សហរដ្ឋអាមេរិកប្រាប់តៃវ៉ាន់ថា ខ្លួនមិនលក់យន្តហោះចម្បាំង F-16 ប៉ុន្តែមន្ត្រីនៃប្រទេសទាំងពីរនិយាយថា មិនទាន់មានសេចក្តីសម្រេចនៅឡើយទេ។ កោះតៃវ៉ាន់ស្នើទិញយន្តហោះF-16C/Ds ពីសហរដ្ឋអាមេរិកកាលពីឆ្នាំ២០០៧ ដែលជាម៉ាកថ្មីអភិវឌ្ឍន៍ពីយន្តហោះ F-16A/Bs ជាយន្តហោះដែលតៃវ៉ាន់កំពុងប្រើ។
ប៉ុន្តែគណៈប្រតិភូក្រសួងការពារជាតិអាមេរិកបានធ្វើដំណើរទៅកាន់ក្រុងតៃប៉ិ កាលពីសប្តាហ៍មុននិងប្រាប់អាជ្ញាធរក្នុងស្រុកថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានច្រានចោលសំណើនោះ។ នេះបើតាមព័ត៌មានរបស់ទស្សនាវដ្តីការពារជាតិអាមេរិកចេញផ្សាយកាលពីថ្ងៃទី១៤ សីហា។
មន្ត្រីក្រសួងការពារជាតិតៃវ៉ាន់និយាយថា យើងមានការខកចិត្តជាមួយសហរដ្ឋអាមេរិក។ ចំណែកអនុរដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Andrew Yang និយាយថា កោះតៃវ៉ាន់ខំស្វែងរកដំណោះស្រាយ។ លោកបន្តថា ពេលនេះយើងបានទទួលពាក្យពីសេចក្តីសម្រេចរបស់សហរដ្ឋអាមេរិក។
ប្រទេសចិនបានបញ្ចេញប្រតិកម្មកាលពីខែកក្កដា ២០១០ ពេលលោកប្រធានាធិបតីអាមេរិក អូបាម៉ា ប្រកាសលក់អាវុធតំលៃ៦,៤ពាន់លានដុល្លារឱ្យកោះតៃវ៉ាន់ ក្នុងនោះមាន គ្រាប់មីស៊ីល ឧទ្ធម្ភាគចក្រ Black Hawk និងសំភារៈរបស់យន្តហោះ F-16 ដែលតៃវ៉ានមានស្រាប់ ប៉ុន្តែមិនបញ្ចូលនាវាមុជទឹក និងយន្តហោះថ្មី៕
ចែករំលែកព័តមាននេះ