រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មានបងប្អូនអតីតពលករ និងប្រជាពលរដ្ឋដែលមានជំនាញស្រាប់ សរុបចំនួន ១៣ ២៧៨នាក់ បានចូលរួមដាក់ពាក្យធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដោយឥតគិតថ្លៃ នេះបើគិតចាប់ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
គួរជម្រាបថា ក្នុងគោលដៅលើកកម្ពស់តម្លៃជំនាញវិជ្ជាជីវៈ ពង្រីកឱកាសការងារ និងប្រាក់ចំណូលខ្ពស់ជូនប្រជាពលរដ្ឋដែលមានជំនាញស្រាប់ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបន្តអនុវត្តជាប់ជាប្រចាំនូវការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ យុវជនដែលមានជំនាញវិជ្ជាជីវៈស្រាប់ ជាពិសេសអតីតពលករខ្មែរដែលត្រឡប់មកពីក្រៅប្រទេស ព្រមទាំងបានប្រគល់វិញ្ញាបនបត្រគុណវុឌ្ឍិជំនាញជូនបេក្ខជនដែលធ្វើតេស្តជាប់ ដើម្បីប្រែក្លាយបទពិសោធការងារ និងចំណេះជំនាញពីការអនុវត្តជាក់ស្តែង ទៅជាលិខិតទទួលស្គាល់ជំនាញផ្លូវការ ដែលអាចយកទៅប្រើប្រាស់ក្នុងការទទួលបានឱកាសការងារល្អ និងប្រាក់ចំណូលខ្ពស់ជាងមុន ។
ជាក់ស្ដែង គិតចាប់ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ មានអ្នកចូលរួមដាក់ពាក្យធ្វើតេស្ត RPL ដោយឥតគិតថ្លៃ សរុបចំនួន ១៣ ២៧៨នាក់ ក្នុងនោះមាន៖
-អតីតពលករត្រឡប់ពីថៃចំនួន ១២ ០៨១នាក់៖ ទទួលបានវិញ្ញាបនបត្រគុណវុឌ្ឍិជំនាញចំនួន ១១ ៣៣៧នាក់ និងលិខិតបញ្ជាក់ក្រេឌីតចំនួន ៧៤៤នាក់។
-សាធារណជនទូទៅចំនួន ១ ១៩៧នាក់៖ ទទួលបានវិញ្ញាបនបត្រគុណវុឌ្ឍិជំនាញចំនួន ១ ០៨១នាក់ និងលិខិតបញ្ជាក់ក្រេឌីតចំនួន ១១៦នាក់។
អ្នកដែលចូលរួមដាក់ពាក្យធ្វើតេស្ត RPL ខាងលើនេះ គឺអនុវត្តលើជំនាញជាច្រើន ដូចជា៖
១. ការងារកំបោរ
២. ការងារការ៉ូ
៣. ការងារដំឡើងពុម្ភ
៤. ការដំឡើងបណ្ដាញបំពង់ទឹក
៥. ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ
៦. ការងាររន្ទា
៧. ការដំទ្បើងសរសៃដែក
៨. ការផ្សាអគ្គិសនី
៩. ការងារលាបថ្នាំអគារ
១០. ការងារត្រេសសេជីករណ្ដៅគ្រឹះ
១១. ការងារបេតុង
១២. ការលាយបាយអនិងបេតុង
១៣. ការងារដំបូង
១៤. ការងារឆុងនិងរចនាកាហ្វេ
១៥. ការរចនាក្រាហ្វិកដោយកុំព្យូទ័រ
គ្រឹះស្ថាន TVET ដែលទទួលធ្វើតេស្ត RPL គឺមាននៅទូទាំងប្រទេស ក្នុងនោះរួមមាន៖
១. វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)
២. វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI)
៣. វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)
៤. វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI)
៥. វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA)
៦. វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង (RPITSSVR)
៧. វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ (RPITST)
៨. វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT)
៩. វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ (PIBMC)
១០. វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង (NVIB)
១១. វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI)
១២. វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB)
១៣. វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប (RPITSSR)។
ដើម្បីឱ្យយុទ្ធនាការធ្វើតេស្ត RPL បានជាមនុញ្ញផលជូនដល់អ្នកមានជំនាញវិជ្ជាជីវៈដទៃទៀត ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមអំពាវនាវដល់យុវជន កម្មករនិយោជិត និងប្រជាពលរដ្ឋដែលមានជំនាញពិតប្រាកដប៉ុន្តែមិនទាន់មានវិញ្ញាបនបត្របត្របញ្ជាក់សមត្ថភាព សូមរួសរាន់មកដាក់ពាក្យ និងស្នើសុំធ្វើតេស្ត RPL ឱ្យបានគ្រប់ៗគ្នា ដើម្បីឈានទៅរកឱកាសការងារកាន់តែទូលំទូលាយ និងលើកកម្ពស់កម្រិតជីវភាពគ្រួសារកាន់តែប្រសើរ៕






















ចែករំលែកព័តមាននេះ