ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ការ​ទូត​អាមេរិក​ថា​សង្គ្រាម​អុីរ៉ង់​មិន​មាន​ប្រជា​ប្រិយ​ភាព​មែន,​ ប៉ុន្តែ​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ដើម្បី​ទប់​ស្កាត់​នុយ​ក្លេអ៊ែរ

12 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក លោក​រ៉ូប៊ីអូ ថ្លែង​ថា​លោក​ដូណាល់​ត្រាំ​នៅ​តែ​សម្រេច​ចិត្ត​វាយ​ប្រហារ​អុីរ៉ង់​ទោះ​បី​វា​មិន​មែន​ជា​សង្គ្រាម​ដែល​ទទួល​ការ​គាំទ្រ​យ៉ាង​ណា​ក្ដី​។ លោក​ធ្វើ​បែប​នេះ​ដើម្បី​ការ​ពារ​ពិភព​លោក​​ទប់​ទល់​នឹង​មហិច្ឆ​តា​នុយ​ក្លេអ៊ែរ​របស់​អុីរ៉ង់​។ លោក​សូម​មិន​ធ្វើ​អត្ថា​ធិប្បាយ​ពាក់​ព័ន្ធ​នឹង​ការ​ទទួល​បរាជ័យ​នៅ​ក្នុង​បោះ​ឆ្នោត​សភា​កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន​នោះ​ទេ​។ លទ្ធ​ផល​ឆ្នោត​បង្ហាញ​ពី​ការ​រិះ​គន់​ពីសំណាក់​ប្រជា​ជន​​​អាមេរិកាំង​ចំពោះ​លោក​ត្រាំ​។

សង្គ្រាម​ដែល​គ្មាន​ប្រជា​ប្រិយ​ភាព​នាំ​ឱ្យ​សាំង​ឡើង​ថ្លៃ​ និង​​ជះឥទ្ធិ​ពល​អាក្រក់​ចំពោះ​សេដ្ឋ​កិច្ច​។ ហេតុ​នេះ​​គណ​បក្ស​ប្រជា​ធិប​តេយ្យ​ទទួល​ជ័យ​ជម្នះ​ដោយ​មិន​បាច់​ខំ​ប្រឹង​។ ចំពោះ​សំណួរ​ពាក់​ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​របស់​អនុ​ប្រធានា​ធិបតី​អាមេរិក​ លោក​ជេឌី​វេន​ កាល​ពី​សប្ដាហ៍​មុន​ដែល​ស្ដី​បន្ទោស​ថា​សង្គ្រាម​នេះ​ធ្វើ​ឱ្យ​គណ​បក្ស​សា​ធា​រណ​រដ្ឋ​ចាញ់​ឆ្នោត​ លោក​រូប៊ី​ថ្លែង​ថា​លោក​ត្រាំ​សម្លឹង​ឃើញ​ថា​ពិត​​ជា​មាន​ការ​គំរាម​កំហែង​ដ៏​ពិត​ប្រាកដ​ពី​សំណាក់​ប្រទេស​អុីរ៉ង់​ ហេតុ​នេះ​លោក​ត្រូវ​តែ​ទប់​ស្កាត់​ប្រទេស​នេះ​មិន​ឱ្យ​បន្ត​កម្ម​វិធី​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​។

លោក​ថ្លែង​ថា​លោក​ត្រាំ​នៅ​តែ​ចាត់​ការ​បញ្ហា​នេះ​ព្រោះ​វា​​ជា​រឿង​ចាំ​បាច់​ ថ្វី​ដ្បិត​វា​មិន​មាន​ប្រជា​ប្រិយ​ភាព​យ៉ាង​ណា​ក្ដី​។ បទ​អត្ថា​ធិប្បាយ​របស់​លោក​រូប៊ីអូ​ផ្ទុយ​គ្នា​ពី​ជំហរ​របស់​លោក​ជេឌី​វេន​។ អ្នក​ទាំង​២​​​ត្រូវ​គេ​មើល​ឃើញ​ថា​អាច​នឹង​ប្រកួត​ប្រជែង​គ្នា​យក​តំណែង​ជា​បេក្ខ​ជន​ប្រធានា​ធិបតី​របស់​គណ​បក្ស​សា​ធារណ​រដ្ឋ​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២៨​។ លោក​ត្រាំ​ថ្លែង​ថា​ការ​លើក​ឡើង​របស់​លោក​ជេឌីវេន​ពិត​ជា​​​ត្រឹម​ត្រូវ​​ពាក់​ព័ន្ធ​នឹង​ការ​ជះ​ឥទ្ធិ​ពល​អាក្រក់​នៃ​សង្គ្រាម​ទៅ​លើ​​ការ​​បោះ​ឆ្នោត​។ ប្រសិន​បើ​លោក​ត្រូវ​ធ្វើ​រឿង​នេះ​ម្ដង​ទៀត​ លោក​ត្រូវ​តែ​ធ្វើ​ ព្រោះ​បើ​ពួក​គេ (អុីរ៉ង់) មាន​អាវុធ​នុយ​ក្លេ​អ៊ែរ ពួក​គេ​នឹង​បំផ្លាញ​ពិភព​លោក​។ ចំពោះ​សំណួរ​ថា​តើ​លោក​នឹង​ធ្វើ​សង្គ្រាម​សា​ជា​ថ្មី​ទេ​ក្រោយ​ពេល​ចប់​ការ​បោះ​ឆ្នោត​? លោក​ត្រាំ​ឆ្លើយ​តប​ថា​លោក​មិន​ចង់​ធ្វើ​រឿង​នេះ​ទៀត​ទេ​។ ​គ្មាន​មូល​ហេតុ​ដែល​ត្រូវ​ធ្វើ​សង្គ្រាម​ត​ទៅ​ទៀត​ទេ​។

នៅ​ក្នុង​ស្ថាន​ភាព​ដែល​អាមេរិក​មិន​មាន​យុទ្ធ​សាស្ត្រ​ច្បាស់​លាស់​ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​ និង​នៅ​ពេល​តំបន់​មជ្ឈិម​បូព៌ា​អាច​នឹង​វិល​ទៅ​រក​សង្គ្រាម​ទ្រង់​ទ្រាយ​ធំ​​សា​ជា​ថ្មី ក្រុម​ប្រទេស​អន្តរ​ការី​កំពុង​ខិត​ខំ​សម្រប​សម្រួល​ការ​ចរ​ចា​គ្នា​។ លោក​រូប៊ីអូ​ថ្លែង​ថា​យើង​មិន​ទាន់​​រក​ឃើញ​ដំណោះ​ស្រាយ​នៅ​ឡើយ​ទេ​។ លោក​បញ្ជាក់​ថា​លោក​ត្រាំ​ចង់​បាន​ដំណោះ​ស្រាយ​ផ្នែក​ការ​ទូត​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ នយោ​បាយ​ការ​ទូត​ហាក់​ដូច​ជា​គ្មាន​ជោគ​ជ័យ​​ទាល់​តែ​សោះ​​ព្រោះ​ការ​ទាម​ទារ​របស់​អុីរ៉ង់​មិន​​ត្រឹម​តែ​មិន​អាច​ទទួល​យក​បាន​នោះ​ទេ​ ប៉ុន្តែ​ចំណុច​ខ្លះ​គួ​ឱ្យ​ខឹង​សម្បារ, ជា​ការ​មាក់​ងាយ​ និង​គ្មាន​ភាព​ប្រាកដ​និយម​ថែម​ទៀត​​៕ ប្រភព៖ AP