សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកដែលតែងតែគេងមិនលក់ ឬភ្ញាក់កណ្ដាលយប់ អាចសាកល្បងបន្ថែមផ្លែគីវីក្នុងរបបអាហារពេលល្ងាច។ អ្នកជំនាញបានលើកឡើងថា ការញ៉ាំផ្លែគីវីមុនចូលគេងជាប្រចាំ អាចជួយគាំទ្រដល់ការគេង និងធ្វើឱ្យគុណភាពនៃការគេងប្រសើរឡើង។ ការសិក្សាមួយចំនួនបានរកឃើញថា ការញ៉ាំផ្លែគីវីមុនចូលគេងជាបន្តបន្ទាប់ក្នុងរយៈពេលប្រហែលមួយខែ អាចជួយបង្កើនគុណភាព និងរយៈពេលនៃការគេង។
មូលហេតុដែលផ្លែគីវីអាចមានអត្ថប្រយោជន៍ចំពោះការគេង គឺដោយសារវាមានសារធាតុសេរ៉ូតូនីន សារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីនមួយចំនួន ដូចជា ហ្វូលាត និងវីតាមីនក្រុម B។ សារធាតុចិញ្ចឹមទាំងនេះអាចជួយគាំទ្រដល់ការគេង និងការរៀបចំវដ្តនៃការគេងរបស់រាងកាយ។ ទោះជាយ៉ាងណា ផ្លែគីវីមិនមែនជាឱសថព្យាបាលបញ្ហាគេងមិនលក់នោះទេ ហើយលទ្ធផលអាចខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
ក្រៅពីការញ៉ាំផ្លែគីវី អ្នកជំនាញក៏ណែនាំឱ្យជៀសវាងភេសជ្ជៈមានជាតិកាហ្វេអ៊ីននៅពេលរសៀល និងពេលល្ងាច ព្រោះសារធាតុនេះអាចបន្តមានឥទ្ធិពលក្នុងរាងកាយរហូតដល់ប្រហែល ១០ ម៉ោង។ ចំណែកការហាត់ប្រាណខ្លាំងៗនៅជិតម៉ោងចូលគេង ក៏អាចរំខានដល់ចង្វាក់នៃការគេងផងដែរ។ ការសិក្សាមួយបានរកឃើញថា ការហាត់ប្រាណខ្លាំងមុនចូលគេងអាចធ្វើឱ្យរយៈពេលនៃដំណាក់កាលគេង REM ដែលជាដំណាក់កាលពាក់ព័ន្ធនឹងការចងចាំ និងការបង្កើតសុបិន ថយចុះប្រហែល ១០,៥%។ ដូច្នេះ គួររៀបចំពេលហាត់ប្រាណឱ្យបានឆ្ងាយពីម៉ោងចូលគេង ជាពិសេសការហាត់ប្រាណដែលប្រើកម្លាំងខ្លាំង។
តាមការណែនាំរបស់សេវាសុខភាពជាតិអង់គ្លេស មនុស្សពេញវ័យដែលមានសុខភាពល្អភាគច្រើនត្រូវការគេងប្រហែល ៧ ទៅ ៩ ម៉ោងក្នុងមួយយប់។ សញ្ញាដែលអាចបង្ហាញថាគេងមិនគ្រប់គ្រាន់រួមមាន ពិបាកក្រោកពីគេង អស់កម្លាំង ឆាប់ខឹង ងងុយគេងពេលថ្ងៃ និងពិបាកផ្តោតអារម្មណ៍។ បញ្ហាគេងមិនលក់ក៏អាចបង្ហាញតាមរយៈការគេងមិនលក់សោះ ភ្ញាក់ញឹកញាប់កណ្ដាលយប់ ឬភ្ញាក់ពីព្រលឹមហើយគេងមិនលក់វិញ។
ដើម្បីគេងបានល្អប្រសើរ គួររក្សាពេលចូលគេង និងក្រោកពីគេងឱ្យបានទៀងទាត់ បង្កើតបរិយាកាសបន្ទប់គេងឱ្យមានផាសុកភាព ជៀសវាងកាហ្វេនៅពេលល្ងាច និងទុកទូរសព្ទចោលមុនចូលគេង។ ការកែប្រែទម្លាប់តូចៗទាំងនេះ រួមជាមួយការញ៉ាំអាហារដែលមានតុល្យភាព អាចជួយគាំទ្រដល់គុណភាពនៃការគេង។ ប្រសិនបើបញ្ហាគេងមិនលក់កើតឡើងញឹកញាប់ និងប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ គួរពិគ្រោះជាមួយគ្រូពេទ្យ៕
ចែករំលែកព័តមាននេះ