ជប៉ុនកំពុងចាប់អារម្មណ៍នឹងវិស័យសុខាភិបាលនៅកម្ពុជា
- ភ្នំពេញ
ខណៈដែលមន្ទីរពេទ្យដែលវិនិយោគដោយក្រុមហ៊ុនជប៉ុនមួយ បានកំពុងតែទទួលការគាំទ្រពីប្រជាពលរដ្ឋកម្ពុជា វិនិយោគិនជប៉ុនបានកំពុងតែចាប់អារម្មណ៍លើការវិស័យនេះ ។

ពាក់ព័ន្ធនឹងចំណុចនេះ ក្រសួងសុខាភិបាល បានអះអាងថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា គណប្រតិភូនៃក្រុមហ៊ុនវិនិយោគជប៉ុនមួយ ក្រុមដឹកនាំដោយលោក ហ្វូមីអាគី តាកាហាស៊ី (Fumiaki TAKAHASHI) ប្រធានប្រធានសមាគមជប៉ុន-កម្ពុជា បានជួបពិភាក្សាជាមួយនឹងលោក កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល ។

នៅក្នុងជំនួបនោះ លោក ហ្វូមីអាគី តាកាហាស៊ី បានបង្ហាញពីបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងសុខាភិបាល ដោយផ្តោតលើការភ្ជាប់ជំនាញ និងបច្ចេកវិទ្យា របស់វិស័យឯកជនជប៉ុន ទៅនឹងតម្រូវការអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា ។
ក្រសួងបានឲ្យដឹងថា នៅក្នុងជំនួបនោះភាគីទាំងពីរបានពិភាក្សាពីសារៈសំខាន់នៃការចូលរួមពីវិស័យឯកជន ក្នុងការចូលរួមពង្រឹងគុណភាព និងសុវត្ថិភាពសេវាសុខាភិបាល ការអភិវឌ្ឍ ធនធានមនុស្ស និងការអនុវត្តស្តង់ដារវិជ្ជាជីវៈសុខាភិបាលនៅកម្ពុជា ។

វិស័យសុខាភិបាលកម្ពុជា នៅពេលបច្ចុប្បន្ននេះ បានទទួលគម្រោងវិនិយោគពីប្រទេសមួយចំនួន ដែលរួមមាន ជប៉ុន វៀតណាម ថៃ សិង្ហបុរី ។ល។
ចែករំលែកព័តមាននេះ