អន្តរជាតិ៖ សាលារៀនប្រមាណ ៦.៣០០កន្លែងនៅប្រទេសអ៊ីតាលី បានទទួលសារអ៊ីមែលគំរាមបំផ្ទុះគ្រាប់បែក កាលពីថ្ងៃទី១១ ខែវិច្ឆិកា បណ្ដាលឱ្យសាលារៀនយ៉ាងតិច ៣០០កន្លែងត្រូវជម្លៀសសិស្ស និងបុគ្គលិកចេញជាបណ្ដោះអាសន្ន។ ការគំរាមស្រដៀងគ្នានេះក៏ត្រូវបានរាយការណ៍នៅប្រទេសអៀរឡង់ និងតំបន់ស្កុតឡែនផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។
អាជ្ញាធរបានចាត់ទុកសារគំរាមទាំងនេះថាជាការបោកបញ្ឆោត ដោយមិនមានភស្តុតាងបង្ហាញថាមានគ្រាប់បែកពិតប្រាកដនោះទេ។ នៅអ៊ីតាលី ការជម្លៀសសិស្សបានធ្វើឱ្យមាតាបិតាជាច្រើនប្រញាប់ទៅទទួលកូនពីសាលារៀន ខណៈសារគំរាមមួយច្បាប់ក៏មានការគំរាមកំហែងដល់នាយករដ្ឋមន្ត្រី លោកស្រី ហ្គីអូហ្សា មេឡូនី ផងដែរ។
ចំណែកនៅស្កុតឡែន អៀរឡង់ខាងជើង និងសាធារណរដ្ឋអៀរឡង់ សាលារៀនជាច្រើនក៏បានទទួលសារគំរាមតាមអ៊ីមែលពីប្រភពក្រៅប្រទេសដែរ ប៉ុន្តែត្រូវបានចាត់ទុកថាជាការគំរាមក្លែងក្លាយ និងមិនបានប៉ះពាល់ដល់ការសិក្សានោះទេ។ សារគំរាមមួយច្បាប់ដែលសារព័ត៌មាន Reuters ទទួលបាន មានហត្ថលេខាឈ្មោះ «មីខាអ៊ីល អង់ដ្រូពូវ» ដែលធ្លាប់អះអាងទទួលខុសត្រូវចំពោះសារគំរាមស្រដៀងគ្នាទៅកាន់ស្ថាប័នព័ត៌មាននៅអៀរឡង់ និងប៊ុលហ្គារី។
ហេតុការណ៍នេះកើតឡើងក្នុងពេលប្រទេសមួយចំនួននៅអឺរ៉ុបកំពុងប្រឈមនឹងការគំរាមកំហែង និងការវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យាលើផ្សារទំនើប ធនាគារឈាម ប្រព័ន្ធចរាចរណ៍ផ្លូវអាកាស និងស្ថាប័នផ្សព្វផ្សាយ។ មន្ត្រីអឺរ៉ុបមួយចំនួនសង្ស័យថា រុស្ស៊ីអាចពាក់ព័ន្ធនឹងយុទ្ធនាការបង្កភាពចលាចលនេះ ប៉ុន្តែរុស្ស៊ីបានបដិសេធការចោទប្រកាន់។ អ៊ីរ៉ង់ក៏បានបដិសេធការចោទប្រកាន់របស់បារាំងពាក់ព័ន្ធនឹងការវាយប្រហារតាមអ៊ីនធឺណិតផងដែរ។
រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី លោក ហ្គីដូ ក្រូសេតូ បានលើកឡើងថា ការគំរាមកំហែងទាំងនេះមានគោលបំណងបង្កភាពភ័យខ្លាច និងការព្រួយបារម្ភក្នុងសង្គម។ ទន្ទឹមនឹងនេះ អ្នកតំណាងសមាគមនាយកសាលាអ៊ីតាលីបានបញ្ជាក់ថា ទោះបីជាការគំរាមទាំងនេះជារឿងក្លែងក្លាយក៏ដោយ ក៏វាបានបង្កការភ័យខ្លាចដល់សិស្ស មាតាបិតា និងគ្រូបង្រៀន ព្រមទាំងរំខានដល់ដំណើរការសិក្សាធម្មតាផងដែរ៕
ចែករំលែកព័តមាននេះ