សម្តេចធិបតីនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល សាធា រណរដ្ឋហ្វីលីពីន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម ហ៊ីឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូល ពាក់ព័ន្ធនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ ២០២៦ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះ នឹងបន្តកសាងលើសមិទ្ធផលដែល សម្រេចបានក្រោមការដឹកនាំរបស់ហ្វីលីពីន ក្នុងនាម ជាប្រធានអាស៊ាន និងជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នាឆ្ពោះទៅរកសហគមន៍អាស៊ានដែលផ្តោតលើប្រជាជនមានភាពធន់ និងត្រៀមខ្លួនសម្រាប់អនាគត ។
កិច្ចប្រជុំកំពូលក៏នឹងផ្តល់វេទិកាដ៏សំខាន់មួយសម្រាប់ថ្នាក់ដឹកនាំអាស៊ាន ដើម្បីពន្លឿនការកសាងសហគមន៍អាស៊ាន ផ្លាស់ប្តូរ ទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ និងពង្រឹងការចូលរួមជាមួយដៃគូសន្ទនារបស់អាស៊ាន និងសហគមន៍ អន្តរជាតិទាំងមូល ក្នុងការដោះស្រាយបញ្ហាប្រឈមថ្មីៗដែលកំពុងកើតមាន និងចាប់យកកាលានុវត្តភាពថ្មីៗ ។
ក្នុងឱកាសនៃកិច្ចប្រជុំកំពូលខាងលើ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំមួយចំនួន ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងធ្វើឱ្យកាន់ តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ៕

ចែករំលែកព័តមាននេះ