រាជធានីភ្នំពេញ ៖ កម្លាំងជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ១នាក់ អតីតចាងហ្វាងកាសែត ដែលក្លែងបន្លំខុសច្បាប់ជាអ្នកសារព័ត៌មាន ធ្វើសកម្មភាព បង្កបញ្ហាក្នុងសង្គម រំខានប៉ះពាល់ការលក់ដូរប្រកបមុខរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ នៅខណ្ខដូនពេញកាលពីពេលថ្មីៗនេះ ។
អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ
កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ សួន ចំរើន ភេទប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិដុងអារញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានក្លែងបន្លំខុសច្បាប់ជាអ្នកសារព័ត៌មាន ដើរផ្សព្វផ្សាយព័ត៌មានរំខានប៉ះពាល់ការលក់ដូរ ប្រកបមុខរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ នៅខណ្ខដូនពេញ កាលពីថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០២៦ វេលា ម៉ោង២១:៣០ទី ចំណុចកើតហេតុ ភូមិ៩ ផ្លូវ៦៣ កែងផ្លូវលេខ១៧៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើង ក្រោយពីបុគ្គលនេះ និងបក្ខពួកមួយចំនួនបានអះអាងថា ខ្លួនជាអ្នកសារព័ត៌មាន ដែលមានកាយវិការ និងពាក្យសំដីមិនសមរម្យ ហើយចុះថតផ្សាយផ្ទាល់ព័ត៌មាននៅខណ្ឌដូនពេញ បង្កជម្លោះពាក្យសំដីជាមួយប្រជាពលរដ្ឋលក់ដូរចិញ្ចឹមជីវិត នៅចំណុចខាងលើ បង្កឲ្យរងការរិះគន់ពីសំណាក់អ្នកលេងក្នុងបណ្តាញសង្គមចំពោះបុគ្គលឈ្មោះ សួន ចំរើន និងបក្ខពួករបស់ខ្លួន។ ខណៈដែលរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា ក៏បានប្រកាសក្នុងផេកផ្លូវការរបស់ឯកឧត្តម ផ្ទាល់ផ្សព្វផ្សាយឲ្យដឹងថា បុគ្គលឈ្មោះ សួន ចំរើន អតីតជាចាងហ្វាងគេហទំព័រ chrtvonline ត្រូវបានក្រសួងព័ត៌មានលុបអាជ្ញាបណ្ណតាមប្រកាសលេខ ២៩៧ ប្រក.ពម. ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ដោយម្ចាស់អង្គភាពបានបំពានច្បាប់ស្តីពីរបបសារព័ត៌មានធ្ងន់ធ្ងរ ដោយអនុវត្តផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួន ដែលបានតម្កល់ទុកនៅក្រសួងព័ត៌មាន។ នៅពេលថ្មីៗ បុគ្គលនេះបានបន្តលួចបន្លំធ្វើជាអ្នកសារព័ត៌មាន និងបានបង្កបញ្ហាដល់សង្គម។ ទង្វើ និងសកម្មភាពរបស់អតីតអ្នកសារព័ត៌មានរូបនេះ ឬក្រុមណាមួយដែលយកវិជ្ជាជីវៈសារព័ត៌មានធ្វើជាអាជីវកម្ម ដើម្បីបម្រើផលប្រយោជន៍ខ្លួនផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈ និងលិខិតបទដ្ឋានគតិយុត្តនានា ត្រូវមានការទទួលខុសត្រូវចំពោះមុខច្បាប់។
បច្ចុប្បន្ន ជនសង្ស័យខាងលើកម្លាំងការិយាល័យជំនាញ កំពុងសាកសួរចាត់ការបន្តតាមនីតិវិធី៕




ចែករំលែកព័តមាននេះ