ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងសង្គ្រាមយេម៉ែនឆាបឆេះខ្លាំងជាថ្មី! មីស៊ីល និងដ្រូន បា.ញ់ស្រោចលើបន្ទាយទ័ពសម្ព័ន្ធមិត្តអារ៉ាប់​នៅក្រុងអា​ដេន

4 ម៉ោង មុន

ប្រទេស​យេ​ម៉ែ​ន ៖ មី​ស៊ី​ល​២​គ្រាប់​ កាលពី​ព្រឹក​ថ្ងៃ​ទី​១១​ វិច្ឆិកា ​ត្រូវ​បាញ់​លើ​ជំរំ​យោធា​មួយ​របស់​ក្រុមចម្រុះ​អា​រ៉ាប់​ ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​ នៅ​ភាគ​ខាងលិច​ក្រុង​អា​ដេ​ន ​។ ចំណែក​ដ្រូ​ន​១​គ្រឿង ​ដែល​ប៉ង​វាយប្រហារ​បន្ទាយ​យោធា​មួយ​ នៅ​ក្នុង​ទីក្រុង​នោះ​ដែរ​ ត្រូវ​បាន​ស្ទាក់​កម្ទេច​។ ការ​វាយប្រហារ​នោះ​ មិន​ទាន់​មានការ​ប្រកាស​ថា​ ជា​ស្នាដៃ​អ្នក​ណា​នៅឡើយ តែ​ពួក​ឧទ្ទាម​ហ៊ូ​ធី​ស្និទ្ធិអ៉ី​រ៉​ង់​តែង​វាយប្រហារ​ដោយ​ទៀងទាត់​​បណ្ដា​ទីតាំង​របស់​រដ្ឋាភិបាល​យេ​ម៉ែ​ន​ទទួលស្គាល់​ដោយ​អន្តរជាតិ ហើយ​ជួយ​ទ្រទ្រង់​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​ ។

ការ​វាយប្រហារ​ថ្មី​នេះ ​លើ​ក្រុង​អា​ដេ​ន ជា​រដ្ឋធានី​បណ្ដោះអាសន្ន​របស់​រដ្ឋាភិបាល​យេ​ម៉ែ​ន ក្រោយ​ពី​ពួក​ហ៊ូ​ធី​វាយ​ឲ្យ​ខ្ទាត​ចេញពី​រដ្ឋធានី​សា​ណា ធ្វើ​ឡើង​បន្ទាប់​ពី​ការ​វាយប្រហារ​តាម​អាកាស​ដ៏​បង្ហូរឈាម​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ប្រឆាំង​បណ្ដាជន​ស៊ី​​វិល​ក្នុង​ដែនដី​ត្រួតត្រា​ដោយ​ហ៊ូ​ធី​ ។ ក្រុង​អា​ដេ​ន​នា​ភាគ​ខាងត្បូង​ប្រទេស​ជា​រដ្ឋធានី​នៃ​អតីត​យេ​ម៉ែ​ន​ខាងត្បូង​មុន​ពេល​មានការ​បង្រួបបង្រួម​យេ​ម៉ែ​ន ត្រូវ​បាន​រដ្ឋាភិបាល​យក​ធ្វើ​ជា​រដ្ឋធានី​បណ្ដោះអាសន្ន​ ។

កាលពី​ខែតុលា​ទីក្រុង​នោះ​ រង​ការ​វាយប្រហារ​ជាប់​រដឹក​ពី​សំណាក់​ពួក​ហ៊ូ​ធី​ ។ វិមាន​ប្រធានាធិបតី​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​វាយ​ប្រហារ​ទាំងនោះ​ដែរ​ ។ ពួក​ហ៊ូ​ធី​វាយ​ដណ្ដើម​កាន់កាប់​រដ្ឋធានី​យេ​ម៉ែ​ន​សា​ណា​ កាលពី​ឆ្នាំ​២០១៤​ ប​ង្ខំ​​ឲ្យ​រដ្ឋាភិបាល​ដកថយ​ទៅ​កាន់​​ក្រុង​អា​ដេ​ន ​។ ចាប់តាំងពី​ពេល​នោះ​មក ​ពួក​ហ៊ូ​ធី​ដណ្ដើម​កាន់កាប់​ផ្នែក​មួយ​ដ៏​ធំ​របស់​ប្រទេស​ ។

បន្ទាប់​ពី​បទ​ឈប់​បាញ់​គ្នា​កាលពី​ឆ្នាំ​២០២២ ការ​ប្រយុទ្ធ​គ្នា​កើត​មាន​ជា​ថ្មី ពី​ខែកក្កដា​មក រវាង​ពួក​ហ៊ូ​ធី​ និង​កងទ័ព​រដ្ឋាភិបាល គាំទ្រ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​ ។ ទន្ទឹម​គ្នា​នេះ​ដែរ ​ពួក​ហ៊ូ​ធី ​ក៏​បង្កើន​ការ​វាយប្រហារ​លើ​អា​រ៉ា​ប៊ី​សា​អូឌីត សំដៅ​ជា​ពិសេស ​លើ​បណ្ដា​ព្រ​លាន​យន្តហោះ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រេងកាត​អា​រ៉ា​ប៊ី​សា​អូឌីត​ ។ អា​រ៉ា​ប៊ី​សា​អូឌីត​ប្រកាស​ពី​ការ​ស្ទាក់​កម្ទេច​មីស៊ី​​ល​បណ្ដែត​៣​គ្រាប់​​ដែល​ពួក​ហ៊ូ​ធី​បាញ់​សំដៅ​រាជធានី​រី​យ៉ា​ដ ​។

នៅ​ក្រុង​សា​ណា​មនុស្ស​ច្រើន​ពាន់​នាក់​ ប្រមូលផ្ដុំ​គ្នា​កាលពី​ថ្ងៃ​ទី​១១​ វិច្ឆិកា​ ដើម្បី​ចូលរួម​ក្នុង​ការ​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​បណ្ដាជន​រង​គ្រោះ​ដែល​ស្លាប់​ ដោយសារ​ការ​ទម្លាក់​គ្រាប់បែក​របស់​អា​រ៉ា​ប៊ី​សា​អូឌីត លើ​ភូមិ​មួយ​នា​ភាគ​ខាងកើត​រដ្ឋធានី​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដល់​៤៤​នាក់​ ក្នុង​នោះ​ មាន​កុមារ​ជាង​២០​នាក់ ​កាលពី​ថ្ងៃ​ទី​៧​ វិច្ឆិកា​៕