លួចកាត់ខ្សែរភ្លើងក្នុងចម្ការដូង ម្ចាស់ទាន់ ប្តឹងឱ្យនគរបាលស្រុកបសេដ្ឋឃាត់ខ្លួន
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកបសេដ្ឋ ធ្វើការឃាត់ខ្លួនតាមបណ្ដឹងរបស់ម្ចាស់ចម្ការ ខណៈដែលជនសង្ស័យបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងបានសម្រេច ហើយម្ចាស់ឃើញទាន់ស្រែកផ្អើលឆោឡោ ។ ការឃាត់ខ្លួនជនសង្ស័យលួចកាត់ខ្សែភ្លើងរបស់ប្រជាពលរដ្ឋបានធ្វើឡើង កាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចក្នុងចំការដូង ស្ថិតក្នុងភូមិក្រសាំងតាគង់ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

នគរបាលស្រុកបសេដ្ឋបាននិយាយឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន ឈ្មោះ ចាន់ រ៉ាម៉េត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន ស្នាក់នៅភូមិម្កាក់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកបសេដ្ឋបាននិយាយបន្តទៀតថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យ គឺនគរបាលបានទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋថា មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់ជិះម៉ូតូម៉ាកអ៊ិចសិនឌ័រ ពណ៌ស-ក្រហម ពាក់ផ្លាកលេខកំពង់ស្ពឺ 1B- 3738 បានធ្វើសកម្មភាពចូលក្នុងរបងចម្ការរបស់ជនរងគ្រោះឈ្មោះ ឃុន សុផល ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ ខណៈពេលជនសង្ស័យកំពុងធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងដាច់ប្រវែងប្រហែល១០០ម៉ែត្រ ស្របពេលជនរងគ្រោះឈ្មោះ (ឃុន សុផល) ដើរមកចម្ការឃើញបានរាយការណ៍មកសមត្ថកិច្ចតែម្តង ។

នគរបាលស្រុកបសេដ្ឋបានបន្តឲ្យដឹងទៀតថា ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ(ឃុន សុផល) កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំនិទាន បានចេញធ្វើការល្បាត ក៏ដេញស្ទាក់ឃាត់ជនសង្ស័យបានតែម្តង រួមជាមួយវត្ថុតាងដកហូតរួមមាន៖
១-ម៉ូតូ១គ្រឿងម៉ាកអ៊ិចសិនឌ័រ ពណ៌ស លាយក្រហមពាក់ផ្លាកលេខ កំពង់ស្ពឺ1B-3738
២- កន្ត្រៃកាត់ខ្សែភ្លើងចំនួន១ដើម
៣- ដែកកាប់ចំនួន២ដើម
៤- កន្ត្រៃចំនួន១ដើម
៥- ស្រោមដៃចំនួន១គូរ
៦- ការ៉ុងចំនួន២ផងដែរ។
នគរបាលស្រុកបសេដ្ឋបានបញ្ជាក់ដឹងថា សម្ភារខ្សែភ្លើងបានប្រគល់ឲ្យម្ចាស់វិញហើយ ។ ក្រោយឃាត់ខ្លួនជនសង្ស័យ រួមជាមួយនឹងវត្ថុតាងនគរបាលបានកសាងសំណុំរឿងបញ្ជូនទៅសំណង់ការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

ចែករំលែកព័តមាននេះ