ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​សាធារណរដ្ឋរ​វ៉ា​ន់​ដា និង​ភរិយា​យ ​បាន​មក​ដល់​កម្ពុជា ​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ

13 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ​ដូច​ជា​ការ​គ្រោងទុក ឯកឧត្តម ផូ​ល ខា​ហ្គា​ម៉េ (Paul Kagame) ប្រធានាធិបតី​ នៃ​សាធារណរដ្ឋរ​វ៉ា​ន់​ដា និង​លោក​ជំទាវ Jeannette Kagame ​បាន​អញ្ជើញ​មក​ដល់​កម្ពុជា ​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ ​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី ​លើក​ទី​២០ ដែល​កម្ពុជា​ជា​ប្រធាន​ និង​ជា​ម្ចាស់ ផ្ទះ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅ​រាជធានី​ភ្នំពេញ​ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រសួងការបរទេស​កម្ពុជា ​បានឱ្យ​ដឹង​ថា តប​តាម​ការ​អញ្ជើញ​របស់ព្រះករុណា​ ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ឯកឧត្តម ផូ​ល ខា​ហ្គា​ម៉េ (Paul Kagame) ប្រធានាធិបតី​ នៃសាធារណរដ្ឋរ​វ៉ា​ន់​ដា នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ព្រះរាជាណា​ចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៦ អំឡុង​ពេល​ដែល ​ឯកឧត្តម​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ ហ្វ្រ​ង់​កូ​ហ្វូ​នី លើក​ទី​២០ ដែលព្រះរាជា​ណាចក្រ​កម្ពុជា ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ ។

ក្នុងអំឡុងពេល​ នៃ​ដំណើរ​ទស្សនកិច្ច​នេះ ឯកឧត្តម ប្រធានាធិបតី ផូ​ល ខា​ហ្គា​ម៉េ នឹង​ចូល​គាល់ ព្រះករុណា ​ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា នៅ​ព្រះ​បរមរាជវាំង​​ ។

ឯកឧត្តម ក៏​នឹង​មាន​ជំនួប​ដាច់​ដោយឡែក​ជាមួយសម្តេច​អគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី យួន សុ​ដា​រី ប្រធានរដ្ឋសភា និងសម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ផ្លាស់​ប្តូរ​ទស្សនៈ ​ស្តី​ពីការ​ពង្រឹង​បន្ថែម​ទៀត ​នូវ​ទំនាក់ទំនង​ទ្វេភាគី និង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ​។

ក្នុង​ឱកាស​នេះ កិច្ចព្រមព្រៀង និង​ឯក សារ​សហប្រតិបត្តិការ​មួយ​ចំនួន​ក្នុង​វិស័យ​ពាណិជ្ជកម្ម វិនិយោគ អាកាស ចរណ៍ និង​ទេសចរណ៍ នឹង​ត្រូវ​បាន​ចុះហត្ថលេខា ដែល​នឹង​ផ្តល់​នូវ​កម្លាំង​ច​លករ​ថ្មី​ដល់​ទំនាក់ទំនង ទ្វេភាគី ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ធុរកិច្ច​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​ថែម​ទៀត ព្រមទាំង​បើកផ្លូវ​ថ្មី​ៗ​សម្រាប់ កិច្ច​សហប្រតិបត្តិការ​ដែល​ផ្តល់​ផលប្រយោជន៍​ទៅ​វិញ ទៅ​មករ​វាង​កម្ពុជា និងរ​វ៉ា​ន់​ដា​៕