ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ការងារ​៖ ​សន្និសីទ​ថ្នាក់​ជាតិ នឹងជាគន្លឹះសម្រាប់​ពង្រឹង​ជំនាញ និង​តម្រង់​ទិស​ដៅ​យុទ្ធសាស្ត្រ​ កសាង​ទីផ្សារ​ការងារ​កម្ពុជា​ ប្រកបដោយ​ភាព​ធន់ និង​បរិ​យា​បន្ន

31 នាទី មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ជា​អធិបតី ​ក្នុង​ពិធី​បិទ​សន្និសីទ​ថ្នាក់​ជាតិ ​ស្តី​ពី​សេដ្ឋកិច្ច​ការងារ ឆ្នាំ​២០២៦ ក្រោម​ប្រធានបទ “​បរិវត្ត​កម្ម​ទីផ្សារ​ការងារ និង​អន្តរកាល​សេដ្ឋកិច្ច​កម្ពុជា ​ក្នុង​បរិបទ​អាស៊ាន​៖ ជំនាញ បច្ចេកវិទ្យា និង​ភាព​ធន់ ក្នុង​ស្ថានភាព​មិន​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​សកល​” នា​រសៀល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​សណ្ឋាគារ Shangri-La ​។ លទ្ធផល​នៃ​សន្និសីទ​នេះ​ដើរតួ​នាទី​យ៉ាង​សំខាន់​ នៅ​ក្នុង​ការ​ផ្តល់​ជា​ធាតុ​ចូល និង​ជា​មូលដ្ឋាន​ ក្នុង​ការ​រៀបចំ​ផែនការ​សកម្មភាព ក៏​ដូច​ជា​ជំរុញ​ការ​អនុវត្ត​ឱ្យ​កាន់តែ​ប្រសើរ​ នៃ​ឯកសារ​គោលនយោបាយ​ជាតិ​ស្តី​ពីមុខ​របរ​និង​ការងារ​ឆ្នាំ​២០២៦-២០៣៥ និង​គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ ឆ្នាំ​២០២៦-២០៣៥ នា​ពេល​ខាង​មុខ ​។

ថ្លែង​ទៅ​កាន់​អង្គ​សន្និសីទ ​ដែល​មានការ​អញ្ជើញ​ចូលរួម ​ពី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ តំណាង​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា អង្គការ ILO ដៃគូ​អភិវឌ្ឍន៍ តំណាង​និយោជក កម្មករនិយោជិត និង​ភ្ញៀវ​កិត្តិយស​ជាតិ​-​អន្តរជាតិ​ប្រមាណ ​៣០០​នាក់ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គណៈកម្មការ​រៀបចំ​សន្និសីទ ដៃគូ​សហការ ដែល​បាន​ចូលរួម​ឧបត្ថម្ភ​គាំទ្រ ក៏​ដូច​ជា​កិច្ច​ខិតខំ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង ​ប្រកបដោយ​ភាព​រលូន និង​ជោគជ័យ​គួរ​ជាទី​មោ​ទ​នៈ ​។

តាម​រយៈ​លទ្ធផល​នៃ​កិច្ច​ពិភាក្សា ​លើ​ប្រធានបទ​សំខាន់​ៗ​ចំនួន​ ៦ ​ក្នុង​រយៈពេល ​២​ថ្ងៃ ​មកនេះ ឯកឧត្តម​បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​លើ​ភាព​ប្រទាក់ក្រឡា​ នៃ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​ទីផ្សារ​ការងារ​, ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន និង​បរិវត្ត​កម្ម​ធី​វេ​ត​, បញ្ញា​សិប្បនិម្មិត​(AI) និង​អនាគត​នៃ​ការងារ​។ ឯកឧត្តម​បាន​គូសបញ្ជាក់​ថា AI ជា​បរិវត្ត​កម្ម​បច្ចេកវិទ្យា​ថ្មី ដែល​នឹង​ផ្តល់​ឱកាស​ កាន់តែ​ច្រើន​ដល់​អ្នកចេះ​ប្រើប្រាស់ ​ក្នុង​ការ​បំប្លែង​គំនិត​ទៅ​ជា​នវានុវត្តន៍ និង​ការ​បំពេញការងារ​កាន់តែ​មាន​ផលិតភាព និង​ប្រសិទ្ធភាព​ ។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​ក៏​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បន្ត​ជំរុញ​ ការ​សិក្សា​ស្រាវជ្រាវ ការ​អភិវឌ្ឍ និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ទីផ្សារ​ការងារ​ឱ្យ​កាន់តែ​ទូលំទូលាយ និង​ចំ​គោលដៅ ដោយ​ឈរ​លើ​គោលដៅ​ចម្បង គឺ​ការ​លើកកម្ពស់​លទ្ធផល​ទីផ្សារ​ការងារ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ប្រកបដោយ​បរិ​យា​បន្ន និង​ភាព​ធន់ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ឱកាស​ការងារ​ល្អ ផលិតភាព​ខ្ពស់ និង​លើកកម្ពស់​ជីវភាព​កាន់តែ​ប្រសើរ ​។

ដើម្បី​បំប្លែង​លទ្ធផល​សន្និសីទ​នេះ ​ឱ្យទៅ​ជា​ធាតុ​ចូល​ដ៏​សំខាន់​ក្នុង​ការ​រៀបចំ និង​អនុវត្ត​គោលនយោបាយ​ថ្នាក់​ជាតិ ព្រមទាំង​ជំរុញ​ឱ្យ​ប្រសើរ​ឡើង​ ក្នុង​វិស័យ​ការងារ សន្តិសុខ​សង្គម និង​ការ​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ផ្តល់​អនុសាសន៍​ឱ្យ​ថ្នាក់ដឹកនាំ ​នៃ​ក្រសួង​ការងារ ឱ្យ​ពង្រឹង​ធ្វើ​ទំនើប​កម្ម​និង​ស្ថាបនូបនីយកម្ម ​ប្រព័ន្ធ​ព័ត៌មាន​ទីផ្សារ​ការងារ​ផ្អែក​លើ​ទិន្នន័យ និង​ការ​លើកកម្ពស់ ​ចល័ត​ភាព​កម្លាំង​ពលកម្ម ព្រមទាំង​ពង្រឹង​ភាព​ជា​ដៃគូ​រវាង​វិស័យ​ឯកជន និង​គ្រឹះស្ថាន​ធី​វេ​ត​ផ្ទាល់​ដើម្បី​តម្រង់​ទិស​ កម្មវិធី​ការ​បណ្តុះបណ្តាល​ជំនាញ​ ឱ្យ​ឆ្លើយ​តប​ចំ​តម្រូវការ​ជាក់ស្តែង​របស់​និយោជក ​។

ក្រៅពី​នេះ​ក៏​ត្រូវ​ព​ន្លឿ​ន​ការ​លើកកម្ពស់ និង​ផ្លាស់​ប្តូរ​ជំនាញ ដោយ​ធ្វើការ​ជាមួយ នឹង​សមាគម​ធុរកិច្ច​ជន និង​សមាគម​និយោជក ដើម្បី​ផ្ដល់​ឱកាស និង​ជម្រាប​ជូន​អំពី​កម្មវិធី​ ដែល​គ្រឹះស្ថាន​ធី​វេ​ត និង​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​មាន ​ដើម្បី​ជួយ​សហគ្រាស​គ្រប់​កម្រិត​បញ្ជូន​បុគ្គលិក​របស់​ខ្លួន​ ទៅ​ទទួល​ការ​បណ្តុះបណ្តាល​ដោយ​ឥត​គិតថ្លៃ​, ជំរុញ​ឱ្យ​មានការ​ចែករំលែក​ការ​អនុវត្ត​ល្អ​ៗ និង​ភាព​ជោគជ័យ​របស់​សហគ្រាស​ក្នុង​ការ​ជំរុញ​កម្រិត​ជំនាញ​និង​លើកកម្ពស់​ផលិតភាព​ដល់​សាធារណជន និង​រួម​គ្នា​ជំរុញ​ការ​ធ្វើ​អន្តរកាល​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មក​ក្នុង​ប្រព័ន្ធ និង​ការ​ពង្រីក​របប​សន្តិសុខ​សង្គម ​ប្រកបដោយ​បរិ​យា​បន្ន ៕ អត្ថបទសហការ