ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្លែឈើ ៤ ប្រភេទ ជួយថែរក្សាសុខភាពសួត និងជួយឱ្យរាងកាយមានសុខភាពល្អ

12 ម៉ោង មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ផ្លែឈើមួយចំនួនមានវីតាមីន ជាតិសរសៃ និងសារធាតុចិញ្ចឹមដែលជួយការពារកោសិការាងកាយ និងថែរក្សាសុខភាពសួត។ ការសិក្សាមួយចំនួនបានរកឃើញថា អ្នកដែលញ៉ាំផ្លែឈើជាប្រចាំ អាចមានសុខភាពសួតល្អជាងអ្នកដែលមិនសូវញ៉ាំ។ ក្នុងចំណោមនោះ ផ្លែពែរ ផ្លែប៉ោម ចេក និងប៊្លូបឺរី គឺជាផ្លែឈើ ៤ ប្រភេទដែលគួរបន្ថែមក្នុងរបបអាហារប្រចាំថ្ងៃ។

ទី១. ផ្លែពែរ មានជាតិទឹកច្រើន និងជួយបំពេញជាតិទឹកដល់រាងកាយ ព្រមទាំងមានសារធាតុចិញ្ចឹមដែលជួយថែរក្សាសុខភាព។ ការសិក្សាលើស្ត្រីជាង ៣៤.០០០ នាក់នៅប្រទេសស៊ុយអែត បានតាមដានរយៈពេល ១២ ឆ្នាំ និងរកឃើញថា អ្នកដែលញ៉ាំផ្លែពែរ ឬផ្លែប៉ោមយ៉ាងហោចណាស់មួយចំណែកក្នុងមួយថ្ងៃ មានហានិភ័យកើតជំងឺសួតរ៉ាំរ៉ៃដែលធ្វើឱ្យពិបាកដកដង្ហើមទាបជាងអ្នកដែលមិនសូវញ៉ាំ។ ទី២. ផ្លែប៉ោម សម្បូរទៅដោយសារធាតុជួយការពារកោសិការាងកាយ និងកាត់បន្ថយការរលាក។ ការសិក្សាលើមនុស្សជាង ១១៩.០០០ នាក់ ក៏បានរកឃើញថា អ្នកដែលទទួលបានសារធាតុចិញ្ចឹមពីបន្លែ និងផ្លែឈើក្នុងបរិមាណសមស្រប មានហានិភ័យជំងឺសួតរ៉ាំរ៉ៃទាបជាងប្រហែល ១៨%។

ទី៣. ចេក មិនត្រឹមតែជួយផ្តល់ថាមពលដល់រាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានប៉ូតាស្យូម ជាតិសរសៃ និងវីតាមីនដែលជួយទ្រទ្រង់សុខភាពទូទៅ។ តាមការសិក្សាលើស្ត្រីជាង ៣៤.០០០ នាក់ខាងលើ អ្នកដែលញ៉ាំចេកយ៉ាងហោចណាស់មួយចំណែកក្នុងមួយថ្ងៃ ក៏មានហានិភ័យជំងឺសួតរ៉ាំរ៉ៃទាបជាងអ្នកដែលមិនសូវញ៉ាំផងដែរ។ ដូច្នេះ ការបន្ថែមចេកក្នុងអាហារពេលព្រឹក ឬពេលអាហារសម្រន់ អាចជាជម្រើសល្អសម្រាប់ការទទួលបានសារធាតុចិញ្ចឹម។

ទី៤. ផ្លែប៊្លូបឺរី ជាផ្លែឈើដែលមានពណ៌ស្រស់ស្អាត និងសម្បូរទៅដោយសារធាតុជួយការពារកោសិកាពីការខូចខាត។ ការសិក្សាលើបុរសវ័យចំណាស់ ៨៣៩ នាក់ បានរកឃើញថា អ្នកដែលញ៉ាំផ្លែប៊្លូបឺរីយ៉ាងហោចណាស់ ២ ដងក្នុងមួយសប្ដាហ៍ មានការថយចុះសមត្ថភាពដកដង្ហើមយឺតជាងអ្នកដែលមិនញ៉ាំ។ ផ្លែឈើនេះអាចញ៉ាំស្រស់ ឬលាយជាមួយទឹកដោះគោជូរ ដើម្បីបន្ថែមសារធាតុចិញ្ចឹមក្នុងរបបអាហារ។

ជារួម ផ្លែពែរ ផ្លែប៉ោម ចេក និងប៊្លូបឺរី សុទ្ធតែជាផ្លែឈើដែលអាចជួយថែរក្សាសុខភាពសួត និងសុខភាពទូទៅ ប៉ុន្តែមិនមានផ្លែឈើណាមួយអាចការពារ ឬព្យាបាលជំងឺមហារីកសួតដោយផ្ទាល់នោះទេ។ ដើម្បីថែរក្សាសួតឱ្យមានសុខភាពល្អ គួរញ៉ាំបន្លែ និងផ្លែឈើឱ្យបានចម្រុះ ជៀសវាងការជក់បារី និងផ្សែងបារី កាត់បន្ថយការប៉ះពាល់ធូលី និងផ្សែងពុល ព្រមទាំងពិនិត្យសុខភាពជាប្រចាំ៕