ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំផ្ទុះគ្រាប់បែក​បណ្ដាលឱ្យ​ប៉ូលិសម្នាក់ពលី និងម្នាក់ទៀតរងរបួសធ្ងន់ នៅប្រទេសអេស្ប៉ាញ

13 ម៉ោង មុន

ប្រទេសអេស្ប៉ាញ៖ មន្ត្រីប៉ូលិសអេស្ប៉ាញម្នាក់បានពលីជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីគ្រាប់បែកក្នុងកាបូបស្ពាយមួយបានផ្ទុះឡើង ខណៈក្រុមជំនាញកំពុងព្យាយាមយកវាចេញពីអគារលំនៅឋានមួយ ក្នុងទីក្រុងអូវីអេដូ ភាគខាងជើងប្រទេសអេស្ប៉ាញ​។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។

ហេតុការណ៍នេះកើតឡើងក្រោយប៉ូលិសទទួលបានសេចក្ដីរាយការណ៍ពីការបាញ់ប្រហារនៅអគារមួយ ហើយបានរកឃើញកាបូបស្ពាយដែលមានគ្រឿងផ្ទុះនៅតាមជណ្ដើរ។ គ្រាប់បែកបានផ្ទុះឡើងនៅពេលក្រុមជំនាញដោះគ្រាប់បែកកំពុងព្យាយាមយកកាបូបនោះចេញ។

មុនពេលកើតហេតុ ប៉ូលិសក៏បានរកឃើញស្ត្រីម្នាក់រងរបួសដោយគ្រាប់កាំភ្លើងពីជនសង្ស័យ ដែលបានរត់គេចខ្លួន។ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយស្ថានភាពជីវិតមិនស្ថិតក្នុងគ្រោះថ្នាក់នោះទេ។

មន្ត្រីប៉ូលិសដែលបានពលីជីវិតជាសមាជិកអង្គភាពសុនខប៉ូលិស ចំណែកមន្ត្រីដែលរងរបួសធ្ងន់ជាសមាជិកក្រុមជំនាញដោះគ្រាប់បែក។ អ្នកនាំពាក្យរដ្ឋាភិបាលអេស្ប៉ាញបានសម្ដែងការសោកស្ដាយចំពោះការបាត់បង់ជីវិត និងជូនពរឱ្យមន្ត្រីដែលរងរបួសឆាប់ជាសះស្បើយ។

អាជ្ញាធរបានបញ្ជាក់ថា នៅមិនទាន់មានសញ្ញាបង្ហាញថា ការផ្ទុះនេះជាអំពើភេរវកម្មនៅឡើយទេ ខណៈប៉ូលិសកំពុងស្វែងរកជនសង្ស័យ។ តាមការរាយការណ៍របស់សារព័ត៌មាន EFE ជនសង្ស័យរូបនេះធ្លាប់មានប្រវត្តិប្រព្រឹត្តបទល្មើសតូចតាចផងដែរ៕