ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាមគ្រោងផ្ដល់ជំនួយថវិកាដល់កម្មករមានចំណូលតិច ដើម្បីប្ដូរម៉ូតូសាំងទៅជាម៉ូតូអគ្គិសនី

12 ម៉ោង មុន

ប្រទេសវៀតណាម៖ អាជ្ញាធរទីក្រុងហូជីមិញ កំពុងពិចារណាផ្ដល់ជំនួយហិរញ្ញវត្ថុដល់កម្មករតាមរោងចក្រ និងប្រជាពលរដ្ឋមានចំណូលទាប ដើម្បីជួយពួកគេចំណាយលើការត្រួតពិនិត្យផ្សែងម៉ូតូ ការជួសជុល និងការប្ដូរម៉ូតូប្រើសាំងទៅជាម៉ូតូអគ្គិសនី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tuoi Tre។

តាមផែនការដែលកំពុងសិក្សា អាជ្ញាធរអាចផ្ដល់ជំនួយលើថ្លៃត្រួតពិនិត្យដំបូង និងចំណាយជួសជុលមួយចំនួនសម្រាប់អ្នកមានជីវភាពខ្វះខាត។ ក្រៅពីនេះ ក៏មានគម្រោងផ្ដល់ប្រាក់កម្ចីការប្រាក់ទាប ការបង់រំលស់ និងការប្ដូរម៉ូតូចាស់យកម៉ូតូអគ្គិសនី ឬយានយន្តប្រើថាមពលស្អាតជំនួស។

អាជ្ញាធរក៏គ្រោងរៀបចំទីតាំងត្រួតពិនិត្យឱ្យសមស្របតាមចំនួនម៉ូតូ និងចំនួនប្រជាពលរដ្ឋ ដោយអាចពង្រីកម៉ោងសេវាកម្មទៅក្រៅម៉ោងធ្វើការ និងថ្ងៃឈប់សម្រាក ព្រមទាំងអនុញ្ញាតឱ្យចុះឈ្មោះតាមអនឡាញ ដើម្បីកាត់បន្ថយការកកស្ទះ។

កន្លងមក ទីក្រុងហូជីមិញក៏ធ្លាប់លើកឡើងពីផែនការផ្លាស់ប្ដូរម៉ូតូប្រើសាំងទៅជាម៉ូតូអគ្គិសនី និងយានយន្តប្រើថាមពលស្អាតទាំងស្រុងត្រឹមឆ្នាំ២០៤០។ ក្នុងសំណើមុននេះ គ្រួសារក្រីក្រអាចទទួលបានជំនួយពេញលេញ​ជិត៨០០ដុល្លារអាម៉េរិកក្នុងម៉ូតូមួយគ្រឿង ខណៈគ្រួសារខ្វះខាតអាចទទួលបានជំនួយជាង៥០០ដុល្លារអាម៉េរិក។

ទោះជាយ៉ាងណា វិធានការជំនួយហិរញ្ញវត្ថុថ្មីនេះនៅស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ ដោយអាជ្ញាធរកំពុងរៀបចំគោលនយោបាយ និងសេវាគាំទ្រផ្សេងៗ ដើម្បីជួយសម្រួលដល់កម្មករ និងប្រជាពលរដ្ឋមានចំណូលទាបក្នុងការផ្លាស់ប្ដូរមធ្យោបាយធ្វើដំណើរ ព្រមទាំងកាត់បន្ថយការបំពុលបរិយាកាស៕