ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់​រូប​ប្រាសាទ​តា​ក្របី ប្រាសាទ ព្រះ​វិហារ និង​ខ្លោងទ្វារ​រាជធានី​អង្គរធំ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​”​ភូមិ​ហ្វ្រ​ង់​កូ​ហ្វូ​នី​”

3 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ​ដើម្បី​បង្ហាញ​ភ្ញៀវ​ជាតិ អន្តរជាតិ​មក​ទស្សនា​បាន​ស្គាល់​ជា​របស់​កម្ពុជា​នោះ​ ក្រុមការងារ​អ្នកជំនាញ​ក្រសួង វប្បធម៌​ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ​បាន​យក​រូប​សំណង់​ប្រាសាទ​តា​ក្របី ប្រាសាទ​ព្រះ វិហារ និង​ខ្លោងទ្វារ​រាជធានី​អង្គរធំ ​ធ្វើ​អំពី​ស្នោ ​រៀបចំ​ឡើង​នៅ​ភូមិ​ហ្វ្រ​ង់​កូ​ហ្វូ​នី នៅ​សួនច្បារ​មុខ​វត្ត​បទុម​វ​តី រាជធានី​ភ្នំពេញ​យ៉ាង​ប្រណិត​ ។

ការ​យក​រូប​សំណង់​ប្រាសាទព្រះវិហារ ប្រាសាទ​តា​ក្របី មក​បង្ហាញ​ភ្ញៀវ​ជាតិ និង​អន្តរ ជាតិ​ទស្សនា​នេះ ​បន្ទាប់​ពី​កងទ័ព​ថៃ​ បាន​ធ្វើការ​បាញ់​បំ​បាញ់​លើ​ប្រាសាទ​នេះ ​កាលពី​ពេល​កន្លង​មកនេះ​ ។

សំណង់​គំរូ​ប្រាសាទ​តា​មាន់ ប្រាសាទ​តា​ក្របី ខ្លោងទ្វា​រាជធានី​អង្គ​ធំ​ ត្រូវ​បាន​ដំឡើង​យ៉ាង​ប្រណីត​នៅ​ក្នុង «​ភូមិ​ហ្វ្រ​ង់​កូ​ហ្វូ​នី​» ដើម្បី​បង្ហាញ​ពី​អត្តសញ្ញាណ​វប្បធម៌ និង​អធិបតេយ្យភាព​ខ្មែរ ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី ​លើក​ទី​២០ ​ធ្វើ​ឱ្យ​មាន​ភាព​ចាប់អារម្មណ៍​ពី​ភ្ញៀ​ង​ជាតិ និង​អន្តរជាតិ ​។

លោក ប៊ុត ចាន់​ណា​ មន្ដ្រីជាន់ខ្ពស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា ដើម្បី​អបអរសាទរ និង​ត្រៀម លក្ខណៈ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ នៃ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី ​លើក​ទី​២០ (20th Francophonie Summit) នៅ​រាជធានី​ភ្នំពេញ ក្រុមការងារ​រៀបចំ​ព្រឹត្តិការណ៍ និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ បាន​សម្រេច​ដំឡើង​សំណង់​គំរូ ប្រាសាទ​ទាំងនេះ​ យ៉ាង​ផ្ចិតផ្ចង់​បំផុត​នៅ​ក្នុង​បរិវេណ «​ភូមិ​ហ្វ្រ​ង់​កូ​ហ្វូ​នី​» (Village de la Francophonie) ដែល​រៀបចំ ឡើង​នៅ​សួនច្បារ​មុខ​វត្ត​បទុម​វ​តី ក្នុង​គោលបំណង​បង្ហាញ​ពី​មរតក​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ស្នាដៃ​ស្ថាបត្យកម្ម​ដ៏​ល្អ​ឯក​របស់​បុព្វបុរស​ខ្មែរ ទៅ​កាន់​គណៈ​ប្រតិភូ និង​ភ្ញៀវ​អន្តរជាតិ ដែល​បាន​អញ្ជើញ​មក​ពី​ជុំវិញ​ពិភពលោក​បានឃើញ​ ។

លោក​បានឱ្យ​ដឹង​ថា ការ​ជ្រើសរើស​យក​ប្រាសាទ​ទាំងនេះ ​មក​ដំឡើង​ជា​សំណង់​និមិត្តរូប​ដ៏​សំខាន់​មួយ​នៅ​ក្នុង ភូមិ​ហ្វ្រ​ង់​កូ​ហ្វូ​នី​នេះ មិន​ត្រឹមតែ​ជា​ការ​តុបតែង​លម្អ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​អ្នកចូលរួម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បង្កប់​នូវ​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​ផ្នែក​ប្រវត្តិសាស្ត្រ និង​ការទូត​វប្បធម៌​ ។

លោក ប៊ុត ចាន់​ណា ទីប្រឹក្សា​នៃ​ក្រសួង​វប្ប​ធម៌ និង​វិចិត្រសិល្បៈ បាន​លើក​ឡើង​ថា​៖ «​មូលហេតុ​ដែល​ក្រ​សួង​វប្បធម៌ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​សម្រេចចិត្ត​ជ្រើសរើស​យក​តួ​ប្រាសាទ យក​មក​ដំឡើង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី ​លើក​ទី​២០នេះ ដោយសារ​ប្រាសាទ​តា​មាន់ និង​ប្រាសាទ​តា​ក្របី ជា​របស់​ខ្មែរ​ពិត ​។

លោក​បាន​លើក​ឡើង​ថា​៖ «​សព្វថ្ងៃ​កំពុង​មាន​បញ្ហា​ពាក់ព័ន្ធ​ទៅ​នឹង​ជម្លោះ​ជាមួយ​ប្រទេស​ជិតខាង ដែល​រំលោភ​ថា​ ជាប​របស់​គេ​។ ម្ល៉ោះហើយ នេះ​ជា​បស់​ខ្មែរ​ពិត ហើយ​បានជា​ថ្នាក់ដឹកនាំ​សម្រេច​ថា ត្រូវ​តែ​បង្ហាញ​របស់​ពិត​ទៅ​កាន់​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ​ឱ្យ​បាន​ស្គាល់​ថា នេះ​ជា​បស់​ខ្មែរ ជា​ប្រាសាទ​តា​ក្របី ប្រាសាទ​តា​មាន់​»​ ។

ជាមួយ​គ្នា​នេះ លោក ប៊ុត ចាន់​ណា បាន​ពន្យល់​បន្ថែម​ថា ចំពោះ​ការ​ដំឡើង​តួ​ប្រាសាទ​តា​មាន់​នេះ ​មាន​រយៈពេល​យូរ​ជាង ២​ខែ ដោយសារ​ការ​រៀបចំ និង​កែសម្រួល​ឱ្យ​ត្រឹមត្រូវ​ទៅ​នឹង​រចនា​សម្ព័​ន ក្បួនខ្នាត និង​រចនាបថ​ចម្លាក់​របស់​ខ្មែរ ទោះបីជា​ប្រាសាទតូច​ជាង​ប្រាសាទ​មែនទែន​ក៏​ដោយ តែ​រចនា​សម្ព័​ន គឺ​ត្រូវ​ឱ្យ​ជា​របស់​ខ្មែរ​ពិតប្រាកដ ​។

លោក​បាន​គូសបញ្ជាក់​ថា ​៖ «​ខ្ញុំ​សង្ឃឹមថា ភ្ញៀវ​ដែល​មក​ទស្សនា ជា​ពិសេស​ភ្ញៀវ​អន្តរជាតិ គាត់​នឹង​យកចិត្តទុកដាក់​ពី​បញ្ហា ឃើញ​នូវ​ប្រាសាទ​របស់​យើង ដែល​កំពុង​មាន​បញ្ហា​ជម្លោះ​ជាមួយ​អ្នក​ជិតខាង ហើយ​វា​បាន​បង្ហាញ​ នូវ​អ្វី​ដែល​ថា​ជា​បស់​ខ្មែរ​ពិត​ៗ បង្ហាញ​ដល់​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ​ឱ្យ​បាន​ស្គាល់​ថា នេះ​ជា​បស់​ខ្មែរ ហើយ​ខ្មែរ​មិនមែន​ចេះ​តែ​ទាមទារ​យក​របស់​គេ​ទេ​។ ខ្មែរ​មិន​ដែល​ចង់បាន​របស់​អ្នក​ណា​ទេ គឺ​ខ្មែរ​ចង់​តែ​ថែរក្សា​របស់​ខ្មែរ​ដែល​ខ្លួន​មាន ហើយ​ក៏​មិន​ចង់​បាត់បង់​ទៅ​វិញ​ដែរ​។ ខ្ញុំ​សង្ឃឹមថា​ ប្រជាជន​ខ្មែរ និង​ភ្ញៀវ​អន្តរជាតិ លោក​នឹង​យល់​ដឹង ហើយ​លោក​នឹង​គាំទ្រ​ចំពោះ​រាជរដ្ឋាភិបាល​កំពុង​តែ​ការពារ ថែរក្សា និង​ទាមទារ​របស់​ខ្មែរ​យក​មក​វិញ​» ​។

ជា​ការ​កត់សម្គាល់ ក្រុម​ជាងចម្លាក់ និង​វិស្វករ​ជំនាញ​ខ្មែរ បាន​ប្រើប្រាស់​ពេលវេលា និង​បច្ចេកទេស​យ៉ាង​យកចិត្តទុកដាក់ ក្នុង​ការ​រចនា​តួ​ប្រាសាទ​តា​មាន់​នេះ​ឡើង ដោយ​រក្សា​បាន​នូវ​ទម្រង់​ដើម ក្បាច់រចនា និង​សមាមាត្រ​យ៉ាង​សម សួន​។ ចាប់តាំងពី​គ្រឹះ​ប្រាសាទ ជញ្ជាំង ហោជាង ផ្តែរ រហូត​ដល់​កំពូល​ប្រាង្គ ត្រូវ​បាន​ឆ្លាក់ និង​តុបតែង​យ៉ាង​រស់​រវើក ប្រៀប​បាន​នឹង​ប្រាសាទ​ថ្ម​ពិត​ៗ ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ទទួល​បាន​អារម្មណ៍​ដូច​បាន​ធ្វើ​ដំណើរ​ទៅ​ដល់ទី​តាំង​ប្រាសាទ​ផ្ទាល់​។

បើ​តាម​ក្រុម​ជាង​ដែល​បាន និង​កំពុង​រៀបចំ​ប្រាសាទ​តា​មាន់បាន​រំលេច​ឱ្យ​ដឹង​ថា ការ​រៀបចំ​ដំឡើង​តួ​ប្រាសាទ​ទាំងនេះ ក៏​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ថែរក្សា ការពារ និង​លើកតម្កើង​មរតក​វប្បធម៌​ជាតិ ព្រមទាំង​បញ្ជាក់​ពី​តួនាទី​ដ៏​សកម្ម​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ ក្នុង​ការ​ប្រើប្រាស់​វប្បធម៌​ជា​ស្ពាន​ត​ភ្ជាប់​សន្តិភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ពហុភាគី​។

សូម​ជម្រាប​ជូន​ថា «​ភូមិ​ហ្វ្រ​ង់​កូ​ហ្វូ​នី​» គឺជា​បេះដូង​នៃ​សកម្មភាព​វប្បធម៌ សិល្បៈ នវានុវត្តន៍ និង​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម អម​ជាមួយ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០ ដែល​កម្ពុជា ធ្វើ​ជា​ម្ចាស់ផ្ទះ​។ វត្តមាន​របស់​ប្រាសាទ​ទាំង​នេ​ញ​នៅ​ទី​នេះ នឹង​ក្លាយជា​ចំណុច​ចាប់អារម្មណ៍​ដ៏​សំខាន់​ផង​ដែរ សម្រាប់​ការ​ផ្តិត​យក​រូបភាព​អនុស្សាវរីយ៍ ការ​រៀបចំ​កម្មវិធី​សម្តែង​សិល្បៈ​បុរាណ និង​ជា​វេទិកា​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍វប្បធម៌​របស់​កម្ពុជា​ទៅ​កាន់​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង​ទាំងអស់​។

ភូមិ​ហ្វ្រ​ង់​កូ​ហ្វូ​នី គ្រោង​នឹង​រៀបចំ​រយៈពេល ៥​ថ្ងៃ ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៦ ដើម្បី​បង្ហាញ​លើ​សិល្បៈ វប្បធម៌ កិច្ច​សហប្រតិបត្តិការ និង​សាមគ្គីភាព រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង តាម​រយៈ​ការ​រៀបចំ​ជា​ពន្លា​ជាតិ​, ស្តង់​ពិ​ព័រ​ណ៌​, ស្តង់​ពិ​ព័រ​ណ៌​ម្ហូបអាហារ​, ការ​សម្តែង​សិល្បៈ​ចម្រុះ​ប្រចាំ​ថ្ងៃ និង​ការ​រៀបចំ​ជា​កិច្ច​សន្ទនា និង​សិក្ខាសាលា​លើ​ប្រធានបទ​ផ្សេង​ៗ៕