ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមបន្ត​ប្រុងប្រយ័ត្ន​! ព្យុះ​ថ្មីទី​៣២ «​សេ​ម​ប៉ា​ការ» ធ្វើ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បានឱ្យ​ដឹង​ថា ​កម្ពុជា​បាន​រង​ឥទ្ធិពល​ព្យុះ​ទី​៣២ «​សេ​ម​ប៉ា​កា» ធ្វើ​ឱ្យ​មាន​អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​ចាប់ពី​ថ្ងៃ​ទី​៧​ ដល់​១៥ វិច្ឆិកា ឆ្នាំ​២០២៦ ​។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ព្យុះ​ទី​៣២ ឈ្មោះ​សេ​ម​ប៉ា​កា​របស់​ក្រសួង​ធន​ធានទឹក​បានឱ្យ​ដឹង​ថា សម្ពាធ​ទាប​ដែល​កើត​មាននៅ​លើ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច​បាន​វិ​វត្ត​ទៅ​ជា​ព្យុះ​ទី​៣២ ឈ្មោះ សេ​ម​ប៉ា​កា (Cempaka)T2632 ហើយ​មាន​ឥទ្ធិពល​លើ​របប​ខ្យល់មូសុង​ឦសាន ​ដែល​បក់​លើ​ឈូង​សមុទ្រ​បេង​ហ្គា​ល សមុទ្រអាន់​ដា​ម៉ា​ន់ សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេមេគង្គ សមុទ្រ​កម្ពុជា និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា​។ ព្រះរាជាណាចក្រ​កម្ពុជា​ពុំ​ស្ថិត​នៅ​ក្នុង​គន្លង​ផ្លូវ​ដើរ​របស់​ព្យុះ​សេ​ម​ប៉ា​កា​នេះ​ទេ ​។

ក្រសួង​ថា​ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​តំបន់​វាលទំនាប​៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយ​រៀង និង​រាជធានី​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​គ្រប ដណ្តប់​លើ​ផ្ទៃដី​២០%​។

ចំណែក​នៅ តំបន់​ខ្ពង់រាប​៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ក្រចេះ ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី ជួរ​ភ្នំ​ដងរែក និង​តំបន់​ជួរ​ភ្នំក្រវាញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​គ្របដណ្តប់​លើ​ផ្ទៃដី​១៥%​ ។

ដោយឡែក ​នៅ​តំបន់​មាត់សមុទ្រ​៖ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​គ្របដណ្តប់​លើ​ផ្ទៃដី​៤០%​។ រលក​សមុទ្រ​បោកបក់​ខ្លាំង​ដែល​មាន​កម្ពស់​មធ្យម​អប្បបរមា ០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា​១,៧៥​ម៉ែត្រ​។

យោង​លើ​ការ​ព្យាករ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​មេត្តា​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ភ្លៀង ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ជា​ពិសេស​បងប្អូន​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវគោក​និង​ផ្លូវទឹក​។ ក្រសួង​ធនធានទឹក និង​ឧតុនិយម នឹង​បន្ត​ធ្វើការ​តាមដាន និង​វិភាគ​អំពី​ស្ថានភាព​ធាតុអាកាស​ ដើម្បី​ជម្រាប​ជូន​ជា​បន្តបន្ទាប់​ក្នុង​ករណី​មានការ​ប្រែប្រួល​៕