ទីបំផុតចាប់បានហើយ! អ្នកដឹកជញ្ជូនម្ហូបប្រើល្បិចសួរផ្លូវ តែបែរជាបំពា.ននារីម្នាក់នៅបឹងទំពន់ ត្រូវនគរបាលឃាត់ខ្លួនហើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសនារសៀលថ្ងៃទី១២ ខែវិច្ឆិកានេះថា ៖ សមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យជាអ្នកដឹកជញ្ជូនម្ហូប បានហើយ ក្រោយធ្វើសកម្មភាពបំពា.នលើរាងកាយស្ត្រីរងគ្រោះម្នាក់ នៅសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។

ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបាន ជនសង្ស័យម្នាក់ឈ្មោះ រិទ្ធ សុភារុន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកដឹកជញ្ជូនម្ហូប នៅចំណុចសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យ មានអាស័យដ្ឋាន ផ្លូវ៣៧១ បន្ទប់ជួល ខណ្ឌដង្កោ រាជធានីភ្នំពេញ ពីករណីប្រទូស្តកេរខ្មាស កាលពីថ្ងៃទី១១ ខែវិច្ឆកា ឆ្នាំ២០២៦ វេលាម៉ោង២១:៥៧នាទី ចំណុចកើតហេតុ ផ្លូវ13BT ភូមិសន្សំសល់ទី៥ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រព្រឹត្តទៅលើស្ត្រីរងគ្រោះម្នាក់ រស់នៅផ្ទះជួល ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈដែលជនសង្ស័យជិះម៉ូតូធ្វើជាវង្វេងផ្លូវ ហើយសួរនាំស្ត្រីរងគ្រោះ នៅពេលមេឃកំពុងភ្លៀង ហើយកន្លែងស្ងាត់ ក៏ជនសង្ស័យធ្វើសកម្មភាពបំពា.នលើរាងកាយស្ត្រីរងគ្រោះ បន្ទាប់មកក៏ជិះម៉ូតូគេចខ្លួនបាត់។


ជាក់ស្តែងនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ត្រីរងគ្រោះក៏ញ្ជើញមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១ ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវមានវិធានការច្បាប់ទៅលើជនសង្ស័យផងដែរ ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ កម្លាំងការិយាល័យជំនាញកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនិតិវិធី៕


ចែករំលែកព័តមាននេះ