ក្រោយភាគីថៃបិទដោយឯកតោភាគីជាង១ឆ្នាំ! ព្រឹកនេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យ និងរាយការណ៍ស្ថានភាពព្រំដែននៅច្រកគីឡូ១៣ (ភ្នំដី) ហើយ
- បាត់ដំបង
រាជធានីភ្នំពេញ ៖ ក្រុមអ្នកសង្កេតការណ៍ ហៅកាត់ថា AOT បានចុះពិនិត្យ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ (ភ្នំដី) ដែលស្ថិតនៅក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នាវេលាម៉ោង ០៩:១៦នាទីព្រឹកមិញនេះ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ ពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ ក្នុងសេចក្តីប្រកាសរួម និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ (ភ្នំដី) ដែលស្ថិតនៅក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្រោយបទឈប់បាញ់ចូលជាធរមាន ។

អ្នកនាំពាក្យបានបញ្ជាក់ផងដែរថា ទីតាំងច្រកអន្តរជាតិគីឡូ១៣ នេះត្រូវបានបិទចាប់តាំងពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីភាគីថៃសម្រេចបិទ ដោយឯកតោភាគីមកម្ល៉េះ ។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕



ចែករំលែកព័តមាននេះ