សូមប្រយ័ត្ន! ព្យុះទី៣២ សេមប៉ាកា ធ្វើឲ្យមានភ្លៀងជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ លើផ្ទៃដីរហូតដល់៣០%
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី១២ ដល់១៤ វិច្ឆិកា ព្យុះទី៣២ សេមប៉ាកា មានឥទ្ធិពលមកលើតំបន់មួយចំនួនរបស់កម្ពុជា មានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ លើផ្ទៃដីរហូតដល់៣០%។

យោងតាមព្រឹត្តិបត្រព័ត៌មានរបស់ក្រសួងធនធានទឹក អំពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឲ្យដឹងថា ព្យុះទី៣២ ឈ្មោះ សេមប៉ាកា (Cempaka) T2632 នៅតែមានឥទ្ធិពលលើរបបខ្យល់មូសុងឦសានដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា ។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ សេមប៉ាកា នេះទេ។

ក្រសួងថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នៅ តំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម ៤ម៉ែត្រវិនាទី ។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ១៥% ។

ចំណែកនៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពមធ្យមអប្បបរមា២២°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសឦសាន និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រ វិនាទី ។ ខេត្តឧត្តរមានជ័យ កំពង់ស្ពឺ ប៉ៃលិន ព្រះវិហារ ស្ទឹងត្រែង ខេត្តក្រចេះ រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១៥% ។

ដោយឡែកនៅតំបន់មាត់សមុទ្រនៅសីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C ។ ខ្យល់បក់ មកពីទិសឦសាន និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៤ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី ៣០%។
ចំពោះរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ ៕
ចែករំលែកព័តមាននេះ