ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​និទ្ទេស​ A ចំនួន​៣៤​នាក់ ទទួល​​បាន​រង្វាន់​លើកទឹកចិត្ត​ពី​​អភិបាលខេត្ត​ស្វាយរៀង

1 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៦​នេះ ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិស្ស​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និង​ការ​ប្រឡង​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិត​៣ ឆ្នាំ​សិក្សា​២០២៥-២០២៦ ជាប់​និទ្ទេស A នៅ​ក្នុង​ខេត្ត​។

ពិធី​នេះ​បាន​រៀបចំ​ឡើង​នៅ​សាល​ប្រជុំ​អាគារ ឃ សាលាខេត្ត ដែល​ចូលរួម​ពី លោក លោកស្រី អភិបាលរង​ខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ក្នុង​ខេត្ត តំណាង​ក្រុមហ៊ុន សប្បុរសជន លោក​អភិបាលក្រុង​-​ស្រុក​ទាំង​៨ លោក លោកស្រី​ប្រធាន​ការិយាល័យ​អប់រំ យុវជន និង​កីឡា​នៃ​រដ្ឋបាល​ក្រុង​-​ស្រុក​ទាំង​៨ លោកនាយក​វិទ្យាល័យ​ដែល​សិស្សានុសិស្ស​ទទួល​បាន​និទ្ទេស​A ចំនួន​៣៤ នាក់​។

បើ​យោង​តាម​របាយការណ៍​លទ្ធផល​នៃ​ការ​ប្រឡង របស់​មន្ទីរ​អប់រំ​យុវជន​នឹង​កីឡា​ខេត្ត ៖​សាលា​មធ្យមសិក្សា​ចំណេះ​ទូទៅ និង​បច្ចេកទេស បា​វិត​មាន​បេក្ខជន ១៤៤ នាក់​ស្រី​៤៨ នាក់ បេក្ខជន​ប្រឡង ១៤៤ នាក់ ស្រី​៤៨ នាក់ ស្មើនឹង​១០០%។

​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ប​ច្ចេ​ល​ទេស វិជ្ជាជីវៈ​កម្រិត ៣ សម័យ​ប្រឡង​៖ ថ្ងៃ​ទី ២២ ខែកក្កដា ២០២៦ ទទួល​បាន​និទ្ទេស A ១​នាក់ ស្រី ឯកទេស អគ្គិសនី ឆ្នាំ​ទី​៣​។

២-ផ្នែក​មធ្យមសិក្សា​ទុតិយភូមិ​៖​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​៖​ថ្ងៃ​ទី​១០ ខែ សីហា ២០២៦

-បេក្ខជន​មក​ប្រឡង សរុប ៥.១៣២ នាក់ ត្រូវជា​ភាគរយ​៩៩,៣៦% ស្រី ២.៩៣០​នាក់

-បេក្ខជន​ប្រឡង​ជាប់​៖ សរុប ៤.១១៤ នាក់ ត្រូវជា ៨០,១៦ % ស្រី ២.៤៧៤ នាក់ ត្រូវជា ៨៤,៤៣ % លទ្ធផល​ទទួល​បាន​និទ្ទេស គឺៈ

-និទ្ទេស A សរុប = ៣៣ នាក់ ស្រី ១៤ នាក់

សិស្ស និទ្ទេស A ទាំង ៣៣ នាក់ ស្រី ១៤ នាក់ មក​ពី​ស្រុក​ស្វាយ​ទាប ៦ នាក់ ស្រី​៣​នាក់​, ស្រុក​កំពង់​រោ​ទិ៍ ៤​នាក់​ស្រី​៤ នាក់ ស្រុក​ច​ន្ទ្រា ៣នាក់​ ស្រី​២​នាក់​, ស្រុក​រំដួល ៦​នាក់ ស្រី​១​នាក់​, ក្រុង ស្វាយ​រៀង ៣ នាក់ ស្រី​១​នាក់​, ស្រុក​ស្វាយ​ជ្រំ ៧​នាក់ ស្រី​១​នាក់​, ស្រុក​រមាស​ហែក ១​នាក់ ស្រី​០​នាក់ និង​សាលារៀន​សុវណ្ណ​ភូមិ ១​នាក់​ស្រី​១​នាក់ និង​វិទ្យា​ចំណេះ​ទូទៅ និង​បច្ចេកទេស​បា​វិត ១​នាក់​ស្រី​។

-មាន​ប្រសាសន៍​ទៅ​កាន់​ពិធី​នេះ ឯកឧត្តម​អភិបាលខេត្ត​បាន​ថ្លែង​នូវ​ការ​ចូលរួម​អបអរសាទរ​ជាមួយ​មាតាបិតា អាណាព្យាបាល និង​ប្អូន​ៗ​សិស្សានុសិស្ស​ទាំង​៣៤​រូប ដែល​ប្រឡង​ជាប់​ទទួល​បាន​និទ្ទេស A ក្នុង​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ តាម​រយៈ​លទ្ធផល​ប្រឡង​នៅ​ក្នុង​ខេត្តស្វាយរៀង​ឆ្នាំ​នេះ​គឺ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ដោយ​មាន​អត្រា​សិស្ស​ប្រឡង​ជាប់​សរុប​ប្រមាណ ៨៤.៤៣% ទទួល​បាន​និទ្ទេស A ចំនួន​៣៤​នាក់​។

ឯកឧត្តម​បន្ត​ថា ក្នុង​នាម​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត សូម​សម្ដែង​នូវ​ការ​អរគុណ ចំពោះ​មាតាបិតា អាណាព្យាបាល​សិស្ស ដែល​បាន​លើកទឹកចិត្ត ជំរុញ តាមដាន និង​ចូលរួម​គាំទ្រ​គ្រប់​សកម្មភាព​ទាំងឡាយ នៃ​ការ​សិក្សា​កូនចៅ​របស់​ខ្លួន និង​អគុណ​ចំពោះ​គណៈ​គ្រប់គ្រង​សាលា ព្រមទាំង​លោកគ្រូ អ្នកគ្រូ​ទាំងអស់​ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​បង្រៀន​សិស្ស​ឲ្យ​ទទួល​បាន​លទ្ធផល​ដ៏​ល្អ​ប្រសើរ​បែប​នេះ ។

ឯកឧត្តម​ក៏​បាន​ផ្ដាំផ្ញើ​ដល់​ប្អូន​ៗ​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​ចេះ​តស៊ូ​អំណត់​ព្យាយាម ដោយ​យកចិត្តទុកដាក់​រៀនសូត្រ​ឲ្យ​បាន​ពូកែ​ថែម​ទៀត​នៅ​ពេល​រៀន​បន្ត​នៅ​ថ្នាក់​មហាវិទ្យាល័យ​។

-ត្រូវធ្វើ​ជា​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ និង​ធ្វេ​ី​អំពើ​ណា​ដែល​ល្អ ព្រមទាំង​មាន​ផលប្រយោជន៍​ដល់​សង្គម​ជាតិ​។

-ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ និង​ចៀសវាង​ឲ្យ​បាន​នូវ​អំពើ​អបាយមុខ​ផ្សេង​ៗ ជា​ពិសេស​ល្បែងស៊ីសង​ជាដើម​។

-ត្រូវ​បន្ត​ប្រតិបត្តិ​ខ្លួន​ជា​កូន​ល្អ សិស្ស​និស្សិត​ល្អ និង​មិត្តភក្ដិ​ល្អ និង​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​ក្លាយជា​យុវជន ដែល​ប្រកបដោយ​គុណសម្បត្តិ​បួន​យ៉ាង គឺ​បញ្ញា សីលធម៌ សុជីវធម៌ និង​កាយសម្បទា​មាំមួន​។

-ត្រូវ​ចូលរួម​គោរព​ប្រតិបត្តិ​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ដើម្បី​សុវត្ថិភាព​ខ្លួនឯង​ផង និង​អ្នក​ដទៃ​ផង «​បើ​ធ្វើ​ដំណើរ​តាម​ម៉ូតូ ត្រូវ​ពាក់មួក​សុវត្ថិភាព បើ​ធ្វើ​ដំណើរ​តាម​រថយន្ត​ត្រូវ​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​ឲ្យ​បាន​ត្រឹមត្រូវ​» ។

ជា​ចុងបញ្ចប់​នៃ​ពិធី​នេះ ឯកឧត្តម អភិបាលខេត្ត បាន​ចែក​រង្វាន់​ជូន​ដល់​ប្អូន​ៗ​ដែល​ប្រឡង​ជាប់​និទ្ទេស​A ទាំង​៣៤​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​៖ ម៉ូតូ​ម៉ាក HONDA WAVE ស៊េរី​២០២៦ ចំនួន​១​គ្រឿង មួក​សុវត្ថិភាព​ចំនួន​០១ និង​ថវិកា ២០០,០០០ រៀល​។

ទន្ទឹម​នោះ​លោក លោកស្រី​ប្រធាន​ការិយាល័យ​អប់រំ យុវជន និង​កីឡា នៃ​រដ្ឋបាល​ក្រុង​-​ស្រុក​ទាំង​៨ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា​២០០.០០០​រៀល និង​នាយក​វិទ្យាល័យ​ទាំង​១៥ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា ៣០០,០០០ រៀល ផង​ដែរ​ ៕​