ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រយ័ត្ន! ត្រឹមតែ១០ថ្ងៃដំបូងនៃខែវិច្ឆិកា គ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិតមនុស្ស៥០នាក់ និងរបួស១២៦នាក់

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សូម​គោរព​ច្បាប់​ចរាចរណ៍ និង​បើកបរ​ប្រុង​ប្រយ័ត្ន​ជា​និច្ច ព្រោះថា គ្រាន់តែ​ក្នុង​រយៈពេល​១០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៦ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​ទូ​ទាំង​ប្រទេស​បាន​បន្ត​កើតឡើង​ចំនួន​៧៥​ករណី បណ្តាល​ឱ្យ​បាត់បង់​ជីវិត​មនុស្ស​៥០​នាក់ និង​បង្ក​ឱ្យ​មាន​អ្នក​រង​របួសធ្ងន់ និង​ស្រាល​ចំនួន​១២៦​នាក់ ។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួងមហាផ្ទៃ ។

របាយការណ៍​ឱ្យ​ដឹង​ទៀត​ថា គ្រោះថ្នាក់​ភាគច្រើន​បាន​កើតឡើង​នៅ​ចន្លោះ​ពេល​យប់ ដោយ​មាន​រហូត​ដល់​៤០ លើ​៧៥​ករណី ខណៈ​មូលហេតុ​ចម្បង រួម​មានការ​បើកបរ​លើស​ល្បឿន​កំណត់​ចំនួន​៤០​ករណី មិន​គោរព​សិទ្ធិ​ចំនួន​៩​ករណី ស្រវឹង​៨​ករណី មិន​ប្រកាន់​ស្ដាំ ៨​ករណី ប្រជែង​ចំនួន​៦​ករណី បត់​មិន​ប្រយ័ត្ន​៣​ករណី និង​មិន​គោរព​សញ្ញា​ចរាចរណ៍ ១​ករណី ។

ប្រភព​ថា គ្រោះថ្នាក់​ទាំងនេះ​បាន​កើតឡើង​នៅ​ក្នុង​មូលដ្ឋាន រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពត ព្រះ​សីហ​នុ កំពង់ឆ្នាំង កោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយ​មាន​ជ័យ ឧត្តរមានជ័យ សៀមរាប ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និង​ខេត្តស្វាយរៀង ។

សូម​ជម្រាប​ថា កាលពី​ខែតុលា មាន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​ទូ​ទាំង​ប្រទេស បាន​កើតឡើង​ចំនួន ២១៩​ករណី បណ្តាល​ឱ្យ​បាត់បង់​ជីវិត​មនុស្ស​ចំនួន​១៤៧​នាក់ និង​បង្ក​ឱ្យ​មាន​អ្នក​រង​របួសធ្ងន់ និង​ស្រាល​ចំនួន​៣៨៣​នាក់​៕