ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​រ៉​ង់​នៅ​តែ​អាច​ផលិត​មី​ស៊ី​ល​បាលី​ស្ទិ​ក​៥០​គ្រាប់​ក្នុង​១​ខែ បើ​ទោះជា​រង​ការ​វា.យប្រហារ​ពី​អា​មេ​រិ​ក​​អស់​ជា​ច្រើន​ខែ

3 ម៉ោង មុន

អន្តរជាតិ ៖ យោង​តាម​ការ​វាយតម្លៃ​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​លោក​ខាងលិច​បានឱ្យ​ដឹង​ថា ប្រទេស​អ៊ី​រ៉​ង់​នៅ​តែ​អាច​ផលិត​មី​ស៊ី​ល​បាលី​ស្ទិ​កបាន​ប្រហែល​៥០​គ្រាប់​ក្នុង​មួយ​ខែ បើ​ទោះបីជា​មូលដ្ឋាន​ឧស្សាហកម្ម​យោធា​របស់​ខ្លួន រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ពី​ការ​វាយប្រហារ​តាម​អាកាស​របស់​អា​មេ​រិ​ក និង​អ៊ី​ស្រា​អែ​ល​យ៉ាងណា​ក៏​ដោយ​។

ប្រភព​ពី Bloomberg កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា បាន​រាយការណ៍​ថា មន្ត្រី​លោក​ខាងលិច​ដែល​វិភាគ​របាយការណ៍​ស៊ើបការណ៍​សម្ងាត់​យោធា​បាន​ប៉ាន់​ប្រមាណ​ថា អ៊ី​រ៉​ង់​ទំនងជា​នៅ​តែ​រក្សា​ទុក​មី​ស៊ី​ល​បាលី​ស្ទិ​ក​យ៉ាងតិច ១ ៧០០ គ្រាប់ និង​កំពុង​ផលិត​បន្ថែម​ប្រហែល​ពាក់កណ្តាល​នៃ​សមត្ថភាព​មុន​សង្គ្រាម​។ ឃ្លាំង​សព្វាវុធ​អ៊ី​រ៉​ង់ រួម​បញ្ចូល​ទាំង​បណ្តា​ដ្រូ​ន​អត្តឃាត​ត្រកូល Shahed ក៏​ដូច​ជា​វី​ដេ​អូ​បង្ហាញ​ពី​ទីក្រុង​មី​ស៊ី​ល​ក្រោម​ដី​ថ្មី ដែល​ទើបត្រូវ​បាន​ចេញផ្សាយ​ដោយ​កង​ឆ្មាំ​បដិវត្តន៍​ឥ​ស្លា​ម​អ៊ី​រ៉​ង់​។

ចំនួន​អាវុធ​ពិតប្រាកដ គឺ​ពិបាក​នឹង​កំណត់​ណាស់ ដោយសារ​តែ​គ្មាន​នរណា​ដឹង​អំពី​ទំហំ​នៃ​ឃ្លាំង​ស្តុក​អាវុធ​មុន​សង្គ្រាម​របស់​អ៊ី​រ៉​ង់ និង​កម្រិត​ដែល​ប្រទេស​នេះ អាច​ផលិត​មី​ស៊ី​ល​ជំនួស​មី​ស៊ី​ល​ដែល​ត្រូវ​បាន​បំផ្លាញ​នោះ​ទេ​។ ទោះ​យ៉ាងណា​ក៏​ដោយ តួលេខ Bloomberg Economics បាន​បង្ហាញ​ថា អ៊ី​រ៉​ង់​បាន​បាញ់​ដ្រូ​ន Shahed ជាង ៤ ៩០០ គ្រឿង និង​មី​ស៊ី​ល​បាលី​ស្ទិ​ក​យ៉ាងតិច ២ ២០០ គ្រាប់ ចាប់តាំងពី​សង្គ្រាម​បាន​ចាប់ផ្តើម កាលពី​ថ្ងៃ​ទី​២៨ ខែកុម្ភៈ កន្លង​ទៅ​។

អ្នក​នាង Becca Wasser អ្នកជំនាញ​ខាង​កិច្ចការ​យោធា​នៃ​សារព័ត៌មាន Bloomberg Economics បាន​និយាយ​ថា ឃ្លាំង​ស្តុក​អាវុធ និង​គ្រាប់​មី​ស៊ី​ល​របស់​អ៊ី​រ៉​ង់ មិន​អាច​ប្រៀបធៀប​ជាមួយ​សហរដ្ឋអាមេរិក​បាន​ទេ ប៉ុន្តែ​យុទ្ធសាស្ត្រ​របស់​អ៊ី​រ៉​ង់​ត្រូវការ​តែ​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​បង្ក​ការ​រំខាន បង្កើន​ការ​ចំណាយ និង​ការ​ស៊ូទ្រាំ​ឱ្យ​បាន​យូរ​ប៉ុណ្ណោះ​។

តាម​រយៈ​ការណ៍​នេះ ហាក់​ផ្ទុយ​ឆ្ងាយ​ពី​ការ​អះអាង​របស់​បណ្តា​មន្ត្រី​អា​មេ​រិ​ក​ដែល​ថា មូលដ្ឋាន​ឧស្សាហកម្ម​យោធា​អ៊ី​រ៉​ង់​ជាង ៨០% ត្រូវ​កម្ទេច​ខ្ទេចខ្ទី​។ ប៉ុន្តែ​អ្នកជំនាញ​លើក​ឡើង​ថា ដោយសារ​តែ​អ៊ី​រ៉​ង់​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ក្រោម​ដី និង​គ្រឿងបន្លាស់​ស្តុក​ទុក ទើប​បានជា​ពួក​គេ​អាច​បន្ត​ការ​ផលិត និង​រក្សា​កម្លាំងយោធា​បាន​មក​ទល់​ពេល​នេះ​៕