កាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៏ជូនប្រជាពលរដ្ឋនៅស្រុកកែវសីមា
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ ដើម្បីចូលរួមចំណែកសម្រាលទុក្ខលំបាក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទីទ័លក្រ ស្ត្រីទើបសម្រាលកូន និងស្ត្រីមានផ្ទៃពោះ ស្ត្រីក្នុងវ័យបន្តពូជ អ្នកផ្ទុកមេរោគអេដស៍ និងជនចាស់ជរាគ្មានទីពឹង នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា រួមដំណើរដោយ ឯកឧត្តម គង់ គឹមនី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ព្រមទាំងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ព្រមទាំងថវិកាមួយចំនួន ផ្តល់ជូនប្រជាពលរដ្ឋចំនួន ១៥០ គ្រួសារ ស្ថិតនៅមណ្ឌលសុខភាពអូរអាម រួមនិងផ្តល់ជូនដល់ចាស់ជរាចំនួនបីគ្រួសារដល់លំនៅឋានរបស់គាត់ ក្នុងឃុំស្រែខ្ទុម ស្រុកកែវសីមា ។
នាឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី និងឯកឧត្តម គង់ គឹមនី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខយ៉ាងជ្រាលជ្រៅ និងក្តីអាណិតអាសូរជាពន់ពេកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ គិតគូរខ្ពស់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ ស្របតាមបាវចនាមនុស្សធម៌ «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
ថ្នាក់ដឹកនាំក៏បានគូសបញ្ជាក់បន្ថែមថា សកម្មភាពមនុស្សធម៌នាពេលនេះ គឺជាការឆ្លើយតបយ៉ាងទាន់ពេលវេលា ដើម្បីជួយសម្រាលបន្ទុកជីវភាពចំពោះមុខ និងផ្តល់កម្លាំងចិត្តដល់គ្រួសារដែលមានជីវភាពខ្វះខាត និងស្ត្រីជាមាតា ឲ្យមានលទ្ធភាពកាន់តែប្រសើរក្នុងការថែរក្សាសុខភាព។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ពិសេសស្ត្រីមានផ្ទៃពោះ និងមាតាថែទាំទារក ឲ្យយកចិត្តទុកដាក់លើសុខភាព ពិនិត្យផ្ទៃពោះ និងសម្រាលកូននៅមណ្ឌលសុខភាព ដើម្បីធានាសុវត្ថិភាពទាំងម្តាយ និងកូន ។ អំណោយដែលបានចែកជូននាពេលនោះ រួមមានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងថវិកាមួយចំនួន ដើម្បីដោះស្រាយជីវភាពរបស់បងប្អូនបានមួយរយៈ៕





ចែករំលែកព័តមាននេះ