ខេត្តបាត់ដំបង ៖ ក្រុមក្មេងកំព្រា និងទីទ័លក្រគ្មានទីពឹងដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅប្រហែលជាង២០នាក់ ត្រូវបញ្ជូនចេញដោយបង្ខំពីមណ្ឌលអង្គការកុមារកំព្រាឈ្មោះមូលនិធិក្តីសង្ឃឹមនៃកុមារកម្ពុជា ដែលមានទីតាំងនៅភូមិវត្តបាឡាត់ ឃុំនរា ស្រុកសង្កែ នៅល្ងាចថ្ងៃទី១៥ សីហា ។ ផែនការនេះត្រូវគេកត់សម្គាល់ថា ធ្វើឡើងបន្ទាប់ពីកុមារកំព្រាក្នុងមណ្ឌលជាង១០០នាក់បះបោរកាលពីដើមខែនេះ។
លោកប៉ាង ហៀង នាយនគរបាលប៉ុស្តិ៍ឃុំនរាប្រាប់កោះសន្តិភាពនៅខាងមុខមណ្ឌលកុមារកំព្រាថា ប្រធានអង្គការបានសំរេចបញ្ជូនក្រុមក្មេងកំព្រាចំនួន២៦នាក់ឱ្យចេញពីមណ្ឌលនៅល្ងាចថ្ងៃទី១៥ សីហា ក្នុងនោះមានប្រុសចំនួន១៣នាក់ មានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។ លោកមេប៉ុស្តិ៍ប្រាប់ថា ក្នុងចំណោមក្មេងទាំងនេះចំនួន១៩នាក់ មានអាណាព្យាបាលទីទ័លក្របំផុតដែលពួកគេភាគច្រើនមកពីតំបន់ទន្លេសាបក្នុងស្រុកឯកភ្នំដែលជាកន្លែងគ្មានសាលារៀនសំរាប់សិក្សា។
លោកនាយប៉ុស្តិ៍និយាយថា ក្រុមយុវជន យុវនារីកំព្រាទាំងនេះបានព្យាយាមលើកបដាតវ៉ាជាថ្មីទៀតមុនពេលត្រូវបង្ខំឱ្យចាកចេញពីមណ្ឌលនៅល្ងាចថ្ងៃទី១៥ សីហា ហើយលោកបានដឹកនាំកម្លាំងមួយចំនួនទៅការពារ ឬទប់ស្កាត់ក្រែងមានអំពើហិង្សាកើតឡើង។
ជាមួយនឹងស្បោងដាក់សម្លៀកបំពាក់សំពីងសំពោងរៀបចំជាស្រេចដើម្បីចាកចេញពីមណ្ឌលតាមបទបញ្ជាពីប្រធានមណ្ឌលគេឃើញក្រុមក្មេងកំព្រានេះបានព្យាុយាមផ្តល់បទសម្ភាសន៍ទំលាយរឿងអាស្រូវរបស់មណ្ឌលនេះជាលើកចុងក្រោយប្រាប់អ្នកសារព័ត៌មាន និងអង្គការការពារសិទ្ធិមនុស្សដែលបានទៅកាន់ទីនោះ។
និស្សិតឆ្នាំទី១ យុវជនហេង ឆៃដែន អាយុ២០ឆ្នាំ ដែលស្នាក់ក្នុងមណ្ឌលបាននិយាយថា រូបគេក៏ត្រូវគេបណ្តេញឱ្យចាកចេញពីមណ្ឌលដែរ។ ឆៃដែន បញ្ជាក់ថា ប្រធានមណ្ឌលប្រើល្បិចកលគ្រប់បែបយ៉ាងដើម្បីបង្កើតជាកំហុសដាក់បន្ទុកលើកុមារដែលជាការងាយស្រួលក្នុងការបណ្តេញចេញពីមណ្ឌល។ អង្គការនេះមិនបានគោរពកិច្ចសន្យាទេធ្វើឱ្យរូបគេ និងក្រុមក្មេងកំព្រាដទៃទៀតប្រឈមមុខនឹងការគ្មានទីជំរក គ្មានកន្លែងស្នាក់នៅសំរាប់សិក្សា ហើយប៉ះពាល់អនាគតរបស់ពួកគេយ៉ាងធ្ងន់ធ្ងរ។
កញ្ញាម៉ោញ ចាន់លី អាយុ២១ឆ្នាំ បាននិយាយថា នាងមានឪពុកម្តាយដែរ នៅស្រុកឯកភ្នំ តែជាគ្រួសារទីទ័លក្របំផុត ហើយរូបនាងត្រូវមណ្ឌលអនុញ្ញាតឱ្យចូលមកស្នាក់នៅរយៈពេលជិត៦ឆ្នាំមកហើយ។ បច្ចុប្បន្ននាងរៀនថ្នាក់ទី៩ តែនាងបានជាប់ជាគ្រូបឋមសិក្សាដែលកំពុងរៀននៅសាលាគរុកោសល្យ និងវិក្រឹតការខេត្ត ប៉ុន្តែថា ពេលនេះនាងត្រូវប្រធានមណ្ឌលបង្គាប់ឱ្យចាកចេញពីមណ្ឌលហើយ។
កាលពីថ្ងៃទី២ សីហា ក្រុមកុមារកំព្រាក្នុងមណ្ឌលបានបះបោរតវ៉ាប្រឆាំងនឹងប្រធានមណ្ឌល គឺលោកស្រី ឌី សម្រេច និងប្រធានផ្នែកគណនេយ្យលោកស្រីលាង ស៊ីថារ័ត្ន ដែលជាសាច់ថ្លៃនឹងគ្នា។ ក្រុមកុមារដែលមានចំនួនជាង១០០នាក់បានលើកបដាព្រោងព្រាតដែលមានខ្លឹមសារចោទប្រកាន់អ្នកគ្រប់គ្រងទាំង២នាក់នោះថា រួមគ្នាប្រព្រឹត្តអំពើពុករលួយ បិទសិទ្ធិសេរីភាពកុមារ ផ្តល់អាហារមិនគ្រប់គ្រាន់ ប្រើពាក្យគំរាមកំហែងលើកុមារមិនឈប់ឈរ។
ពួកគេក៏បានសរសេរលើបដា ស្នើសុំឱ្យដកតំណែងផ្លាស់ប្តូរអ្នកគ្រប់គ្រងនេះចេញពីមណ្ឌល ប៉ុន្តែសំណូមពរនេះមិនត្រូវបានគេយកទៅដោះស្រាយទេ ។ ផ្ទុយទៅវិញអ្នកដែលត្រូវបណ្តេញចេញពីមណ្ឌលគឺក្រុមយុវជន និងយុវនារីកំព្រាដែលតវ៉ានោះ។
លោកស្រីឌី សម្រេច ប្រធានអង្គការមូលនិធិក្តីសង្ឃឹមនៃកុមារកម្ពុជាបានពន្យល់ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១៥ សីហា ថា «វាជាគំរោងរបស់ម្ចាស់មូលនិធិដែលតម្រូវឱ្យបញ្ជូនពួកគេត្រឡប់ទៅកាន់លំនៅឋានវិញ ហើយកំណែទំរង់នេះយើងរៀបចំយូរហើយ ។ ការបះបោរតវ៉ាកន្លងមកគឺដោយសារតែមានការអុជអាលពីបុគ្គលិកមួយចំនួនដែលចង់បានតំណែងរបស់ខ្ញុំ»។
លោកស្រីសម្រេចបន្តថា ក្រោយពីក្រុមកុមារកំព្រាបះបោរកាលពីដើមខែនេះម្ចាស់ជំនួយបានផ្តាច់ជំនួយមិនជួយដល់យុវជន យុវនារីដែលមានអាយុចាប់ពី១៨ឆ្នាំ ឡើងទៅ តែនៅបន្តជួយសម្រាប់កុមារដែលមានអាយុតិចជាងនេះ ដូច្នេះបើលោកស្រីមិនរៀបចំគំរោងបញ្ជូនពួកគេដែលពេញវ័យទៅកាន់លំនៅឋានវិញទេ តើលោកស្រីមានប្រាក់ ឬស្បៀងអាហារណាសម្រាប់ជួយពួកគេទៀត។ បញ្ហានេះលោកស្រីក៏បានស្នើដល់អាជ្ញាធរមូលដ្ឋានអន្តរាគមន៍ដើម្បីដោះស្រាយដែរ។
ចំពោះការចោទប្រកាន់ថា ជាប់ពាក់ព័ន្ធរឿងប្រព្រឹត្តអំពើពុករលួយ និងបិទសិទ្ធិសេរីភាព នេះលោកស្រីសម្រេចបានបំភ្លឺថា «រាល់ខ្ទង់ចំណាយ គឺមានប្រធានមូលនិធិដែលជាជនជាតិបរទេសចំនួន៣នាក់ទៀតជាអ្នកត្រួតពិនិត្យ ដូច្នេះយើងមិនអាចយកប្រាក់ជំនួយមកប្រើប្រាស់ក្រៅគំរោងបានទេ ហើយយើងសុទ្ធតែមានរបាយការណ៍ច្បាស់លាស់បំផុត»។
លោកស្រីក៏បានបដិសេធផងដែរចំពោះការចោទប្រកាន់ផ្សេងទៀតពីក្រុមកុមារកំព្រាដោយលោកស្រីចាត់ទុកថា ជាការញុះញង់ពីបុគ្គលិកមួយចំនួនក្នុងមណ្ឌលនេះ។ លោកស្រីបានប្រជុំពួកគេនៅរសៀលថ្ងៃទី១៥ សីហា ដើម្បីប្រាប់ឈ្មោះចំពោះយុវជន ឬយុវនារីណាដែលត្រូវឱ្យត្រឡប់ទៅកាន់លំនៅឋានវិញ។
លោកយ៉ាត កំសាន្ត មន្ត្រីអង្គការលីកាដូខេត្តបាត់ដំបងបានថ្លែងជុំវិញករណីនេះថា បើគោលការណ៍របស់អង្គការមានកំណត់ក្នុងការគ្រប់គ្រងក្មេងកំព្រាដែលមានអាយុក្រោម១៨ឆ្នាំ ដូច្នេះលោកយល់ថា ការឱ្យក្មេងកំព្រាដែលមានអាយុលើសពី១៨ឆ្នាំនេះចេញពីមណ្ឌលគឺជារឿងស្របច្បាប់ ប៉ុន្តែលោកថា អង្គការនេះគួរតែប្រជុំប្រាប់ពួកគេឱ្យបានច្បាស់ពីមូលហេតុ និងគោលការណ៍ច្បាប់របស់អង្គការមុនពេលបញ្ជូនពួកគេចេញមិនគួរធ្វើដោយតក់ក្រហល់ពេកទេ ដែលនាំឱ្យប៉ះពាល់ដល់អារម្មណ៍ពួកគេដែលភាគច្រើនកំពុងជាប់សិក្សានៅឡើយ។
តាមមតិរិះគន់ខ្លះថា ការរកដំណោះស្រាយកន្លងមកគណៈកម្មការហាក់ទទួលយក តែសំណើរបស់ប្រធានមណ្ឌល តែមិនទទួលយកសំណូមពររបស់កុមារទេ។ ប្រភពខ្លះនិយាយថា ការសម្រេចបណ្តេញក្រុមក្មេងដែលពេញវ័យចេញពីមណ្ឌលនេះ ព្រោះតែពួកគេដឹងរឿងអាស្រូវក្នុងមណ្ឌលនេះច្រើនពេក ហើយពួកនេះងាយនឹងងើបបះបោរប្រឆាំង ដូច្នេះគេត្រូវតែរៀបចំគំរោងបញ្ជូនពួកគេចេញពីមណ្ឌលចៀសវាងរំខានផលប្រយោជន៍គេនៅថ្ងៃក្រោយ៕
ចែករំលែកព័តមាននេះ