ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណែង​លោក Huang នៅ Nvidia ផុយ​ស្រួយ​ខ្លាំង ខណៈ​រឿងអាស្រូ.វ​ស្នេហា​ថ្មី​ផ្ទុះ​ឡើង​បន្ថែម​ពីលើ​ករណី​ស្ត្រី​សង្ស័យ​ជា​ចារកម្ម​ចិន

1 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​ប្រភព​ពី Reuters នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា បាន​រាយការណ៍​ថា ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​បន្ទះ​ឈី​ប Nvidia កំពុង​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ កាលពី​យប់​ថ្ងៃ​ពុធ (​ម៉ោង​នៅ​សហរដ្ឋអាមេរិក​) ដើម្បី​សម្រេច​ថា តើ​ត្រូវ​ដកហូត​តំណែង​ជានា​យក​ប្រតិបត្តិ​របស់​លោក Jensen Huang ឬ​យ៉ាងណា? ជុំវិញ​រឿងអាស្រូវ​ពាក់ព័ន្ធ​នឹង​ចារកម្ម​ចិន​។

ប្រភព​សិ្ន​ទ្ធ​នឹង​រឿង​នេះ ដែល​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ Reuters ខណៈ​ក្រុមហ៊ុន​ផ្គត់ផ្គង់​បន្ទះ​ឈី​ប AI ឈានមុខ​គេ​នៅ​លើ​ពិភពលោក​មួយ​នេះ កំពុង​ដោះស្រាយ​បញ្ហា​ទំនាក់ទំនង​ស្នេហា​លួចលាក់​របស់​លោក Jensen Huang ជាមួយ​ស្ត្រី​ជា​អ្នកជំនួញ​ជនជាតិ​ចិន​ឈ្មោះ Alice Huang ដែល​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អា​មេ​រិ​ក (CIA) សង្ស័យ​ថា​ជា​ភ្នាក់ងារ​ចារកម្ម​ចិន និង​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ដឹក​ជញ្ជូន​បន្ទះ​ឈី​ប​ស្ថិត​ក្រោម​ការ​ហាមឃាត់​ទៅ​កាន់​ប្រទេស​ចិន​។

អ្វី​ដែល​កាន់តែ​កក្រើក​ខ្លាំង​ទៀត​នោះ កាលពី​ថ្ងៃ​ពុធ កាសែត The New York Times បាន​ចុះ​ផ្សាយ​ថា ក្រៅពី​ស្ដ្រីជន​ជាតិចិន Alice Huang លោក Jensen Huang ក៏​មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់​ជាមួយ​អ្នកស្រី Kimberly Powell ដែល​ជា​អនុប្រធាន​ផ្នែក​ថែទាំ​សុខភាព​របស់​ក្រុមហ៊ុន Nvidia ផង​ដែរ បន្ទាប់​ពី​កាសែត​នេះ បាន​ដកស្រង់​សម្តី​បុគ្គលិក ៥ នាក់​នៅ​ក្នុង​ក្រុមហ៊ុន Nvidia ។

ទោះ​យ៉ាងណា​ក៏​ដោយ ទាំង Nvidia និង​លោក Huang មិន​ទាន់​មាន​ប្រតិកម្ម​ណាមួយ​ឆ្លើយ​តប​នឹង​ការ​ចុះ​ផ្សាយ​របស់ The New York Times នៅឡើយ​ទេ​។ ដ្បិត​កាលពី​ចុង​ស​ប្តា​ហ៏​មុន លោក​បាន​សារភាព​ប្រាប់​បុគ្គលិក និង​គ្រួសារ​ថា លោក​ពិតជា​មាន​ភាព​មិន​ស្មោះត្រង់​ជាមួយ​ភរិយា គឺ​លោកស្រី Lori Huang​។

គួរ​បញ្ជាក់​ថា កិច្ចប្រជុំ​បន្ទាន់​ដែល​ធ្វើ​ឡើង​នេះ គឺជា​ការ​ផ្លាស់​ប្តូរ​ជំហរ​ដ៏​ឆាប់រហ័ស បន្ទាប់​ពី​ក្រុមប្រឹក្សាភិបាល​ទើបតែ​បង្ហាញ​ទំនុកចិត្ត​លើ​លោក Huang កាលពី​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​មុន​។ យោង​តាម​លក្ខន្តិកៈ​របស់​ក្រុមហ៊ុន Nvidia សមាជិក​ក្រុមប្រឹក្សាភិបាល​អាច​បោះ​ឆ្នោត​សម្រាប់​សំឡេង​ភាគច្រើន ដើម្បី​ដកហូត​តំណែង​លោក Huang បាន​គ្រប់ពេល​។ ជាមួយ​គ្នា​នោះ ក្រុមប្រឹក្សាភិបាល​ក៏​កំពុង​ពិចារណា​តែងតាំង​នាយក​ប្រតិបត្តិ​បណ្តោះអាសន្ន និង​សហការ​ជាមួយ​ក្រុមហ៊ុន​ជ្រើសរើស​បុគ្គលិក​ជាន់ខ្ពស់ ដើម្បី​ស្វែងរក​អ្នក​ជំនួស​តំណែង​នេះ​។

ភាគហ៊ុន​ក្រុមហ៊ុន Nvidia បាន​ធ្លាក់​ចុះ​ដល់​ជាង ៨% ក្នុង​ការ​ជួញដូរ​បន្ថែម​ម៉ោង បន្ទាប់​ពី​កាសែត Wall Street Journal បាន​រាយការណ៍​ជា​លើក​ដំបូង​ថា ក្រុមហ៊ុន​កំពុង​រៀបចំ​ដកហូត​តំណែង​លោក Huang ។ ប្រសិនបើ​ការ​ខាតបង់​ទាំងនោះ​នៅ​តែ​បន្ត ក្រុមហ៊ុន Nvidia នឹង​បាត់បង់​តម្លៃ​ទីផ្សារ​ប្រហែល ៦០០ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ចាប់តាំងពី​ក្រុមប្រឹក្សាភិបាល​បាន​ប្រកាស​ពី​ការ​ស៊ើបអង្កេត​លើ​ទំនាក់ទំនង​លោក ជាមួយ​អ្នកជំនួញ​ស្ត្រីជន​ជាតិចិន​ឈ្មោះ Alice Huang៕