ទីក្រុងបាងកក ៖ តុលាការព្រហ្មទណ្ឌទីក្រុងបាងកក កាលពីថ្ងៃទី១១ ខែវិច្ឆិកា បានកាត់ទោសអ្នកជំនួញថៃដ៏ល្បី លោក Prasit Jeawkok ដែលត្រូវបានគេដាក់រហស្សនាមថា «Jack Ma ថៃ» ដាក់ពន្ធនាគាររយៈពេល ១ ២៤៤ ឆ្នាំពីបទចោទឆបោកមនុស្ស ៣១១នាក់ តាមរយៈគម្រោងវិនិយោគកញ្ចប់ទេសចរណ៍។ តុលាការបានបញ្ជាឱ្យអនុវត្តទោស នេះ បន្ទាប់ពីលោកបានអនុវត្តទោសក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន៧លើកមុនរួចរាល់។ នេះយោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានថៃ The Nation។
លោក Prasit Jeawkok អតីតប្រធានគម្រោង «សងគុណផែនដី» និងលោក Kittisak Yennanont អនុប្រធានសម្ព័ន្ធក្រុមហ៊ុន M Group បានឡើងសវនាការជំនុំជម្រះទោសរួមគ្នា ដោយជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុន ៣ រួមមាន Mandawee Tour, Nuea Lok និង Web Sawasdee។ ប៉ុន្តែលោក Kittisak ដែលបានបដិសេធរាល់ការចោទប្រកាន់តាំងពីដើមរហូតមក ត្រូវបានតុលាការសម្រេចឱ្យរួចផុតពីបទចោទ បន្ទាប់ពីរកឃើញថា ភស្តុតាងមិនមានទម្ងន់គ្រប់គ្រាន់ ដើម្បីបញ្ជាក់ពីការពាក់ព័ន្ធរបស់លោក។
បើតាមសេចក្តីរាយការណ៍ពីកាសែតបាងកកប៉ុស្តិ៍ លោក Prasit និងក្រុមហ៊ុនទាំង ៣ ត្រូវបានចោទប្រកាន់ពីបទរួមគំនិតបោកប្រាស់សាធារណជន និងការរំលោភលើច្បាប់ប្រឆាំងបទល្មើសឧក្រិដ្ឋកម្មកុំព្យូទ័រ តាមរយៈការផ្តល់ជូនកញ្ចប់វិនិយោគទេសចរណ៍ក្នុងតម្លៃផ្សេងៗគ្នា រួមទាំងសន្យាផ្តល់ប្រាក់ចំណេញប្រចាំឆ្នាំទៅដល់អ្នកវិនិយោគដល់ ២០%។ គម្រោងនេះ ទាក់ទាញអ្នកវិនិយោគដល់ទៅ ៣១១នាក់ ដោយត្រូវបានចាត់ទុកជាប្រតិបត្តិការឆបោករចនាសម្ព័ន្ធបែប Ponzi ដែលជាការឆបោកដោយយកប្រាក់ពីអ្នកវិនិយោគថ្មី ទៅបង់ជាប្រាក់ចំណេញឱ្យអ្នកវិនិយោគចាស់ ជំនួសឱ្យការយកប្រាក់ទៅរកស៊ី ឬវិនិយោគពិតប្រាកដ។
លោក Prasit និងក្រុមហ៊ុនទាំង ៣ ដំបូងឡើយបានបដិសេធថាខ្លួនគ្មានទោសកំហុសទេ ប៉ុន្តែក្រោយមកបានសារភាពពីកំហុសរបស់ខ្លួន។ តុលាការបានកាត់ទោសលោកដាក់ពន្ធនាគារចំនួន ៨ ឆ្នាំសម្រាប់ ១ករណី ដូច្នេះ ៣១១ ករណី ស្មើនឹង ២ ៤៨៨ ឆ្នាំ ហើយតុលាការសម្រេចកាត់បន្ថយទោសពាក់កណ្តាលនៃទោសសរុប ឬមកត្រឹម ១ ២៤៤ឆ្នាំ ដោយសារការសារភាពកំហុសរបស់លោកបានជួយសម្រួលដល់ដំណើរការនីតិវិធី។
ទោះជាយ៉ាងណាក៏ដោយ នៅប្រទេសថៃ គោលការណ៍អនុវត្តទោសជាប់ពន្ធនាគារសរុប មិនលើសពី ២០ឆ្នាំ ដែលបានកំណត់នៅក្នុងមាត្រា ៩១ នៃក្រមព្រហ្មទណ្ឌ។ ច្បាប់នេះ ពន្យល់ពីមូលហេតុដែលជនល្មើសខ្លះត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររាប់រយ ឬរាប់ពាន់ឆ្នាំ ប៉ុន្តែពេលអនុវត្តទោសជាក់ស្តែង ត្រឹមតែ ២០ ឆ្នាំប៉ុណ្ណោះ។
នៅក្នុងសំណុំរឿងនេះដែរ ក្រុមហ៊ុននីមួយៗ ត្រូវបានពិន័យជាប្រាក់ ១៨៦,៦លានបាត ឬប្រមាណ ៥,៥៣ លានដុល្លារអាមេរិក ប៉ុន្តែត្រូវបានបន្ថយមកត្រឹម ៩៣,៣លានបាត។ លោក Prasit) និងក្រុមហ៊ុនទាំងនោះ ក៏ត្រូវបានតុលាការបង្គាប់ឱ្យរួមគ្នាសងប្រាក់ជនរងគ្រោះទាំង ៣១១ នាក់វិញ ដោយបូករួមទាំងការប្រាក់ប្រចាំឆ្នាំ ៧,៥% ផងដែរ៕


ចែករំលែកព័តមាននេះ