ខេត្តរតនគិរី ៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅតែបន្តយុទ្ធនាការ រៀបចំវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ យ៉ាងសកម្មជារៀងរាល់សប្ដាហ៍ ជាក់ស្ដែងនាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ វេទិកាការងារត្រូវបានរៀបចំឡើងនៅ ក្នុងបរិវេណសាលាស្រុកអូរជុំ ខេត្តរតនគិរី ដោយបានពាំនាំឱកាសការងារជាង ២០០០ កន្លែង និងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករមកពីប្រទេសថៃ និងយុវជនកំពុងរកការងារធ្វើប្រមាណជាង ៥០០នាក់ ។

ថ្លែងក្នុងវេទិកានេះ លោក ទេព ណាវី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា តាមរយៈវេទិកានេះបាននាំឱកាសការងារ ទទួលបានប្រាក់ឈ្នួលសមរម្យយ៉ាងច្រើន ដែលការងារមានតាមវិស័យកសិកម្ម កសិឧស្សាហកម្ម សេវាកម្ម ទេសចរណ៍ជាដើម ជាពិសេសភាគច្រើនមានមូលដ្ឋាន នៅក្នុងខេត្តរតនគិរីស្រាប់ ដូច្នេះសូមប្រជាពលរដ្ឋ អតីតពលករមកពីប្រទេសថៃ និងយុវជនកំពុងរកការងារ អាចធ្វើការចុះឈ្មោះ សម្ភាសបានគ្រប់ៗគ្នា ដើម្បីទទួលបានការងារភ្លាមៗ ។ ក្រៅពីប្រាក់ឈ្នួលសមរម្យ និងការយកចិត្តទុកដាក់នេះ ការងារក្នុងស្រុកក៏ទទួលបានអត្ថប្រយោជន៍ជាច្រើន ជាពិសេសអត្ថប្រយោជន៍ពី ប.ស.ស. រួមមាន៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធនចាប់ពីអាយុ ៦០ឆ្នាំទៅ ព្រមទាំងផ្តល់សុភមង្គលក្នុងគ្រួសារផងដែរ ។ ផ្ទុយទៅវិញ ការងារចំណាកស្រុកខុសច្បាប់ អាចប្រឈមនឹងហានិភ័យសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព ការរើសអើង និងមិនអាចរស់នៅជួបជុំក្រុមគ្រួសារ ។

ក្រៅពីផ្សព្វផ្សាយឱកាសការងារ ឯកឧត្តមក៏បានលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋចុះឈ្មោះចូលរៀន ជាមួយកម្មវិធី TVET 1.5M ដោយឥតគិតថ្លៃ ដូចជា៖ ផ្នែកសំណង់ ជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី បរិក្ខារត្រជាក់ ដុតនំ ឆុងកាហ្វេ និងផ្នែកសាឡនជាដើម ដើម្បីអាចប្រើប្រាស់ជំនាញទាំងនេះ បង្កើតមុខរបរដោយខ្លួនឯង ឬ រកការងារធ្វើទទួលបានប្រាក់ឈ្នួលខ្ពស់ជាងមុន ។

ក្នុងករណីប្រជាពលរដ្ឋចង់ទៅធ្វើការ នៅក្រៅប្រទេស ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ចុះឈ្មោះជាមួយនឹងក្រុមហ៊ុន បញ្ជូនពលករស្របច្បាប់ ដែលនឹងទទួលបានប្រាក់ឈ្នួលខ្ពស់ និងមានការការពារសិទ្ ធិនិងអត្ថប្រយោជន៍ពេញលេញ ។
យ៉ាងណាមិញ ប្រសិនបើប្រជាពលរដ្ឋចង់សាកសួរព័ត៌មានបន្ថែម សូមទាក់ទងទៅលេខ Hotline ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬ រៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ព័ត៌មានពាក់ព័ន្ធនឹង ប.ស.ស.។

សូមបញ្ជាក់ថា ឱកាសការងារទាំងនេះត្រូវបានផ្តល់ដោយ ក្រុមហ៊ុន ថាកូ អាហ្គ្រី, ធនាគារ ABA (ខេត្តរតនគិរី), រោងចក្រ ស៊ិនគី អឹភែរឹល (ខេមបូឌា) ឯ.ក, និង ធនាគារ វីង (ខេមបូឌា) ម.ក ដែលមានតម្រូវការការងារសរុបជាង ២០០០ កន្លែង ៕ អត្ថបទសហការ












ចែករំលែកព័តមាននេះ