សហរដ្ឋអាមេរិក ៖ ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) ក្រោមការដឹកនាំរបស់នាយក Kash Patel បានដាក់សំណើជាផ្លូវការ ដើម្បីចុះហត្ថលេខាលើកិច្ចសន្យាផ្តាច់មុខរយៈពេល១ឆ្នាំ ជាមួយក្រុម UFC ដើម្បីផ្តល់ការបណ្តុះបណ្តាលផ្នែកប្រយុទ្ធកីឡាគុនចម្រុះដល់ភ្នាក់ងាររបស់ខ្លួន រាប់ចាប់ពីបច្ចេកទេសផ្តួលដៃគូ រហូតដល់ការការពារខ្លួនពីគូប្រកួតដែលមានអាវុធ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន The Independent កាលពីថ្ងៃទី១០ ខែវិច្ឆិកា កន្លងទៅ។
បើតាមឯកសារបានដាក់ស្នើនៅថ្ងៃទី៣០ កញ្ញា បានបង្ហាញថា FBI ចង់ជ្រើសរើសយក UFC ដើម្បីធ្វើកម្មវិធីបណ្តុះបណ្តាលនេះ។ យោងតាមបទប្បញ្ញត្តិ ទីភ្នាក់ងារនេះ ត្រូវតែដាក់ការពន្យល់ជាលាយលក្ខណ៍អក្សរ មុនពេលផ្តល់កិច្ចសន្យា ដោយមិនចាំបាច់ពិចារណាលើការដេញថ្លៃពីអ្នកផ្តល់សេវាផ្សេងទៀតឡើយ។
យោងតាមឯកសារ FBI ជំនាញរបស់ UFC លើកីឡាគុនចម្រុះ បច្ចេកទេសវាយសម្រុក ការចាប់បោក ការការពារខ្លួនពីអាវុធ និងការគ្រប់គ្រងស្ថានការណ៍អាសន្ន គឺចាំបាច់ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធ ភាពធន់ខាងផ្លូវចិត្ត និងការយល់ដឹងពីយុទ្ធសាស្ត្ររបស់ភ្នាក់ងារក្នុងស្ថានភាពប្រឈមមុខគ្រោះថ្នាក់ខ្លាំង។ FBI បានបញ្ជាក់ថា UFC គឺជាអ្នកផ្តល់សេវាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តែមួយគត់ មានជំនាញគ្រប់ជ្រុងជ្រោយអាចឆ្លើយតបនឹងស្តង់ដារតម្រូវការរបស់ទីភ្នាក់ងារ។
គម្រោងនៃការចុះកិច្ចសន្យានេះធ្វើឡើង បន្ទាប់ពីមានការសហការគ្នា កាលពីខែមីនា ឆ្នាំ២០២៦ ដែលនៅពេលនោះ កីឡាករល្បីៗរបស់ UFC ដូចជា Justin Gaethje, Chris Weidman និង Jorge Masvidal បានទៅធ្វើសិក្ខាសាលាបណ្តុះបណ្តាលរយៈពេល ២ ថ្ងៃដល់សិស្ស និងមន្ត្រីជាន់ខ្ពស់ FBI នៅឯសាលាបណ្តុះបណ្តាល Quantico ក្នុងរដ្ឋ Virginia។
ទោះយ៉ាងណាក៏ដោយ គម្រោងនេះ ក៏ទទួលបានរងការរិះគន់ពីអតីតមន្ត្រីអនុវត្តច្បាប់មួយចំនួនផងដែរ ដោយអ្នកទាំងនោះយល់ថា FBI ត្រូវបានបណ្តុះបណ្តាលឱ្យប្រើប្រាស់កម្លាំងក្នុងកម្រិតអប្បបរមា (ទាបបំផុត) ដើម្បីគ្រប់គ្រងស្ថានការណ៍ ចំណែកឯកីឡាករ UFC ត្រូវបានបណ្តុះបណ្តាលឱ្យវាយបង្ករបួសស្នាមជាអតិបរមាលើគូប្រកួត។ ក្រៅពីនេះ ទំនាក់ទំនងជិតស្និទ្ធរវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ ជាមួយ នាយក FBI លោក Kash Patel និងប្រធានក្រុមហ៊ុន UFC លោក Dana White ក៏ជាចំណុចដែលត្រូវបានគេយកមកជជែកវែកញែកផងដែរ៕ ប្រភព ៖ The Independent និងប្រភពផ្សេងទៀត



ចែករំលែកព័តមាននេះ