ធ្លាប់លួចបានសម្រេចច្រើនដង ញ៉ាមមកលួចក្នុងសាលាបឋមសិក្សាត្រែងត្រយឹងចាស់ម្តងទៀត នគរបាលក្របួចជាប់
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់តែងតែធ្វើសកម្មភាពលួចសម្ភារសម្រេចបានច្រើនដង ញ៉ាមមកធ្វើសកម្មភាពលួចសម្ភារនៅក្នុងសាលាបឋមសិក្សាត្រែងត្រយឹងចាស់ម្តងទៀត ក៏ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រួចឃាត់ខ្លួន ។

ការឃាត់ខ្លួនជនសង្ស័យ ជាមុខសញ្ញាលួចយ៉ាងសកម្ម ធ្វើឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចក្នុងសាលាបឋមសិក្សាត្រែងត្រយឹងចាស់ ស្ថិតក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកភ្នំស្រួចបាននិយាយឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ពាង សៀងហូ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិទី២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកភ្នំស្រួចបានបន្តទៀតថា នៅមុនពេលឃាត់ខ្លួន ជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្ម គឺកម្លាំងនគរបាលស្រុកធ្វើការល្បាតតាមមូលដ្ឋាន និងតំបន់ងាយរងគ្រោះពេលធ្វើការល្បាត ក៏ប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពលួចគាស់សំណាញ់ដែកនៅចំណុចសាលាបឋមសិក្សាត្រែងត្រយឹងចាស់ (ទុកចោល) ស្ថិតនៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក៏ឃាត់ខ្លួន ក្រោយការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនបានធ្វើសកម្មភាពលួចសម្ភារចំនួន៣លើក ។
នគរបាលស្រុកភ្នំស្រួចបានបញ្ជាក់ថា តាមចម្លើយសារភាពរបស់ជនសង្ស័យថា៖
-លើកទី១ នៅដើមខែវិច្ឆិកា ឆ្នាំ២០២៦ បានធ្វើសកម្មភាពលួចគាស់សំណាញ់ដែកនៅចំណុចសាលាខាងលើ យកទៅលក់ឱ្យកន្លែងទិញអេតចាយមួយកន្លែងម្ចាស់ឈ្មោះ ថៃ ឡយ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច លក់បានតម្លៃ១៥,០០០រៀល (មួយម៉ឺនប្រាំពាន់រៀល)
-លើកទី២ អំឡុងខែសីហា ឆ្នាំ២០២៦ បានលួចដែកថ្នាំងអំពៅរបស់ក្រុមហ៊ុនធ្វើផ្លូវ នៅចំណុចផ្លូវលេខ៤៦ ស្ថិតនៅភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង យកទៅលក់ឱ្យអ្នកទិញអេតចាយខាងលើបានតម្លៃចំនួន១៣,០០០រៀល (មួយម៉ឺនបីពាន់រៀល) ។

និងលើកទី៣ អំឡុងខែកក្កដា ឆ្នាំ២០២៦ លួចទ្វាដែកបន្ទប់ជួលស្ថិតនៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច យកទៅលក់បានលុយចំនួន៨,០០០រៀល (ប្រាំបីពាន់រៀល)។ ចំពោះទីតាំងអេតចាយដែលទទួលផលចោរកម្ម (កន្លែងទិញសម្ភារនោះ) សមត្ថកិច្ចមិនទាន់បានបញ្ជាក់ថា ឃាត់ខ្លួនបានឬនៅនោះទេ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាននគរបាលស្រុកភ្នំស្រួចកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕


ចែករំលែកព័តមាននេះ