ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​បើក​ដំណើរការ​ព្រឹត្តិការណ៍ ​«​ភូមិ​ហ្វ្រ​ង់​កូ​ហ្វូ​នី» ​ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​រាជធានី​ភ្នំពេញ

42 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ក្រសួងទេសចរណ៍​កម្ពុជា​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​បើក​ដំណើរ​ការ​ព្រឹត្តិការណ៍ «​ភូមិ​ហ្វ្រ​ង់​កូ​ហ្វូ​នី​» Village de la Franco​phonie​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​រាជធានី​ភ្នំពេញ​ ។

ក្នុង​សេចក្តីជូនដំណឹង​ក្រសួង​ទេសចរណ៍ចេញផ្សាយ​ នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៦​បាន​ជូន​ក្រសួង ស្ថាប័ន​សាធារណៈ វិស័យ​ឯកជន បណ្តាញសារព័ត៌មាន ភ្ញៀវ​ទេសចរ​ជាតិ​-អន្តរជាតិ និង​សាធារណជន​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា ក្នុង​ស្មារតី​អបអរសាទរព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ«កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០» ។

ក្រសួងទេសចរណ៍សហការ​ជាមួយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួង​កិច្ចការ​នារី ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ នឹង​បើក​ដំណើរការ«​ភូមិ​ហ្វ្រ​ង់​កូ​ហ្វូ​នី» ក្រោម​ប្រធានបទ​ «ស្នាមញញឹម​ខ្មែរ ស្នាមញញឹម​ហ្វ្រ​ង់​កូ​ហ្វូ​នី» ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​បរិវេណ​សួន​ច្បារ​វត្ត​បទុម​វ​តី រាជធានី​ភ្នំពេញ ​។

ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​នឹង​ប្រព្រឹត្ត​ទៅ​ នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពស់​ខ្ពស់​របស់​សម្តេច​មហា​ប់វរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ​ម៉ា​ណែ​ត និង​លោក​ជំទាវ Louise Mushikiwabo អគ្គលេខាធិការ នៃ​អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី (OIF)​ ។

ជាមួយ​គ្នា​នេះ សម្រាប់​រយៈពេល​៥​ថ្ងៃ ភូមិ​ហ្វ្រ​ង់​កូ​ហ្វូ​នី​នឹង​បើក​ទទួល​ស្វាគមន៍​គណៈប្រតិភូភ្ញៀវ​ទេសចរជាតិ​-​អន្តរជាតិ និង​សាធារណជន ចាប់ពី​ម៉ោង១០​និង​០០​នាទីព្រឹក រហូត​ដល់​ម៉ោង៩​និង​០០​នាទីយប់ ដោយ​មានកម្មវិធី​ចម្រុះ​ប្រកបដោយ​ភាព​សម្បូរ​បែប និង​មាន​ភាព​រស់​រវើក ក្នុង​នោះ​រួម​មាន​៖

១-តំបន់​ពន្លា​ជាតិ ដែល​មានការ​តាំង​បង្ហាញ​អំពី​អត្តសញ្ញាណ​ជាតិ វប្បធម៌ ប្រពៃណី សិល្បៈ សក្តានុពល ទេស ចរណ៍ និង​សមិទ្ធផល​នានា​របស់​ប្រទេស​/​រដ្ឋ​/​តំបន់​ដែល​ជា​សមាជិក​អង្គការ OIF និង​ស្ថាប័ន ចំណុះ​អង្គការ OIF ចំនួន៧៣ទីតាំង​ពន្លា​។

២-ការ​រៀបចំ​សន្និសីទ និង​កិច្ច​ពិភាក្សា​នានា មាន​ចំនួន​ប្រមាណ៤០កម្មវិធី​។

៣-ការ​សម្តែង​សិល្បៈ និង​វប្បធម៌​របស់​បណ្តា​ប្រទេស​សមាជិក​អង្គការ OIF និង​ទស្សនីយភាព​សិល្បៈ របស់​កម្ពុជា ដែល​រៀបចំ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​មាន​ប្រមាណ​ជាង៥០កម្មវិធី​។

៤-ការ​តាំងពិព័រណ៍​ទូទៅ ដោយ​មានការ​ចូលរួម​ពី​បណ្តា​ប្រទេស​អង្គការ OIF ក្រសួង ស្ថាប័ន​សាធារណៈ រដ្ឋបាល​រាជធានី​-​ខេត្ត សមាគម អង្គការ​ជាតិ​-​អន្តរជាតិ និង​វិស័យ​ឯកជន សរុប​ចំនួន១៣០ស្តង់​។

៥-ភូមិ​អាហារ​ហ្វ្រ​ង់​កូ​ហ្វូ​នី ដែល​មានការ​បង្ហាញ និង​ផ្សព្វផ្សាយ​ម្ហូបអាហារ ភេសជ្ជៈ និង​ផលិតផល ម្ហូបអាហារ​អត្តសញ្ញាណ​របស់​កម្ពុជា និង​បណ្តា​ប្រទេស​ក្នុង​សហគមន៍​ហ្វ្រ​ង់​កូ​ហ្វូ​នី សរុប​ចំនួន ៣០ ស្តង់ នឹង​សកម្មភាព​អម​ជា​ច្រើន​ទៀត​។

ក្រសួងទេសចរណ៍​បាន​ស្នើ​សូម ក្រសួង ស្ថាប័ន​សាធារណៈ វិស័យ​ឯកជន បណ្តាញសារព័ត៌មាន ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ និង​សាធារណជន​ទាំងអស់ ជ្រាប​ជា​ព័ត៌មាន និង​អង់​ខ​ចូលរួម​ព្រឹត្តិការណ៍ «ភូមិ​ហ្វ្រ​ង់​កូ​ហ្វូ​នី» ឱ្យ​បាន​ច្រើន​កុះករ ៕