ក្រុមអុកឡុកផ្លូវវ៉េងស្រេង ត្រូវនគរបាលក្របួ.ចបានជិត១០នាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្មេងទំនើង១ក្រុមមានច្រើននាក់ និងជិះម៉ូតូច្រើនគ្រឿង បានយកមួកសុវត្ថិភាពវាយយុវជនម្នាក់ បណ្ដាលឲ្យដួលម៉ូតូរងរបួស នាវេលាយប់រំលងអធ្រាត្រ រួចគេចខ្លួនបាត់អស់ ហើយយុវជនរងគ្រោះបានប្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍ ។
ក្រោយពេលកើតហេតុ និងទទួលបណ្ដឹងរបស់យុវជនរងគ្រោះរួចតែប៉ុន្មានម៉ោងប៉ុណ្ណោះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ។ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនក្មេងទំនើងបានចំនួន០៦នាក់ ។
ហេតុការណ៍ខាងលើនោះបានកើតឡើងកាលពីវេលាម៉ោង០១និង៥០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចផ្លូវកោង ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្មេងទំនើងដែលត្រូវនគរបាលឃាត់ខ្លួនខាងលើនោះរួមមាន១-ឈ្មោះ ស៊ន សុខអាន ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងភូមិសាស្ត្រសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។ ២-ឈ្មោះគង់ វីរ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរចុងភៅ មានទីលំនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ៣-ឈ្មោះ ម៉ៅ បញ្ញា ភេទប្រុស អាយុ ១៥ឆ្នាំ ៤-ឈ្មោះ ប៊ុន ជេម ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មកររោងចក្រ ៥-ឈ្មោះ ថា វណ្ណថៃ ភេទប្រុស អាយុ១៧ឆ្នាំ ទាំង៣នាក់នេះស្នាក់ក្នុងភូមិសាស្ត្រសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ៦-ឈ្មោះ ម៉ាន់ តុងធៀន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចំម្ការឳឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
ចំណែកយុវជនរងគ្រោះឈ្មោះ ងាវ ផានិត អាយុ១៩ឆ្នាំ មុខរបរបុគ្គលិហាងលីលីប៊ុកហ្វេ មានទីលំនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបានប្រាប់ថា រវាងក្រុមក្មេងទំនើង១ក្រុមនោះ និងយុវជនរងគ្រោះ ពុំធ្លាប់មានទំនាស់ឬគំនុំអ្វីជាមួយគ្នាពីមុនមកទេ ហើយក៏ពុំធ្លាប់ដែលស្គាល់គ្នាពីមុនមកដែរ ប៉ុន្តែឲ្យតែឃើញទើសមុខ មិនចាំបាច់មានរឿងទំនាស់គ្នានោះទេ គឺក្រុមនេះវាយដើម្បីកាត់សាញតែម្ដង ។
ដោយឡែកនៅមុនពេលកើតហេតុយុវជនរងគ្រោះបានជិះម៉ូតូ១គ្រឿងតាមមហាវិថីចោមចៅ(ផ្លូវវ៉េងស្រេង) លុះពេលទៅដល់ត្រង់ចំណុចកើតហេតុដល់ទន្ទឹមក្រុមក្មេងទំនើងខាងលើកំពុងជិះម៉ូតូតាមផ្លូវនោះដែរ ។ ខណៈនោះ ក៏ត្រូវក្រុមក្មេងទំនើងខាងលើយកមួកសុវត្ថិភាពវាយ បណ្ដាលឲ្យយុវជនរងគ្រោះដួលម៉ូតូរងរបួស បន្ទាប់មកក្រុមក្មេងទំនើងទាំងនោះបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាពអស់ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងបន្តថា ក្រោយពេលកើតហេតុ យុវជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីឲ្យនគរបាលជួយអន្តរាគមន៍ ។ បន្ទាប់ពីទទួលបានបណ្ដឹងនោះហើយ កម្លាំងនគរបាលប៉ុស្តិ៍ខាងលើ ក៏រាយការណ៍តាមលំដាប់លំដោយទៅថ្នាក់លើ ហើយក្រោយមកកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ បានធ្វើការស្រាវ ភ្លាមៗផងដែរ ។ លុះដល់វេលាម៉ោង២និង៣០នាទីរសៀលថ្ងៃដដែល ទើបឈានដល់ការឃាត់ខ្លួនក្មេងទំនើងខាងលើចំនួន០៦នាក់ នៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រួចនាំយកទៅសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់ ៕



ចែករំលែកព័តមាននេះ