ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​សិស្ស បើក​គេច​ម៉ូតូ ក្រឡាប់​ធ្លាក់​ចូល​ស្រះ​ទឹក​នៅ​ស្រុក​ខ្សាច់កណ្តាល ​​ស្លាប់សិស្ស៥​នាក់ ​រង​របួស២១​នាក់​ទៀត

12 ម៉ោង មុន

ខេត្តកណ្តាល​ ៖ រថយន្ត​ឯកជន​ដឹក​សិស្សសាលា បួង​ចង្កូត​គេច​ម៉ូតូ​មួយ​ទំហឹង ជ្រុល​ធ្លាក់​ចូល​ស្រះ​ទឹក បណ្តាល​អោយ​ក្មេង​ស្រី៥​នាក់​បាត់បង់​ជីវិត និង ២១​នាក់ទៀត រង​របួសធ្ងន់​ស្រាល ។

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឱ្យ​រន្ធត់​នេះ​បាន​កើតឡើងនៅ​វេលា​ម៉ោង០៧និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨ (​ចន្លោះ​គីឡូម៉ែត្រ ២៨-២៩) ស្ថិត​ក្នុងភូមិ​អន្លង់ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

យោង​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច មុន​ពេល​កើតហេតុ មាន​រថយន្ត​ទេសចរណ៍​មួយ​គ្រឿង ម៉ាក MITSUBISHI ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A-5603 បើកបរ​ដោយ​ឈ្មោះ ម៉ែ​ន ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ (​មាន​អាសយដ្ឋាន​នៅ​ភូមិ​ស្នាយ​ពល ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង​) ដោយ​មាន​ដឹក​សិស្សសាលា​សរុប​ចំនួន ២៦​នាក់ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ បើក​បញ្ច្រាស់ទិស​ចរាចរណ៍ (​ពី​លិចទៅ​កើត​) ហើយ​បាន​បត់​ស្តាំ​ឆ្លងផ្លូវ​ទៅ​ទិស​ត្បូង ។ ​ពេល​នោះ អ្នកបើកបរ​រថយន្ត​បាន​បើក​គេច​ទៅ​ខាងស្តាំ​ដៃ រេ​ចេញពី​ទ្រូងផ្លូវ ហើយ​ក៏​ជ្រុល​ធ្លាក់​ចូល​ទៅ​ក្នុង​ស្រះ​ទឹក និង​លិច​រថយន្ត​តែ​ម្តង ។

ករណី​នេះ​បាន​បណ្តាល​ឱ្យ​សិស្សសាលា​ ដែល​ជិះ​ក្នុង​រថយន្ត (​ប្រុស ១២​នាក់ ស្រី ១៤​នាក់​) ទទួល​រងគ្រោះថ្នាក់​ដល់​បាត់បង់​ជីវិត ចំនួន ៥​នាក់ (​ភេទ​ស្រី​ទាំងអស់​) រួម​មានឈ្មោះ សីហា សួស្តី (១៤​ឆ្នាំ​), ស្រៀ​ង សុ​វ​ត្តី (១៤​ឆ្នាំ​), ឡេ​ង យូ​លី (១២​ឆ្នាំ​), លី ឆ័ង (១៣​ឆ្នាំ​) និង​ឈ្មោះ ឃាង ឈី​ង​ឈី​ង​។ រង​របួសស្រាល ចំនួន ២១​នាក់ (​ស្រី ៩​នាក់​) ​។

ភ្លាម​ៗ កម្លាំង​ជំនាញ​ចរាចរណ៍​ស្រុក សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​តា​មា​ក់ បាន​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ ដើម្បី​អន្តរាគមន៍​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ ពិនិត្យ វាស់វែង និង​ដកហូត​វត្ថុ​តាង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ។ ក្នុង​នោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត យក​មក​សួរនាំ និង​ធ្វើតេស្ត​ស្វែងរក​សារធាតុ​ញៀន និង​ជាតិ​អាល់កុល ដែល​ជា​លទ្ធផល​បង្ហាញ​ថា អវិជ្ជមាន លើ​សារធាតុ​ញៀន និង​គ្មាន​ជាតិ​អាល់កុល ។

ក្រោយ​កើតហេតុ អ្នកបើកបរ​ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល ដើម្បី​កសាង​សំណុំរឿង​បន្ត​តាម​នីតិវិធី​ច្បាប់ ៕​