ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួង ស្រេង ឱ្យ​អាជ្ញាធរ​សង្កាត់​ពង្រឹង​ការ​អនុវត្ត​ឱ្យ​បាននូវ​គោលនយោបាយ ភូមិឃុំសង្កាត់​មាន​សុវត្ថិភាព

12 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ លោក ឃួង ស្រេង បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​សង្កាត់​ទាំង​៥ នៅ​ខណ្ឌ​ព្រែក​ព្នៅ ពង្រឹង​ធ្វើ​យ៉ាងណា​អនុវត្ត​ឱ្យ​បាន​នូវ​គោលនយោបាយ ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ថែរក្សា​ផ្លូវ លូ និង​បន្ត​ផ្តល់​សេវា ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អ​បន្ថែម​ទៀត ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ទុកចិត្ត បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​ការ​បោះ​ឆ្នោត ២០២៧-២០២៨ ខាង​មុខ​នេះ ​។

ការ​ណែនាំ​របស់​លោក ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា​, ប្រធាន​គណៈកម្មាធិការ​គណបក្ស​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ ខាងលើ​នេះ ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២៦ ក្នុង​កិច្ចប្រជុំ​ប្រចាំខែ ក្រុមការងារ​ចុះ​ជួយ​ខណ្ឌ​-​សង្កាត់ និង​ពិធី​សំណេះសំណាល ជាមួយ​សមាជិក​គណបក្ស សង្កាត់​ទាំង​៥ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ខណ្ឌ​ព្រែក​ព្នៅ ​។

ក្នុង​ឱកាស​នោះ លោក ឃួ ង ស្រេង បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​សង្កាត់​ទាំង​៥ ត្រូវ​អនុវត្ត​ឱ្យ​បាន​គោលនយោបាយ​ភូមិ សង្កាត់​មាន​សុវត្ថិភាព ពិសេស​គឺ​ការ​បង្ក្រាប​ក្មេង​ទំនើង ជាមួយ​និង​ការ​ជួយ​ថែរក្សា​សមិទ្ធផល​នានា​នៅ​ក្នុង​មូលដ្ឋាន ដូច​ជា​ថែរក្សា​ផ្លូវ លូ​ជាដើម ពោល​គឺ​កុំឱ្យ​រថយន្ត​ដឹក​ធ្ងន់​លើស​ការ​កំណត់ និង​ទប់ស្កាត់​ការ​ដឹក​ខ្សាច់ នាំ​ឱ្យ​ហូរ​ចូល​លូ​។ ត្រូវ​បន្ត​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អ​បន្ថែម​ទៀត​។​ ត្រូវ​ទទួល​រាល់​សំណើ​និង​សំណូមពរ​ពី​ប្រជាពលរដ្ឋ ពួក​គាត់​មានការ​ខ្វះខាត​អ្វី​ត្រូវ​ជួយ​ពួក​គាត់ ក្នុង​នាម​យើង​ជា​អាណាព្យាបាល​ពួក​គាត់ ​។

លោក ឃួ​ង ស្រេង បាន​បន្ត​ថា សមាជិក សមាជិកា​បក្ស ជា​ឃោសនិក​ដ៏​ឧ​ត្ថុ​ង​ឧត្ដម​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​ត្រូវ​យក​គោលនយោបាយ​របស់​បក្ស និង​អំពើ​ល្អ​ៗ​របស់​មេដឹកនាំ​បក្ស​ទៅ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់​ជ្រួតជ្រាប​កាន់តែ​ច្បាស់ ត្រូវ​ស៊ូ មតិ​ឱ្យ​បាន​ខ្លាំងក្លា​ជាមួយ​បក្ស​ប្រឆាំង និង​សូម​ឱ្យ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់ ក្លាយជា​សន្លឹក​ឆ្នោត​មួយ​សន្លឹក​នៅ​ថ្ងៃ​បោះ​ឆ្នោត ​។

លោក ឃួ​ង ស្រេង បាន​បន្ត​ទៀត​ថា យើង​ជឿ​ទុកចិត្ត​លើ​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​និង​សម្ដេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​។​ សម្តេច​ទាំង​ទ្វេ​បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​ដាច់ខាត​ក្នុង​កិច្ច​ការពារ​បូរណៈភាព​ទឹកដី មិន​ឱ្យ​បាត់បង់​ទាំង​ព្រំ​ដែនទឹក​ និង​គោក​។​ ដូច្នេះ​យើង​ត្រូវ​យក​អ្វី​ៗ​ទាំងនេះ​ទៅ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់​ជ្រួតជ្រាប​កាន់តែ​ច្បាស់​ពេញចិត្ត​ពេញ​ថ្លើម បន្ត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត ដើម្បី​ឈាន​ឆ្ពោះទៅ​យកជ័យ​ជម្នះ​ក្នុង​ការ​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ​២០២៧​ និង​ឆ្នាំ​២០២៨ ៕