ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្អាត និងរឹងមាំជាងមុនឆ្ងាយ! ប្រាង្គឥដ្ឋលេខ១៣ ដែលជាតួប្រាសាទរាងល្អជាងគេក្នុងចំណោមប្រាសាទឥដ្ឋទាំង៤៤ ជុំវិញភ្នំបាខែង ត្រូវជួសជុលរួចរាល់ជាស្ថាពរ

29 នាទី មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ក្រុម​អ្នកជំនាញ​របស់​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ចប់​ការ​ជួសជុល​ពង្រឹង​ប្រាង្គ​ប្រាសាទ​ឥដ្ឋ​លេខ​១៣ ដែល​នៅ​លើ​ភ្នំ​បាខែង​ជា​ស្ថាពរ​ហើយ ។ ការ​ជួសជុល​យ៉ាង​យកចិត្តទុកដាក់​តាម​បច្ចេកទេស​នេះ បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​រក្សា​បាន​នូវ​តម្លៃ​បេតិកភណ្ឌ​ឱ្យ​រឹង​មាំ​ឡើង​វិញ ។ នេះ​បើ​ង​តាម​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្ប​រា​។

អ្នកស្រី ឈុ​ន រតនា មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា ឱ្យ​ដឹង​ថា គម្រោង​ជួសជុល​ប្រាង្គ​ឥដ្ឋ​លេខ​១៣ បាន​បែងចែក​ជា​ពីរ​ដំណាក់កាល​ធំ​ៗ​ដូច​ជា ៖ ដំណាក់កាល​ទី​១ ផ្តោត​សំខាន់​ទៅ​លើ​ការ​ជួសជុល និង​ពង្រឹង​គ្រឹះ​ខឿន​ថ្មបាយក្រៀម និង​តួ​ប្រាសាទ​ផ្នែក​ខាងក្រោម ។

អ្នកជំនាញ​បាន​រក​ឃើញ​ថា ខឿន​របស់​ប្រាសាទ​នេះ មាន​ថ្មបាយក្រៀម​ចំនួន​៦​ស្រទាប់ និង​កម្រាល​ថ្មភក់ ចំនួន​១​ស្រទាប់​ទៀត ដែល​ជា​បង្អែក​យ៉ាង​សំខាន់​សម្រាប់​ទ្រទ្រង់​តួ​ប្រាសាទ ។ ចំណែក​ដំណាក់កាល​ទី​ពីរ ក្រុមការងារ​បាន​ជួសជុល​បន្ត ចាប់ពី​រួត​ទី​ពីរ រហូត​ទៅ​ដល់​រួត​កំពូល ដែល​មាន​កម្ពស់​ប្រមាណ ៦​ម៉ែត្រ ។

ការងារ​ជួសជុល​នេះ ក្រុម​អ្នកជំនាញ​បាន​ផ្តោត​លើ​ការ​សម្អាត​ដី កម្ចាត់​កណ្តៀរ សត្វល្អិត ដក​ឫស​ឈើ និង​កូន​រុក្ខជាតិ​ដែល​ចាក់​ចូល​ជ្រៅ​ទៅ​ក្នុង​រចនាសម្ព័ន្ធ​របស់​ប្រាសាទ ដែល​បង្ក​ឱ្យ​មាន​បញ្ហា​ជម្រាប​ទឹក ព្រមទាំង​ធ្វើ​ឱ្យ​ឥដ្ឋ​ពុក​ផុយ ហែក​ញែក​ចេញពី​គ្នា​ជាដើម ។

អ្នកស្រី ឈុ​ន រតនា បញ្ជាក់​ទៀត​ថា គោលការណ៍​គ្រឹះ​នៃ​ការ​ជួសជុល​ប្រាសាទ​ឥដ្ឋ​លេខ​១៣ គឺ​ថែរក្សា​ទម្រង់ និង​រចនាសម្ព័ន្ធ​ដើម ដោយ​មិន​បន្ថែម​រចនាសម្ព័ន្ធ​ថ្មី​ទេ ។ កន្លង​មក ប្រាង្គ​ឥដ្ឋ​លេខ​១៣ មានការ​ទ្រុឌទ្រោម​ខ្លាំង ដោយ​មិន​អាច​ឈរ​ខ្លួនឯង​បាន​ទេ ។

ក្រុម​អ្នក​អភិរក្ស​បាន​ព្យាយាម​ជួយ​សង្គ្រោះ​ប្រាសាទ​នេះ​ដោយ​យក​ឈើ​ទៅ​ជួយ​ទល់​ទ្រ ព្រមទាំង​រុំ​ព័ទ្ធ​ខ្សែ​កា​ប្លិ៍​ជុំវិញ​តាំងពី​ក្រោម​រហូត​ដល់​ទៅ​កំពូល ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ប្រាង្គ​ឥដ្ឋ​លេខ​១៣ មិន​ត្រឹមតែ​អាច​ឈរ​រឹង​មាំ​បាន​ឡើង​វិញ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​មាន​សោភ័ណ ភាព​ស្រស់​ស្អាត​ជាង​មុន​ផង​។ ប្រាង្គ​ឥដ្ឋ​លេខ​១៣ គឺជា​ប្រាសាទ​ដែល​នៅ​មាន​សល់​តួ​រាង​ល្អ​ជាងគេ​ចាប់តាំងពី​ខឿន​រហូត​ដល់​កំពូល ក្នុង​ចំណោម​ប្រាង្គ​ប្រាសាទ​ឥដ្ឋ​ចំនួន ៤៤ ដែល​ស្ថិត​នៅ​ជុំវិញ​ភ្នំ​បាខែង ។

ការ​ជួសជុល​ពង្រឹង​ប្រាង្គ​ឥដ្ឋ​លេខ​១៣​ឡើង​វិញ មិន​ត្រឹមតែ​ជួយ​សង្គ្រោះ​ប្រាសាទ​ពី​ការ​ដួល​រលំ​ប៉ុណ្ណោះ​ទេ វា​ក៏​ជួយ​លើកកម្ពស់​សោភ័ណ​ភាព និង​តម្លៃ​ស្នាដៃ​សិល្បៈ​ដូនតា​ខ្មែរ ដើម្បី​ឱ្យ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ទៅ​ទស្សនា​ទិដ្ឋភាព​ថ្ងៃ​លិច នៅ​លើ​ភ្នំ​បាខែង បានឃើញ​នូវ​សំណង់​បុរាណ​ដ៏​រឹង​មាំ និង​រស់​រវើក​ឡើង​វិញ​ដែរ ៕