រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនបុរសអ្នកដឹកម្ហូបម្នាក់ ពាក់ព័ន្ធនឹងករណីបៀតបៀននារីម្នាក់(ប្រទូស្តកេរ្តិ៍ខ្មាស) នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ។
ការឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យនៅចំណុចសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ រិទ្ធ សុភារុន ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកដឹកម្ហូប បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលតាមបណ្តោយផ្លូវលេខ ៣៧១ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
គួររំលឹកថា ការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីជនសង្ស័យបានប្រព្រឹត្តសកម្មភាពប្រទូស្តកេរ្តិ៍ខ្មាស កាលពីវេលាម៉ោង២១និង៥៧នាទីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចផ្លូវលេខ 13BT ស្ថិតក្នុងភូមិសន្សំកុសលទី៥ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕







ចែករំលែកព័តមាននេះ