រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពការងារជួសជុលថែទាំ និងតុបតែងភ្លើងបំភ្លឺនៅមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ចាប់ពីស្ពានអាកាសមរតកតេជោ រហូតដល់ស្ពានអាកាសសម្តេចមហាបវរធិបតី និងបន្តពិនិត្យមើលការងារមួយចំនួនទៀតនៅតាមមហាវិថី និងផ្លូវនានាជាច្រើន ព្រមទាំងពិនិត្យការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យ ដើម្បីជំរុញឱ្យបានរួចរាល់មុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ។
ក្នុងឱកាសចុះពិនិត្យនោះ លោក ឃួង ស្រេង បានណែនាំឱ្យមន្ត្រីជំនាញពាក់ព័ន្ធ ពិសេសមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ពន្លឿនការជួសជុលហេដ្ឋារចនាសម្ព័ន្ធនានា ដែលនៅសេសសល់លើមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដែលមានទាំងប្រព័ន្ធលូ ការជួសជុល អ៊ុតកៅស៊ូដែលនៅសេសសល់ ការតុបតែងភ្លើងបំភ្លឺសាធារណៈ គំនូសចរាចរណ៍ និងការរៀបចំចិញ្ចើមផ្លូវសងខាងជាដើម។ ក្រៅពីនេះ លោកក៏បានណែនាំឱ្យរៀបចំសណ្តាប់ធ្នាប់ កែលម្អហេដ្ឋារចនាសម្ព័ន្ធនានា និងរៀបចំឱ្យមានការពង្វៀងចរាចរណ៍នៅលើតម្រាយផ្លូវមួយចំនួនផ្សេងទៀត ដែលត្រូវឱ្យគណៈប្រតិភូឆ្លងកាត់ផងដែរ ។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាព្រឹកថ្ងៃដដែលនេះថា៖
១. គ្រប់កិច្ចការ និងភារកិច្ចដែលទទួលបានពីគណៈកម្មការថ្នាក់ជាតិ ជាពិសេសការងារសន្តិសុខ សណ្តាប់ធ្នាប់ ការរៀបចំថែរក្សាអនាម័យ និងបរិស្ថាន គឺរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមខ្លួនរួចរាល់ហើយ ។
២. ការងារអាទិភាពដែលរដ្ឋបាលរាជធានីកំពុងយកចិត្តទុកដាក់ ពោលគឺរាល់កិច្ចការដែលគណៈកម្មការថ្នាក់ជាតិដាក់មក គឺត្រូវធានាឱ្យកិច្ចប្រជុំកំពូលអាចដំណើរការទៅបានដោយរលូនតាមការគ្រោងទុក ទទួលបានជោគជ័យ ពិសេសគឺដើម្បីមោទនភាពជាតិ។
៣. អំពីកិច្ចការដើម្បីធានាឱ្យបាននូវសន្តិសុខ និងសុវត្ថិភាពជូនគណៈប្រតិភូ គឺរដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងសហការយ៉ាងសកម្ម និងយកចិត្តទុកដាក់ខ្ពស់បំផុតជាមួយគណៈកម្មការសន្តិសុខថ្នាក់ជាតិ ដោយមិនអាចធ្វេសប្រហែសបានឡើយ។
៤. ការងារជួសជុល ថែទាំដងផ្លូវ ភ្លើងបំភ្លឺសាធារណៈ និងការរៀបចំសោភ័ណភាពតាមដងផ្លូវ រួមមាន ៖
ក. ការងារលាបបេតុងទ្រូងផ្លូវ (មហាវិថីព្រះមុនីវង្ស, មហាវិថីសហព័ន្ធរុស្ស៊ី, មហាវិថីព្រះនរោត្តម និងផ្លូវ៦០ម៉ែត្រ)។
ខ. ការងារអ៊ុតគំនូសចរាចរណ៍ រួមមាន៖ មហាវិថីសហព័ន្ធរុស្ស៊ី, វិថីប៊ុលហ្គារី, ជុំវិញរង្វង់មូលបាយ័ន្ត, រង្វង់មូលគួចកាណុង, វិថីស៊ូស្រ៊ុន, វិថីសុធារស, មហាវិថីព្រះមុនីវង្ស និងស្ពានជ្រោយចង្វារទាំង២ខ្សែ ព្រមទាំងស្ពានព្រះមុនីវង្ស។
គ. ការងារថែទាំជួសជុលមហាវិថីសម្តេចហ៊ុនសែន ឬផ្លូវ៦០ម៉ែត្រ រួមមាន៖ ការអ៊ុតកៅស៊ូ និងការអ៊ុតពង្រីកតួផ្លូវ, ការងារគំនូសចរាចរណ៍, ការលាបថ្នាំទ្រូងផ្លូវ និងដំឡើងផ្លាកសញ្ញាចរាចរណ៍ថ្មី។
ឃ. ការងារកាត់ស្មៅ មែកឈើ និងការថែទាំសួនច្បារ រួមមាន៖ ជួសជុល និងតុបតែងផ្កានៅសួនគួចកាណុង និងសួនមុខវិមានសន្តិភាព។ ការងារជួសជុល ថែទាំបន្ទប់ទឹក និងដំឡើងបន្ថែមបន្ទប់ទឹកសម្រាប់បម្រើឱ្យព្រឹត្តិការណ៍អម នៅសួនច្បារមុខវត្តបុទុមវតី និងសួនច្បារសំខាន់ៗ។ ការងារលាបកំបោរខឿន គល់ឈើ និងចិញ្ចើមផ្លូវ រួមមាន៖ សួនច្បារវិមានឯករាជ្យ, សួនច្បារវត្តបុទុមវតី, សួនព្រហ្មបាយ័ន្ត, សួនគួចកាណុង, សួនមុខទីស្តីការគណៈរដ្ឋមន្ត្រី និងស្ពានជ្រោយចង្វារ។ ការងារតុបតែងលម្អភ្លើងនៅតាមសួនច្បារនានា ព្រមទាំងការដំឡើងបង្គោលដងទង់ជាតិបន្ថែមឱ្យគ្រប់ចំនួនប្រតិភូប្រទេសដែលត្រូវអញ្ជើញចូលរួម នៅលើផ្លូវ៦០ម៉ែត្រ និងមាត់ទន្លេ។
ជាមួយគ្នានេះដែរ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ក៏បានស្នើសុំការយោគយល់អធ្យាស្រ័យផងដែរ ក្នុងករណីមានការរំខាន ឬប៉ះពាល់ដល់ការធ្វើដំណើររបស់បងប្អូន ដែលអាចកើតឡើងដោយសារការកកស្ទះចរាចរណ៍នៅជុំវិញទីតាំងប្រារព្ធពិធីនៃព្រឹត្តិការណ៍ប្រជុំកំពូល និងកម្មវិធីអមនានា។ សូមមេត្តាផ្តល់អាទិភាពជូនក្បួនគណៈប្រតិភូជាន់ខ្ពស់ ដែលត្រូវអញ្ជើញមកបំពេញបេសកកម្មនៅរាជធានីភ្នំពេញ អាចធ្វើដំណើរដោយរលូន និងដើម្បីជាការលើកកិត្តិយស និងមុខមាត់របស់ប្រទេសជាតិយើងទាំងអស់គ្នា ។
លោកស្រីបានបន្តថា វប្បធម៌ នៃការចូលរួមសហការដ៏ល្អផូរផង់នេះ បានធ្វើឱ្យរាជធានីភ្នំពេញទទួលបាននូវការកោតសរសើរ និងមានមោទនភាពយ៉ាងក្រៃលែង៕















ចែករំលែកព័តមាននេះ