញាលួចគា.ស់កុងទ័រទឹក អស់ច្រើនគ្រឿង នៅក្រុងតាខ្មៅ យកទៅលក់ឱ្យអេតចាយ
- កណ្តាល
ខេត្តកណ្តាល ៖ ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានបង្ក្រាប នឹងឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាលួចម្នាក់ ក្នុងករណី លួចសកម្ម (នាឡិកាវាស់គីឡូទឹក) និងប្រើប្រាស់នូវសារធាតុញៀន។
ជនសង្ស័យមានឈ្មោះ ង៉ា ប៊ុនស៊ុយ ភេទប្រុស អាយុ៣៧ ឆ្នាំ ស្នាក់នៅភូមិកាកាប សង្កាត់ពោធិ៍ចិនតុង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានមុខរបរ មិនពិតប្រាកដ។
វត្ថុតាងចាប់យករួមមាន ៖
១-នាឡិកាវាស់គីឡូទឹកចំនួន០៦គ្រឿង (របស់ជនរងគ្រោះ)។
២-ដង្កាប់ដែកចំនួន០៣ (របស់ជនសង្ស័យ)។
៣-កន្ត្រៃសម្រាប់កាត់និងឆូតខ្សែភ្លើង០១(របស់ជនសង្ស័យ)។
៤-សោសម្រាប់មួលប៊ូឡុងទឹក០១(របស់ជនសង្ស័យ)។
៥-វ៉ានសម្រាប់បិទទឹកចំនួន០៣(របស់ជនសង្ស័យ)។
៦-កន្ត្រៃកាត់ទុយោទឹកចំនួន២(របស់ជនសង្ស័យ)។
៧-ម៉ូតូ០១គ្រឿងម៉ាកHONDA C125 ពណ៌ខ្មៅ ០១គ្រឿង ផ្លាកលេខ 1JT-៥០៧៦ (របស់ជនសង្ស័យ)។
៨-ទូរស័ព្ទដៃ០១គ្រឿង ម៉ាកOPPO ០១គ្រឿង(របស់ជនសង្ស័យ)។
៩-កេសស្នោរសម្រាប់ដាក់សម្ភារៈ ០១(របស់ជនសង្ស័យ)។
១០-មួកការពារសុវត្ថិភាពពណ៌ខ្មៅ០១ (របស់ជនសង្ស័យ)។
និងសម្ភារៈបាត់បង់មួយចំនួនទៀត ដូចជា ៖
នាឡិកាសម្រាប់វាស់គីឡូទឹកចំនួនប្រហែលជាង៥០ គ្រឿង(យកបានមកវិញចំនួន០៦គ្រឿង)។
ទាក់ទិននឹងការឃាត់ខ្លួនមុខសញ្ញាលួចខាងលើនេះ សមត្តកិច្ចបានបញ្ជាក់ថា ៖ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ម៉ោង០៣ និង០៧ នាទី ចំណុចតាមបណ្តោយផ្លូវ២១A ភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានករណីចោរលួចគាស់យកនាឡិការវាស់គីឡូទឹក របស់ប្រជាពលរដ្ឋ និងលួចញឹកញាប់។
ក្រោយពីទទួលបានព័ត៌មាននោះ លោកអធិការនគរបាលក្រុងតាខ្មៅ បានដាក់បទបញ្ជាឱ្យកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលសិត្បូយាមពួនស្ទាក់នៅចំណុចស្តុបសិត្បូ ក្រុងតាខ្មៅ ចាប់ពីម៉ោង១២និង០០នាទីយប់ ដល់ម៉ោង០៤ និង០០នាទីទៀបភ្លឺ ជារៀងរាល់យប់។
លុះដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង០៣ និង០៧ នាទី ក៏មានជនសង្ស័យម្នាក់ឈ្មោះ ង៉ា ប៊ុនស៊ុយ ភេទប្រុស អាយុ ៣៧ឆ្នាំ បានជិះម៉ូតូ០១គ្រឿង ម៉ាកHONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1JT-5076 មានដឹកកេសស្នោរ០១ ពីក្រោយ ឃើញដូចច្នេះកម្លាំងប៉ុស្តិ៍សិត្បូ មានការសង្ស័យបានហៅជនសង្ស័យឲ្យឈប់ភ្លាមនោះជនសង្ស័យបម្រុងជិះរត់ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួមទាំងវត្ថុតាង នឹងបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព លួចកាត់នាឡិកាវាស់គីឡូទឹករបស់ជនររងគ្រោះសរុបទាំងអស់ប្រហែលជាង៥០ គ្រឿង ហើយបានយកនាឡិកាវាស់គីឡូទឹកនោះ ទៅដោះបំបែកចេញពីគ្នារួចយកទៅលក់ឲ្យអ្នកដើរទិញអេតចាយតាមផ្លូវនៅខណ្ឌមានជ័យ បាន០១គីឡូតម្លៃ១ ម៉ឺនរៀល ប្រាកដមែន។
បន្ទាប់ពីមានចម្លើយសារភាព និងចាប់យកវត្ថុតាងជាក់ស្តែង សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តកណ្តាលតាមនីតិវិធី៕




ចែករំលែកព័តមាននេះ