ទីក្រុងមូស្គូ៖ នាវាដឹកប្រេងម៉ាស៊ូតរុស្ស៊ីប្រមាណ ៤ម៉ឺនតោន បានឈប់ស្ទើរតែមិនធ្វើដំណើរនៅមហាសមុទ្រអាត្លង់ទិកខាងជើង ខណៈកំពុងធ្វើដំណើរឆ្ពោះទៅឆ្នេរខាងកើតសហរដ្ឋអាម៉េរិក ហើយទិសដៅបន្ទាប់នៅមិនទាន់ច្បាស់នៅឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្រុមហ៊ុនវិភាគទីផ្សារអន្តរជាតិ Kpler បានឱ្យដឹងថា នាវានោះបានផ្ទុកប្រេងនៅកំពង់ផែរបស់រុស្ស៊ី កាលពីថ្ងៃទី២៣ ខែតុលា ដោយដំបូងគ្រោងធ្វើដំណើរទៅទីក្រុងញូវយ៉ក និងមកដល់នៅថ្ងៃទី៧ ខែវិច្ឆិកា។ ប៉ុន្តែក្រោយមក ទិសដៅនៅលើប្រព័ន្ធកំណត់ទីតាំងនាវាត្រូវបានប្ដូរទៅជា «រង់ចាំការបញ្ជាទិញ» ហើយនាវាបានស្ទើរតែឈប់ធ្វើដំណើរចាប់តាំងពីថ្ងៃទី៩ ខែវិច្ឆិកា។
ក្រុមហ៊ុន Eastmed ដែលគ្រប់គ្រងនាវានោះបានបញ្ជាក់ថា នាវាកំពុងរង់ចាំការបញ្ជាទិញ ហើយទិសដៅមិនទាន់មានការផ្លាស់ប្ដូរទេ។ ចំណែកក្រុមហ៊ុនស៊ើបការណ៍ដែនសមុទ្រ Windward បានឱ្យដឹងថា ក្នុងចំណោមនាវាពីរគ្រឿងដែលខ្លួនវាយតម្លៃថាដឹកប្រេងម៉ាស៊ូតរុស្ស៊ីទៅអាម៉េរិក មានមួយគ្រឿងបានបត់ត្រឡប់ក្រោយ ខណៈប្រេងលើនាវាមួយគ្រឿងទៀតក៏អាចមិនមែនជាប្រេងម៉ាស៊ូតដែរ។
កាលពីថ្ងៃទី៩ ខែតុលា ក្រសួងរតនាគារអាម៉េរិកបានប្រកាសបន្ធូរបន្ថយទណ្ឌកម្មលើការជួញដូរប្រេងម៉ាស៊ូតរុស្ស៊ីក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដើម្បីបង្កើនការផ្គត់ផ្គង់ក្នុងស្រុក និងទប់ស្កាត់ការឡើងថ្លៃប្រេងឥន្ធនៈ។ ទោះជាយ៉ាងណា ក្រុមហ៊ុន Windward បានលើកឡើងថា ប្រេងម៉ាស៊ូតរុស្ស៊ីអាចនឹងមិនមានការដឹកជញ្ជូនទៅដល់អាម៉េរិកឡើយ។
ផ្ទុយពីនេះ រដ្ឋមន្ត្រីថាមពលអាម៉េរិក បានបង្ហាញទំនុកចិត្តថា ប្រេងដែលកំពុងដឹកជញ្ជូននឹងអាចរកអ្នកទិញនៅទីផ្សារពិភពលោកបាន។ ទន្ទឹមនឹងនេះ ការនាំចូលប្រេងពីរុស្ស៊ីនៅតែប្រឈមនឹងបញ្ហាផ្លូវច្បាប់ និងបទប្បញ្ញត្តិ ដោយមានការព្រមានថា ក្រុមហ៊ុនដែលទទួលយកការដឹកជញ្ជូននេះអាចប្រឈមនឹងការរំលោភច្បាប់សហព័ន្ធ និងទណ្ឌកម្មផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ