សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សមួយចំនួនដើរហាត់ប្រាណរាល់ថ្ងៃប្រហែល ៣០ នាទី ប៉ុន្តែនៅតែមានអាការៈឈឺខ្នង អស់កម្លាំងត្រង់ជង្គង់ និងមានអារម្មណ៍ថាជើងធ្ងន់។ អ្នកជំនាញបានពន្យល់ថា ការដើរមានប្រយោជន៍ចំពោះសុខភាពឆ្អឹង និងសន្លាក់ ប៉ុន្តែការដើរឱ្យបានត្រឹមត្រូវ និងសមស្របនឹងស្ថានភាពរាងកាយ គឺសំខាន់ជាងការបង្ខំខ្លួនឯងឱ្យដើរបានច្រើន ឬលឿនជាងមុន។
ការដើរក្នុងកម្រិតសមស្របជួយឱ្យសាច់ដុំធ្វើចលនា ជំរុញចរន្តឈាមទៅកាន់សាច់ដុំ សរសៃពួរ និងសន្លាក់ ព្រមទាំងជួយឱ្យអារម្មណ៍ស្រស់ស្រាយ។ ប៉ុន្តែការដើរយូរពេក ឬប្រើកម្លាំងខ្លាំងមិនមែនតែងតែផ្តល់ផលល្អនោះទេ។ អ្នកមានជំងឺរលាកសន្លាក់ជង្គង់ ឈឺចង្កេះ ឬបញ្ហាឌីសឆ្អឹងខ្នង ប្រសិនបើបង្ខំខ្លួនឯងឱ្យដើរច្រើនម៉ោងជារៀងរាល់ថ្ងៃ អាចធ្វើឱ្យសន្លាក់ទទួលបន្ទុកលើសកម្រិត និងធ្វើឱ្យការឈឺចាប់កាន់តែធ្ងន់ធ្ងរ។
ចំពោះអ្នកមានអាការៈឈឺស្រាល និងសន្លាក់មិនទាន់ខូចខាតខ្លាំង អាចដើរយឺតៗពី ២០ ទៅ ៣០ នាទីក្នុងមួយថ្ងៃ និងបន្ថែមការលាតសន្ធឹងសាច់ដុំ។ អ្នកមានជំងឺរលាកសន្លាក់ជង្គង់ ឈឺខ្នងផ្នែកខាងក្រោម ឬមានបញ្ហាឌីសឆ្អឹងខ្នង គួរគ្រប់គ្រងកម្លាំងហាត់ប្រាណ និងចៀសវាងការដើរយូរ ឬដើរលើផ្លូវរឹង និងចំណោតខ្លាំង។ ចំណែកមនុស្សចាស់ដែលមានសាច់ដុំខ្សោយ គួរចាប់ផ្តើមពីចលនាយឺតៗ និងបង្កើនសកម្មភាពបន្តិចម្តងៗតាមសមត្ថភាពរាងកាយ។
ជាទូទៅ ការណែនាំអំពីសុខភាពបានណែនាំឱ្យមនុស្សពេញវ័យហាត់ប្រាណកម្រិតមធ្យមយ៉ាងហោចណាស់ ១៥០ នាទីក្នុងមួយសប្ដាហ៍។ អ្នកមានសុខភាពល្អអាចដើរប្រហែល ៣ គីឡូម៉ែត្រ ឬច្រើនជាងនេះក្នុងមួយថ្ងៃតាមសមត្ថភាព។ គួរចាប់ផ្តើមដើរក្នុងល្បឿនសមស្រប រួចបង្កើនល្បឿនបន្តិចម្តងៗ ហើយឈប់សម្រាកប្រសិនបើមានអាការៈអស់កម្លាំងខ្លាំង ឬដកដង្ហើមមិនទាន់។ ក្រៅពីនេះ គួរញ៉ាំអាហារមានតុល្យភាព រក្សាកម្ដៅរាងកាយ ជាពិសេសត្រង់ក ស្មា ចង្កេះ និងជង្គង់ ព្រមទាំងសម្រាកឱ្យបានគ្រប់គ្រាន់។
ជារួម អត្ថប្រយោជន៍នៃការដើរមិនអាស្រ័យលើចំនួនជំហាន ឬចម្ងាយដែលអាចដើរបាននោះទេ ប៉ុន្តែសំខាន់លើការដើរដែលសមស្របនឹងស្ថានភាពរាងកាយ។ បន្ទាប់ពីដើរ ប្រសិនបើរាងកាយមានអារម្មណ៍ស្រាល និងស្រួលខ្លួន គឺជាសញ្ញាល្អ ប៉ុន្តែបើការឈឺចាប់កាន់តែខ្លាំង គួរបន្ថយសកម្មភាព និងពិគ្រោះជាមួយគ្រូពេទ្យដើម្បីរៀបចំការហាត់ប្រាណឱ្យបានត្រឹមត្រូវ ជាពិសេសអ្នកមានជំងឺប្រចាំកាយ ឬធ្លាប់មានជំងឺសរសៃឈាមខួរក្បាល និងលើសសម្ពាធឈាម៕
ចែករំលែកព័តមាននេះ