ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកបានបំបែកកំណត់ត្រាកំពស់ទឹកភ្លៀងថ្មី បន្ទាប់ពីភ្លៀងធ្លាក់ ពេញមួយថ្ងៃកាលពីថ្ងៃទី១៤ សីហា ដែលមានកំពស់៨អ៊ីញក្នុងទីក្រុង បណ្តាលឱ្យផ្លូវរថភ្លើងលិច។គិតត្រឹមវេលាម៉ោង៩ យប់ថ្ងៃទី១៤ សីហា កំពស់ទឹកនៅឯព្រលានយន្តហោះ Kennedy មានចំនួន៧,៧អ៊ីញ។
វាជាកំណត់ត្រាកំពស់ទឹកភ្លៀងថ្មី ក្រោយភ្លៀងធ្លាក់ពេញមួយថ្ងៃមិនដែលមានក្នុងរយៈពេល១១៦ឆ្នាំ នេះបើតាមការវាស់ស្ទង់របស់ការិយាល័យធាតុអាកាសជាតិ។ ភ្លៀងត្រូពិកដ៏ខ្លាំងនោះ នឹងបន្តដល់ថ្ងៃចន្ទទី១៥ សីហា ជាបន្តទៀត។ កម្ពស់ទឹកភ្លៀងជាមធ្យម ក្នុងខែសីហា នាទីក្រុងញូវយ៉ក៤អ៊ីញ។
លោក Steve Wistar មន្ត្រីឧតុនិយមជាន់ខ្ពស់របស់ Accu Weather និយាយថា ភ្លៀងធ្លាក់ខ្លាំងបែបនេះវាអាចនឹងមានខ្យល់ព្យុះដ៏ធំមួយ។ កំណត់ត្រាចាស់កាលពីថ្ងៃទី៣០ មិថុនា ឆ្នាំ១៩៨៤ កំពស់ទឹកភ្លៀងនៅព្រលានយន្តហោះKennedy មានកំពស់៦,៣អ៊ីញ តែវាក៏ស្រក់វិញនៅពេលថ្ងៃ។
ភ្លៀងធ្លាក់ខ្លាំងនោះបណ្តាលឱ្យកាត់ផ្តាច់ថាមពលអគ្គីសនី និងរាំងស្ទះដល់ការដឹកជញ្ជូន មានរថយន្តមួយចំនួនលិចក្នុងទឹក ហើយមានរថភ្លើងមួយចំនួនត្រូវផ្អាកការចេញដំណើរដោយសារតែផ្លូវរថភ្លើងមួយចំនួននោះត្រូវជន់លិច៕
ចែករំលែកព័តមាននេះ