ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាលក្រុងកំពង់ចាម រៀបចំសណ្តាប់ធ្នាប់ និងផ្អាកការលក់ដូរតាមចិញ្ចើមផ្លូវជុំវិញស្តាត ដើម្បីត្រៀមគម្រោងអភិវឌ្ឍន៍សួនច្បារ

1 អាទិត្យ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ដើម្បី​ឲ្យ​មាន​សោភ័ណ​ភាព​អាជ្ញាធរ​បានឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​លក់ដូរ​នៅ​លើ​ខឿន​​ចិញ្ចើមថ្នល់​ផ្នែក​ខាងត្បូង​ស្តា​ត​បាល់ទាត់ ស្ថិត​នៅ​ក្នុង​សង្កាត់​កំពង់ចាម ​ក្រុង​កំពង់ចាម ឱ្យ​ឈប់​លក់​និង​នាំ​គ្នា​ទៅ​រក​ទីតាំង​ថ្មី​ដែល​សមរម្យ ​។ ​ជាមួយ​នោះ​អាជ្ញាធរ​ក្រើនរំលឹក​អ្នក​លក់ដូរ​កុំ​ឲ្យ​យក​កាក​សំណល់​បាយ​សម្ល​ចាក់​ចូល​ក្នុង​លូ​ដែល​នាំ​ឲ្យ​មាន​ក្លិនស្អុយ​ចេញ​មក​ក្រៅ​ភាយ​ក្លិន​មក​លើ​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ​៧​ចាស់ ​ធ្វើ​ណា​នាំ​គ្នា​ជួយ​សម្អាត​បរិស្ថាន​ឲ្យ​បាន​ល្អ​។

លោក​ផ្លោ​ក ​សុវណ្ណ ចៅសង្កាត់​កំពង់ចាម​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ ​វិច្ឆិកា ​ឆ្នាំ២០២៦​ថា​ តាម​ការ​សង្កេត​ដោយ​ផ្ទាល់​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​នាំ​គ្នា​លក់ដូរ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ជាប់​ស្តា​ត​បាល់ទាត់​ជា​ច្រើន​ខែ​ឆ្នាំ​មក​ហើយ ​។ ​ដោយសារ​តែ​មានការ​អភិវឌ្ឍន៍​អាជ្ញាធរ​បាន​ជូនដំណឹង​ប្រាប់​ទៅ​ដល់​អ្នក​លក់ដូរ​ឱ្យ​នាំ​គ្នា​សែង​គ្រែ​លក់ដូ ទៅ​រក​ទីតាំង​ថ្មី​ជំនួស​ឃើញ​ថា​ ពួក​គាត់​ស្ដាប់​ការ​ណែនាំ​គឺ​ម្នាក់​ៗ​បាន​សម្រេចចិត្ត​ជួល​ទីតាំង​មុខ​ផ្ទះ​ពលរដ្ឋ​ដើម្បី​លក់ដូរ​បន្ត ក្រោយ​ពី​ពួក​គាត់​បាន​ចាកចេញ​អស់កម្លាំង​របស់​សង្កាត់​កំពង់ចាម​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​បោស​សម្អាត​​ធ្វើ​អនាម័យ​ប្រមូល​សំរាម​ព្រមទាំង​កម្ទេច​ថ្ម​ចេញ ។

លោក​ចៅសង្កាត់​កំពង់ចាម​បាន​បន្ត​ថា នៅ​ក្នុង​ឆ្នាំ​២០២៧ ខាង​មុខ​គឺ​មាន​ផែនការអភិវឌ្ឍន៍​ដោយ​ក្រាល​ថ្ម​ម៉ា​ប​នៅ​ជុំវិញ​បរិវេណ​សាលា​បឋម​សិក្សា​ឧត្តរ​ស្ថិត​នៅ​ភូមិ​ទី​១២ សង្កាត់​កំពង់ចាម ដើម្បី​ឱ្យ​មាន​សោ​ភ័ណភាព​ ។ ​ជាមួយ​នោះ​អាជ្ញាធរ​​នឹង​​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បងប្អូន​ដែល​លក់ដូរ​នៅ​ជាប់​របង​សាលា​ត្រូវ​តែ​នាំ​គ្នា​ចាកចេញ​ទៅ​រក​កន្លែង​ថ្មី បន្ទាប់​ពី​ក្រាល​ថ្ម​ម៉ា​ប​ហើយ​គឺ​មិន​អនុញ្ញាត​ឱ្យ​ពួក​គាត់​មក​លក់ដូរ​បន្ត​ទៀត​ឡើយ​។

ចំណែក​លោក​លី សុវណ្ណ អភិបាលក្រុង​កំពង់ចាម វិញ​បាន​ឲ្យ​ដឹង​ដែរ​ថា ក្រោយ​ពី​មានការ​ណែនាំ​ពី​សំណាក់​ឯកឧត្តម​អភិបាលខេត្ត​នៅ​ក្នុង​ឆ្នាំ​២០២៧ ខាង​មុខ​រដ្ឋបាល​ក្រុង​កំពង់ចាម​សហការ​ជាមួយ​មន្ទី​អប់រំ​យុវជន​និង​កីឡា​ខេត្ត​ គឺ​ធ្វើការ​ស្ថាបនា​សួនច្បារ​ដាក់​នៅ​ចំ​កណ្ដាល​ដី​ជាប់​របង​ស្តា​ត​ព្រមទាំង​ក្រាល​ថ្ម​ម៉ា​ប​នៅ​ជុំវិញ​បរិវេណ​ស្តា​ត​បាល់ទាត់​ក្រុង​កំពង់ចាម​ ដើម្បី​ឲ្យ​កាន់តែ​មាន​សោ​ភ័ណ​ភាព ​ហើយ​ងាយស្រួល​ដល់​ពលរដ្ឋ​មួយ​ចំនួន​នាំ​គ្នា​ដើរ​ហាត់ប្រាណ​មិន​ថា​ព្រឹក ​ឬ​ល្ងាច​នោះ​ឡើយ​ ៕